រដ្ឋមន្ត្រីទេសចរណ៍ និងអភិបាលខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីក្រុងពាលីមុនបុណ្យទន្លេ និងដង្ហែក្បួនដល់ផ្ទៃទន្លេតែម្ដង
(កំពង់ឆ្នាំង)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវ ដោក សទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញប្រារព្ធពិធីក្រុងពាលីសុំសេចក្ដីសុខចម្រើនក្នុងពេលប្រារព្ធពីធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង។
អ្វីដែលពិសេសនោះ ឯកឧត្តម ថោង ខុន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ក្នុងពិធីក្រុងពាលី បានដង្ហែកន្ទោងថ្វាយបារមីព្រះម៉ែគង្គា អមដោយភ្លេងឆៃយ៉ាំយកទៅបណ្ដែតដល់ទឹកទន្លេ នៃក្រុងកំពង់ឆ្នាំងតែម្ដង ខណៈកំពុងដង្ហែក្បួនពិធីខាងលើ ប្រជាជនជាច្រើនបានចេញមកអបអរសាទរនៅអមដងផ្លូវយ៉ាងច្រើនកុះករ ដែលម្នាក់ៗពោរពេញទៅដោយស្នាមញញឹមគ្រប់ៗគ្នា។
សូមជម្រាបថា រំលងតែមួយយប់ទៀតប៉ុណ្ណោះ ពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង នឹងឈានចូលមកដល់ហើយ ពោលនៅថ្ងៃទី១៥ ១៦ ១៧ ខែមីនា។
«ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍» ត្រូវបានសម្រេចយកមកធ្វើជាប្រធានបទសម្រាប់ពិធីបុណ្យទន្លេលើកទី៥។
ដោយក្ដីនឹករឭកចំពោះប្រជាជន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏នឹងអញ្ជើញជាអធិបតីភាពក្នុងពិធិបើកផ្លូវការនៃព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះផងដែរ៕