រដ្ឋមន្ត្រី ថោង ខុន ណែនាំឱ្យក្រុមប្រឹក្សាថ្មី និងគណៈអភិបាលខេត្តកំពង់ធំ ត្រូវរៀបចំផែនការមេអភិវឌ្ឍន៍ខេត្ត ទីក្រុង និងដងស្ទឹងសែនឱ្យបានច្បាស់លាស់
រដ្ឋមន្ត្រី ថោង ខុន ណែនាំឱ្យក្រុមប្រឹក្សាថ្មី និងគណៈអភិបាលខេត្តកំពង់ធំ ត្រូវរៀបចំផែនការមេអភិវឌ្ឍន៍ខេត្ត ទីក្រុង និងដងស្ទឹងសែនឱ្យបានច្បាស់លាស់
(កំពង់ធំ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ បានណែនាំឱ្យសមាជិកក្រុមប្រឹក្សាថ្មី និងគណៈអភិបាលខេត្តកំពង់ធំ ត្រូវពន្លឿនការរៀបចំផែនការមេអភិវឌ្ឍន៍ (Master plan) ក្នុងខេត្ត ក្នុងក្រុងស្ទឹងសែន និងតាមដងស្ទឹងសែនឱ្យខាងតែបាន និងច្បាស់លាស់ជាទីបំផុត ដើម្បីជំរុញការអភិវឌ្ឍខេត្តដែលមានសក្ដានុពលនេះឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។
ការប្រកាសជំរុញយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៣ នៅសាលាខេត្តកំពង់ធំ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងចំណោមសមាសភាពប្រឹក្សាខេត្តកំពង់ធំចំនួន ២៥នាក់ ឯកឧត្តម ឈុន ឈន់ ត្រូវបានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិថ្មីទី៣នេះ។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា ដើម្បីធានាដល់ការចាប់ផ្តើមបំពេញការងាររបស់ក្រុមប្រឹក្សាខេត្ត បន្ទាប់ពីការប្រកាសចូលកាន់តំណែងនេះទៅ អភិបាលខេត្តកំពង់ធំ ត្រូវចាត់ឲ្យនាយករដ្ឋបាលដោយមានទីចាត់ការ និងការិយាល័យពាក់ព័ន្ធជាសេនាធិការ ដើម្បីរៀបចំកិច្ចការមួយចំនួនដូចដែលធ្លាប់បានអនុវត្ត សម្រាប់ក្រុមប្រឹក្សាអាណត្តិទី២ កន្លងមក។
ឯកឧត្តមបានណែនាំអំពីការរៀបចំផែនការអភិវឌ្ឍន៍ រយៈពេល៥ឆ្នាំ ដល់ក្រុមប្រឹក្សាអាណត្តិទី៣ យ៉ាងដូច្នេះថា ក្នុងឆ្នាំទីមួយនៃអាណត្តិរបស់ខ្លួន ក្រុមប្រឹក្សាខេត្តកំពង់ធំ ត្រូវកសាងផែនការអភិវឌ្ឍន៍ដែលមានសុពលភាព រយៈពេល៥ឆ្នាំ និងត្រូវរៀបចំកម្មវិធីវិនិយោគ «៣ឆ្នាំរំកិល» លើកទី១ សម្រាប់ថ្នាក់រដ្ឋបាលរបស់ខ្លួនស្របតាមគោលការណ៍ និងនីតិវិធីដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តកំណត់។ ចំពោះកម្មវិធីវិនិយោគប្រចាំឆ្នាំ២០១៩ ក្រុមប្រឹក្សាខេត្តត្រូវណែនាំឲ្យគណៈអភិបាលបន្តចាត់ចែងអនុវត្តទៅតាមផែនការ ដែលបានអនុម័តកន្លងមក ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។
ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំទៀតថា «ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តកំពង់ធំ ត្រូវខិតខំធ្វើឱ្យបាននូវផែនការមេអភិវឌ្ឍន៍ខេត្តឱ្យបាច្បាស់លាស់, ខេត្តកំពង់ធំត្រូវមានកាចង្អុលទិសក្នុងការអភិវឌ្ឍ ទីក្រុងយើងដាច់ខាតត្រូវមានផែនការអភិវឌ្ឍន៍ ត្រូវមានផែនការមួយច្បាស់លាស់»។
លោកបានបន្តថា ផែនការមេអភិវឌ្ឍន៍ខេត្តនេះ មិនមែននិយាយតែពីការកំណត់ លើផែនការប្រើប្រាស់ដីធ្លី (Zoning ) ប៉ុណ្ណោះទេ បើនៅទីក្រុងគឺមានទាំងការគ្រប់គ្រងកាកសំណល់រឹងរាវជាអាទិ៍ ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ ប្រព័ន្ធទឹកស្អាត អាងចម្រោះទឹក បញ្ហាកាកសំណល់ សំរាម ផ្លូវថ្នល់ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី ជៀសវាងការសាងសង់ផ្លូវរួចហើយ ធ្វើលូតាមក្រោយ។ មួយទៀត ក៏ត្រូវរៀបចំស្ទឹងសែនឱ្យមានសោភ័ណភាពល្អប្រសើរ ដើម្បីទាក់ទាញទេសចរផងដែរ។
ឯកឧត្តមបានបង្ហើបឱ្យដឹងថា នៅពេលខេត្តសៀមរាបមានអាកាសយានដ្ឋានអន្តរជាតិថ្មី និងផ្លូវ ស្ពានតភ្ជាប់ពីកំពង់ឆ្នាំង ផ្លូវជាតិលេខ៦ ត្រូវបានពង្រីកថែម ខេត្តកំពង់ធំដែលនៅជាប់ខេត្តទាំងពីរនេះ នឹងទទួលបានផលប្រយោជន៍ខាងផ្នែកសេដ្ឋកិច្ចយ៉ាងច្រើន ពិសេសវិស័យទេសចរណ៍ វិស័យដឹកជញ្ជូនជាដើម។
ចំពោះការចូលរួមអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ឯកឧត្តមក៏បានណែនាំដែរថា៖
* ការបន្តលើកកម្ពស់ទំនាក់ទំនង និងគណនេយ្យភាពរវាងក្រុមប្រឹក្សា និងគណៈអភិបាល និងរវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយប្រជាពលរដ្ឋ សំដៅប្រែក្លាយរដ្ឋបាលថ្នាក់ក្រោមជាតិ ជាស្ថាប័នអភិបាលកិច្ចដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងសង្គមនៅក្នុងមូលដ្ឋានរបស់ខ្លួន។
* បន្តជំរុញការផ្ទេរមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនេះគឺជាដំណើរការស្នូល និងជាកត្តាកំណត់ជោគជ័យនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា។
* រាជរដ្ឋាភិបាលនឹងបន្តបង្កើនធនធានថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការបង្កើនការផ្ទេរធនធានពីថ្នាក់ជាតិ និងការបង្កើតឲ្យមានប្រភពចំណូលផ្ទាល់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើរទន្ទឹមនឹងការពង្រឹងតួនាទី ការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រង ការចាត់ចែង ប្រើប្រាស់ធនធានរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយតម្លាភាព និងសុចរិតភាព។
* បន្តលើកកម្ពស់តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍមូលដ្ឋាន សំដៅឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គមប្រកបដោយសមធម៌។
* បន្តលើកកម្ពស់សមត្ថភាព ធនធានមនុស្ស និងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅចូលរួមចំណែកអនុវត្តដោយជោគជ័យនូវគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា៕