រដ្ឋមន្ត្រីទេសចរណ៍ អំពាវនាវឱ្យរាជធានីភ្នំពេញ គ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ចូលរួមរៀបចំការងារដើម្បីត្រៀមស្វាគមន៍ស៊ីហ្គេម ឆ្នាំ២០២៣ និងព្រឹត្តិការណ៍អន្តរជាតិធំៗ
រដ្ឋមន្ត្រីទេសចរណ៍ អំពាវនាវឱ្យរាជធានីភ្នំពេញ គ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ចូលរួមរៀបចំការងារដើម្បីត្រៀមស្វាគមន៍ស៊ីហ្គេម ឆ្នាំ២០២៣ និងព្រឹត្តិការណ៍អន្តរជាតិធំៗ
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានលើកឡើងថា ចាប់ពីឆ្នាំ២០២០ តទៅ រាជធានីភ្នំពេញ នឹងទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូល និងព្រឹត្តិការណ៍អន្តរជាតិធំៗជាបន្តបន្ទាប់ ប៉ុន្តែដើម្បីត្រៀមខ្លួនស្វាគមន៍ព្រឹត្តិការណ៍អន្តរជាតិទាំងនោះ និងដើម្បីលើកស្ទួយមុខមាត់ប្រទេសកម្ពុជាទាំងមូល យើងទាំងអស់គ្នាត្រូវតែចូលរួមអោយបានខ្លាំងក្លាជាមួយរាជធានីភ្នំពេញ។
ការដាក់អនុសាសន៍យ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញថ្មី នារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ។
នៅចំពោះមុខឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ កងកម្លាំងសមត្ថកិច្ច និងមន្ត្រីរាជការជាច្រើនរូប ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា រាជធានីភ្នំពេញយើងបច្ចុប្បន្នមានសន្ទុះរីកចំរើនយ៉ាងឆាប់រហ័ស សាធារណមតិជាតិ អន្តរជាតិ មានការកោតសរសើរយ៉ាងខ្លាំង ចំនួនទេសចរអន្តរជាតិក៏មានការកើនឡើងច្រើនក្នុង៦ខែដើមឆ្នាំនេះ និងមានផលិតផលទេសចរណ៍ប្លែកៗ សណ្ឋាគារ ភោជនីយដ្ឋានប្រណិតៗលំដាប់អន្តរជាតិជាច្រើន ប៉ុន្តែយើងក៏នៅជួបប្រទះបញ្ហាប្រឈមសំខាន់ៗមួយចំនួន៖
* ការកកស្ទះចរាចរណ៍នៅស្ទើរគ្រប់ដងផ្លូវសំខាន់ៗ ដែលត្រូវតែដោះស្រាយជាប្រញាប់ ពិសេសត្រូវរំដោះចិញ្ចើមផ្លូវដើម្បីអោយទេសចរដើរកំសាន្ត ទិញទំនិញ។ មិនទាន់មានផ្លូវពិសេសសំរាប់រថយន្តក្រុង តាក់សុី និងការខ្វះចំណតសាធារណៈ សម្រាប់យានយន្ត និងការរៀបចំសណ្តាប់ធ្នាប់យានយន្តឈប់សំចតតាមដងផ្លូវ ។ល។
* បញ្ហាអនាម័យ សំរាម នៅតាមទីផ្សារ រោងចក្រសហគ្រាស និងទីប្រជុំជន និងទីសាធារណៈ ក៏នៅមានបញ្ហា ទោះបីកន្លងមក សាលារាជធានីក៏បានប្រឹងប្រែងយ៉ាងខ្លាំងហើយក៏ដោយ។ ចំពោះបញ្ហានេះឯកឧត្តមរដ្ឋមន្ត្រីបានសំដែងការរីករាយ និងគាំទ្រយ៉ាងខ្លាំងចំពោះប្រសាសន៏ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាករដ្ឋមន្ត្រីក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រីកាលពីសប្តាហ៏មុន ដល់សមត្ឋកិច្ចពា់ក់ព័ន្ធ និងសាលារាជធានី ត្រូវគិតគូរអំពីការរៀបចំអោយមានរោងចក្រដុតសំរាមយកអគ្គិសនី ដើម្បីបានជាប្រយោជន៍ជួយដល់ការសំអាតទីក្រុងដ៏មានប្រសិទ្ធភាពផង។
ក្រៅពីនោះក៏នៅមានបញ្ហាជាច្រើនទៀត ដូចជា៖
*មិនទាន់មានកំពង់ផែទេសចរណ៍អោយបានសមរម្យ សក្តិសមជាទីក្រុងទេសចរណ៍នៃរាជធានីរបស់ប្រទេសជាតិមួយ ដែលមានទីតាំងដ៏ល្អឯក តាមដងទន្លេមេគង្គ និងមិនទាន់មានកាណូតទេសចរណ៍ធំៗតាមដងទន្លេកំរិតស្តង់ដារអន្តរជាតិ។
*ការខ្វះបញ្ជរពត៌មានទេសចរណ៍ កង្វះបង្គន់អនាម័យសាធារណៈនៅតាមទីកន្លែងសំខាន់ៗ
* បញ្ហាគ្រឿងញៀននៅតាមក្លិបកម្សាន្ត ដែលបញ្ហានេះឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញចេតនាចង់អោយសាលារាជធានី និងទីក្រុងធំៗមួយចំនួន ពិចារណាក្នុងការរៀបចំដាក់មណ្តលកំសាន្ត ក្លឹបរាត្រី ខារាអូខេ ។ល។ អោយទៅនៅតំបន់ប្រមូលផ្តុំមួយដាច់ដោយឡែក។
* រីឯការគ្រប់គ្រងមូលដ្ឋានអាជីវកម្មទេសចរណ៍វិញ ក៏នៅមានបញ្ហា ដោយមូលដ្ឋានអាជីវកម្មទេសចរណ៍ប្រមាណ ៤០% ( ប្រមាណជាង ១០០០កន្លែង) ពុំទាន់មានអាជ្ញាបណ្ណទេសចរណ៍ និងហួសសុពលភាពអាជ្ញាបណ្ណ។ ស្លាកយីហោមូលដ្ឋានអាជីវកម្មទេសចរណ៍ខ្លះ សរសេរមិនត្រឹមត្រូវតាមការណែនាំរបស់ក្រសួង។
* ខណ្ណខ្លះមិនទាន់មានមន្រ្តីប្រចាំការនៅការិយាល័យទេសចរណ៍។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងបន្ថែមទៀត ខណ្ឌទាំង ១៤ ត្រូវខិតខំប្រលងប្រណាំងអោយបានទទួលជ័យលាភី រំដួល ៣ទង ទាំងអស់។
ឆ្លើយតបនឹងបញ្ហានេះ អ្នកពាក់ព័ន្ធទាំងអស់ក្នុងរូបមន្ត 4P (វិស័យសាធារណៈ ឯកជន ប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍន៍) ត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវអនុវត្តកិច្ចការឲ្យមានប្រសិទ្ធភាព តម្លាភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធ្វើឲ្យរាជធានីភ្នំពេញ ជាទីគោលដៅទេសចរណ៍ ស្អាតនិង បែតង ព្រោះភាពស្អាតនិងបែតង គឺទាក់ទាញ ទេសចរណាស់។ ព្រមជាមួយនោះ ទីក្រងភ្នំពេញគឺត្រូវជាគោលដៅទេសចរណ៍ដែលមានសុខសុវត្ថិភាព សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានល្អ មានបង្គន់សាធារណៈស្អាត ក្រអូប និងជាគោលដៅទេសចរណ៍ដែលគ្រប់សេវាកម្មទេសចរណ៍ ត្រូវមានគុណភាព និងបដិសណ្ឋារកិច្ចល្អ សក្តិសមជាទីកន្លែងដែលត្រូវរៀបចំម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលៗ និងព្រឹត្តិការណ៍អន្តរជាតិធំៗ។
ឯកឧត្តម ថោង ខុន បានបង្ហើបឱ្យដឹងថា នៅឆ្នាំ២០២០ រាជធានីភ្នំពេញនឹងទទួលរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប នៅឆ្នាំ២០២១ កិច្ចប្រជុំវេទិកាទេសចរណ៍អាស៊ាន ATF នៅឆ្នាំ២០២២ កិច្ចប្រជុំកំពូលអាស៊ាន ពិសេសនៅឆ្នាំ២០២៣ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA GAMES) លើកទី៣២ ទៀតផង៕