រដ្ឋមន្ត្រី ថោង ខុន៖ ការរៀបចំបុណ្យទន្លេលើកទី៥នេះ ជាឱកាសឱ្យក្រុងកំពង់ឆ្នាំងដណ្ដើមបានជ័យលាភីទីក្រុងស្អាតអាស៊ាន
(កំពង់ឆ្នាំង)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ការរៀបចំពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំងនេះ ជាឱកាសមួយសម្រាប់ឱ្យទីក្រុងកំពង់ឆ្នាំងបំផុសចលនាទាំងឡាយ ដែលអាចឈានទៅដល់ការដណ្ដើមជ័យលាភី «ទីក្រុងទេសចរណ៍ស្អាតអាស៊ាន» លើកទី២ និងជួយកិត្យានុភាពជាតិលើឆាកអន្តរជាតិបន្ថែមទៀត។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ទីក្រុងបេក្ខភាពចំនួន៦ ចូលរួមក្នុងការប្រកួតដណ្ដើមជ័យលាភី «ទីក្រុងទេសចរណ៍ស្អាតអាស៊ាន» លើកទី២ ក្នុងនោះរួមមាន ក្រុងកំពង់ចាម ក្រុងពោធិ៍សាត់ ក្រុងកំពង់ឆ្នាំង ក្រុងតាខ្មៅ ក្រុងកំពត និងខណ្ឌដូនពេញ។ ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២នេះ គ្រោងនឹងប្រកាសនៅក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន (ATF) នៅដើមខែមករា ឆ្នាំ២០២០ នៅប្រទេសប្រ៊ុយណេដារូសាឡឹម។
នៅក្នុងសិក្ខាសាលាអបអរសាទរពិធីបុណ្យទន្លេលើកទី៥ ក្រោមប្រធានបទ «ទន្លេផ្សារភ្ជាប់៖ សន្តិភាព ប្រជាជន និងទេសចរណ៍» អមជាមួយពិធីចែកបណ្ណសរសើរដល់អាជីវកម្មដែលស្នាដៃក្នុងវិស័យទេសចរណ៍ នៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានថ្លែងយ៉ាងដូច្នេះថា «ការធ្វើពិធីបុណ្យទន្លេនេះ ជាឱកាសមួយសម្រាប់ឱ្យខេត្តកំពង់ឆ្នាំង ខិតខំជំរុញចលនាគ្រប់បែបយ៉ាងទាំងអស់ ដើម្បីធ្វើឱ្យទីក្រុងនេះជាប់ជាជ័យលាភីទីក្រុងស្អាតរបស់អាស៊ាន»។
ឯកឧត្តមបន្តថា ក្រុងសៀមរាប និងក្រុងបាត់ដំបង បានជាប់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន កាលពីលើកទី១រួចហើយ ប៉ុន្តែជ័យលាភីនេះមានសុភាពតែ៣ឆ្នាំម្ដងទេ ហើយឥឡូវនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ទីក្រុងចំនួន៤ និងខណ្ឌចំនួន១ទៀត ដាក់ជាបេក្ខភាពចូលប្រកួួតទីក្រុងស្អាតអាស៊ាន នៅឆ្នាំ២០២០ខាងមុខ ក្នុងនោះរួមមាន ក្រុងកំពង់ចាម ក្រុងតាខ្មៅ ខណ្ឌដូនពេញ ក្រុងពោធិ៍សាត់ និងក្រុងកំពង់ឆ្នាំងនេះឯង។
ឯកឧត្តមបានបញ្ជាក់ថា ការដែលខេត្តកំពង់ឆ្នាំងទទួលរៀបចំបុណ្យទន្លេនេះ ប្រៀបដូចជារៀបចំខ្លួនសម្រាប់ត្រៀមដណ្ដើមយកជ័យលាភី «ទីក្រុងទេសចរណ៍ស្អាតអាស៊ាន» ដែរ។ ឯកឧត្តមបានកោតសរសើរថា ទីក្រុងកំពង់ឆ្នាំង ជាទីក្រុងស្អាត មានរចនាសម្ព័ន្ធល្អ មានវប្បធម៌ប្រវត្តិសាស្ត្រមួយដ៏ល្អ ពិសេសក៏មានអគារនៅសល់ពីសម័យអាណានិគមបារាំង មានដើមឈើធំៗត្រឈឹងត្រឈៃ ថ្វីដ្បិតតែទីក្រុងនេះរាងតូចបន្តិចក៏ដោយ។
ដើម្បីត្រៀមដណ្ដើមជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានផ្តល់អនុសាសន៍គន្លឹះមួយចំនួន៖
* ត្រូវរួមគ្នាអភិវឌ្ឍទីក្រុងទេសចរណ៍តាមដងទន្លេ។
* គណៈកម្មការអភិវឌ្ឍទេសចរណ៍ខេត្តកំពង់ឆ្នាំង មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង ពិសេសការីទេសចរណ៍ក្នុងស្រុក ចាប់ដៃសហការបង្កើត និងចងក្រងជាខ្សែទស្សនកិច្ចក្នុងស្រុក សម្រាប់ខេត្តកំពង់ឆ្នាំង និងជាមួយខេត្តជុំវិញឱ្យកាន់តែសម្បូរបែប។
* ត្រូវខិតខំបង្កើនលទ្ធភាពផ្គត់ផ្គង់សេវាកម្មទេសចរណ៍ ឱ្យបានកាន់តែសម្បូរបែបថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរ។
* ត្រូវពង្រឹងគុណភាពសេវាកម្មទេសចរណ៍ អាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវយកចិត្តទុកដាក់ផងដែរចំពោះគុណភាពសេវាកម្មរបស់ខ្លួន។
* សេវាកម្មត្រូវតែល្អស្ថិតក្នុងកម្រិតស្តង់ដា និងប្រកបដោយទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ ស្របតាមយុទ្ធនាការ «សេវាមួយ ស្តង់ដាមួយ»។
* សំណូមពរដល់ម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ កុំគិតតែការពង្រឹងគុណភាពសេវាកម្ម ពេលដែលមានព្រឹត្តិការណ៍ទេសចរណ៍ ឬពិធីបុណ្យជាតិផ្សេងៗ គឺត្រូវធ្វើជាប្រចាំ ដើម្បីធានានូវសេវាកម្មមួយ ប្រកបដោយទំនុកចិត្តដល់ភ្ញៀវទេសចរ ស្របទៅតាមកម្រិតស្ដង់ដាថ្នាក់ជាតិ និងអាស៊ាន។
* ត្រូវបន្តរួមគ្នាពង្រឹងជំនាញវិជ្ជាជីវៈទេសចរណ៍ ស្របតាមយុទ្ធនាការ «បុគ្គលិកម្នាក់ ជំនាញមួយ»។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យរដ្ឋបាលខេត្ត ត្រូវរៀបចំទីក្រុងឱ្យស្អាតមានសណ្តាប់ធ្នាប់ល្អ សេវាកម្មល្អ ប្រកបដោយគុណភាពអនាម័យ និងមានសុវត្ថិភាព ព្រមទាំងគិតគូរបន្ថែមលើការរៀបចំឱ្យមានផ្សាររាត្រី មណ្ឌលព័ត៌មានទេសចរណ៍ ចំណតទូកទេសចរណ៍។ល។
ទន្ទឹមនឹងនោះ រដ្ឋបាលខេត្តក៏ត្រូវបន្តខិតខំរៀបចំហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវថ្នល់) អនាម័យបរិស្ថាន បង្គន់អនាម័យសាធារណៈឱ្យបានគ្រប់គ្រាន់ ដើម្បីឆ្ពោះទៅទទួលជ័យលាភីរំដួល៣ទង នៅការប្រឡងប្រណាំងលើកទី៣ នាឆ្នាំ២០២១៕