រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី ប្តេជ្ញាស្តារវិស័យទេសចរណ៍ក្នុងតំបន់របស់ខ្លួនឡើងវិញ ដោយតម្កល់សុវត្ថិភាព និងសុខមាលភាពរបស់ទេសចរជាចម្បង
(ភ្នំពេញ)៖ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការធ្លាក់ចុះទេសចរអន្តរជាតិ ដែលបានធ្វើប៉ះពាល់ដល់ការងាររាប់លាននាក់ ពិសេសក្នុងវិស័យទេសចរណ៍ ដូច្នេះហើយបានជារដ្ឋមន្ត្រី ទេសចរណ៍អាស៊ានបូកបីទាំងនេះ បានឯកភាពប្តេជ្ញាស្តារវិស័យទេសចរណ៍ក្នុងតំបន់របស់ខ្លួនឡើងវិញ ដោយតម្កល់សុវត្ថិភាព និងសុខមាលភាពរបស់ទេសចរជាចម្បង។
ការប្ដេជ្ញាចិត្តនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) លើកទី២០ ដែលរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូខនហ្វើរិន នៅសណ្ឋាគារសូហ្វីតែលភូគីត្រា ដឹកនាំដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងសហប្រធានលោក ស៊ូ ចាង (Xu Zhang) អនុរដ្ឋមន្ត្រីវប្បធម៌ និងទេសចរណ៍ចិន។
កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ចិន ជប៉ុន និងកូរ៉េខាងត្បូង អគ្គលេខាធិការអាស៊ាន លេខាធិការដ្ឋានអាស៊ាន មជ្ឈមណ្ឌលអាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា សមាគមសណ្ឋាគារកម្ពុជា សមាគមធ្វើដំណើរកម្ពុជា និងសហព័ន្ធទេសចរណ៍កម្ពុជា សរុបប្រមាណ ២០០ នាក់។
ឯកឧត្តម ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា «រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការធ្លាក់ចុះទេសចរអន្តរជាតិ ៨១.៥% នៅឆ្នាំ២០២០ ដែលបានធ្វើប៉ះពាល់ដល់ការងាររាប់លាននាក់ ដោយសារការបិទអាជីវកម្ម និងការរឹតបន្តឹងការធ្វើដំណើរជាដើម»។
ឯកឧត្តមបានបន្តថា នៅចំពោះមុខស្ថានភាពដ៏លំបាកនេះ រដ្ឋមន្រ្តីទេសចរណ៍អាស៊ានបូកបីបានស្វាគមន៍ដល់ការចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) ឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីពិនិត្យលើលទ្ធភាពជំរុញទេសចរណ៍ក្នុងប្រទេសអាស៊ានបូកបី ដោយតម្កល់សុវត្ថិភាព និងសុខមាលភាពរបស់ទេសចរជាចម្បង។
កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី បានវាយតម្លៃផងដែរលើលទ្ធផលការងារនៃការអនុវត្តផែនការសកម្មភាពសហប្រតិបត្តិការទេសចរណ៍អាស៊ានបូកបី ២០១៨-២០២០ និងអនុម័តផែនការសកម្មភាពសហប្រតិបត្តិការទេសចរណ៍អាស៊ានបូកបី ២០២១-២០២៥ ដែលផ្តោតលើចំណុចសំខាន់ចំនួន ២ រួមមានការស្តារវិស័យទេសចរណ៍ប្រទេសអាស៊ានបូកបីឡើងវិញ និងពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរឡើង សំដៅដល់ការអភិវឌ្ឍទេសចរណ៍អាស៊ានបូកបីប្រកបដោយចីរភាព ការទទួលខុសត្រូវ និងមានភាពធន់កាន់តែប្រសើរឡើង៕