រដ្ឋមន្ត្រីទេសចរណ៍៖ កម្ពុជាកំពុងពង្រីកវិសាលភាពតំបន់ទេសចរណ៍គ្មានផ្សែងបារីឲ្យកាន់តែធំទូលាយ
រដ្ឋមន្ត្រីទេសចរណ៍៖ កម្ពុជាកំពុងពង្រីកវិសាលភាពតំបន់ទេសចរណ៍គ្មានផ្សែងបារីឲ្យកាន់តែធំទូលាយ
(សៀមរាប)៖ ក្នុងពិធីបើកកិច្ចប្រជុំថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៧ ស្តីពីទីក្រុងគ្មានផ្សែងបារីធ្វើឲ្យទេសចរណ៍កាន់តែល្អប្រសើរ និងអភិរក្សបេតិកភណ្ឌយើង នៅសណ្ឋាគារអប្សរាផាលែស ខេត្តសៀមរាប នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំពង្រីកវិសាលភាពតំបន់ទេសចរណ៍គ្មានផ្សែងបារីឱ្យកាន់តែធំទូលាយ សំដៅរួមចំណែកធ្វើឱ្យបរិស្ថានមានភាពស្រស់បំព្រម គួរជាទីរមនាដល់ភ្ញៀវទេសចរគ្រប់គ្នា។
កិច្ចប្រជុំថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកនេះក៏មានការចូលរួមពីលោក អ៊ុង ភិរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកនៅកម្ពុជា លោកវេជ្ជបណ្ឌិត Prakit Vathesatogkit អនុប្រធានក្រុមប្រឹក្សាសម្ពន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ លោកវេជ្ជបណ្ឌិត Ulysses Dorotheo នាយកប្រតិបត្តិសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ ព្រមទាំងអ្នកពាក់ព័ន្ធមកពីបណ្ដាប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិកជាច្រើននាក់ទៀត។
ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្ត្រី ថោង ខុន បានជំរុញឱ្យក្រសួង-ស្ថាប័ន និងអ្នកពាក់ព័ន្ធទាំងឡាយ ពិសេសរដ្ឋបាលខេត្តសៀមរាប ត្រូវខិតខំប្រែក្លាយមណ្ឌលកម្សាន្ត «Pub Street» នៅក្រុងសៀមរាប ទៅជាតំបន់ទេសចរណ៍គ្មានផ្សែងបារី និងមានបរិស្ថានស្អាត។
លោករដ្ឋមន្ត្រីបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យទេសចរណ៍ជា «មាសបៃតង» ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ព្រមទាំងការពារបរិស្ថាន និងអភិរក្សវប្បធម៌ ប្រពៃណី ប្រាង្គប្រាសាទនានា ដែលជាសម្បត្តិបេតិកភណ្ឌមិនអាចកាត់ថ្លៃបាន។
លោកថា បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ គឺជាគោលការណ៍មួយដែលក្រសួងទេសចរណ៍បានប្រកាន់ខ្ជាប់ ដើម្បីចូលរួមលើកកម្ពស់ក្នុងការទប់ស្កាត់ផលប៉ះពាល់សុខភាព និងបរិស្ថានដែលកើតឡើងពីផលិតផលថ្នាំជក់។ ជាក់ស្តែងរាជរដ្ឋាភិបាលបានបង្កើតក្រុមការងារបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ ដើម្បីធ្វើការងារដោយផ្ទាល់ជាមួយផ្នែកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ក្នុងន័យធានាឲ្យបានថា «កម្ពុជាកំពុងអភិវឌ្ឍន៍វិស័យទេសចរណ៍មួយដែលគ្មានផ្សែងបារី សក្តិសមជាមាសបៃតង ដែលបានចូលរួមកសាងសេដ្ឋកិច្ចបៃតង និងសហគមន៍បៃតង»។
លោករដ្ឋមន្ត្រី ថោង ខុន បន្ថែមទៀតថា ដើម្បីជំរុញគាំទ្រឲ្យទីក្រុងគ្មានផ្សែងបារី រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ នៅឆ្នាំ២០១៥ ព្រមទាំងអនុក្រឹត្យ ប្រកាស សារាចរ និងសេចក្តីណែនាំនានា ក្នុងការជំរុញឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសមួយដែលគ្មានផ្សែងបារី ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
រដ្ឋមន្ត្រីទេសចរណ៍រូបនេះបានបន្តទៀតថា ការបង្កើតទីក្រុងទេសចរណ៍គ្មានផ្សែងបារី ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍បៃតង នៅតាមសហគមន៍ទេសចរណ៍ តាមតំបន់ប្រាង្គប្រាសាទ និងតំបន់អេកូទេសចរណ៍ធម្មជាតិនានា។
លោកបានជំរុញឱ្យការពង្រីកវិសាលភាពនេះ បានទៅដល់សហគមន៍ទេសចរណ៍បន្ថែមទៀត ពីព្រោះការរៀបចំសហគមន៍ទេសចរណ៍គ្មានផ្សែងបារី គឺពិតជាបានចូលរួមចំណែកលើកកម្ពស់ និងធ្វើឲ្យវិស័យទេសចរណ៍កាន់តែល្អប្រសើរ ប៉ុន្តែយើងគួរយកចិត្តទុកដាក់ពង្រីកដែនកំណត់នៃបរិស្ថានគ្មានផ្សែងបារីឲ្យមានវិសាលភាពធំទូលាយ ដូចជានៅតាមទីសាធារណៈនៅតាមកន្លែងធ្វើការ នៅតាមវត្តអារាម និងនៅតាមកន្លែងផ្សេងៗទៀត ដើម្បីប្រែក្លាយទីក្រុងយើងទាំងមូលជាទីក្រុងដែលគ្មានផ្សែងបារី៕