រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងទេសចរណ៍ ធ្វើបុណ្យកឋិនទានសាមគ្គីដង្ហែចូលវត្តស្វាយជីអោក ខេត្តកំពង់ធំ
រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងទេសចរណ៍ ធ្វើបុណ្យកឋិនទានសាមគ្គីដង្ហែចូលវត្តស្វាយជីអោក ខេត្តកំពង់ធំ
(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី ញឹក ស៊ីម ថោងខុន ព្រមទាំងកូនចៅ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងទេសចរណ៍ បានធ្វើបុណ្យកឋិនទានសាមគ្គីដង្ហែទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យទៅកសាងសមិទ្ធផលនានានៅវត្តស្វាយជីអោក ស្ថិតក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។
សម្រាប់ថ្ងៃសុក្រ ៥កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ វេលាម៉ោង ១៤:០០ រសៀល ប្រារព្ធបទនមស្សការព្រះរតនត្រ័យ សមាទានសីល ចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា នៅគេហដ្ឋានរបស់លោករដ្ឋមន្ត្រី ថោង ខុន។
លុះព្រឹកឡើងថ្ងៃសៅរ៍ ៦កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៧:០០ព្រឹក ពិធីដង្ហែរអង្គកឋិនទានចូលក្នុងវត្តស្វាយជីអោក ដោយប្រទក្សិណជុំវិញព្រះវិហារបីជុំ និងវេរកឋិនទានប្រគេនព្រះសង្ឃ ឧទ្ទិសផល្លានិសង្ឃជូន មាតាបិតា ជីដូនជីតា និងបុព្វការីជនជាកិច្ចបង្ហើយបុណ្យ។
សូមបញ្ជាក់ថា កឋិនទាន គឺជាបុណ្យមួយដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ គឺរយៈកាលទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដី អាចធ្វើបានតែក្នុងសម័យតែ ១ខែគត់ (២៩ថ្ងៃ) ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក។
បើខុសពីសម័យកាលនេះ ទោះបីអ្នកមានសទ្ធាធ្វើបុណ្យ មានលក្ខណៈសណ្ឋានដូចកឋិនក៏ដោយ ក៏មិនអាចហៅថាកឋិនទានបានដែរ ព្រោះធ្វើខុសកាលទានមិនចំសម័យមួយខែចុងវស្សាន្តរដូវនេះ ពោលគឺមិនត្រូវតាមពុទ្ធានុញ្ញាត។ ក្នុងវត្តមួយ បើការចាំវស្សាគ្មានភិក្ខុសោះ ក៏មិនអាចហែកឋិនចូលដែរ ព្រោះសមណេរគ្មានសិទ្ធិទទួលក្រាលគ្រងកឋិនទេ លុះតែយ៉ាងហោចបំផុតត្រូវមានភិក្ខុ១អង្គដែរ ហើយដែលបានចាំវស្សាអស់៣ខែបានត្រឹមត្រូវ ទើបអាចហែកឋិនចូលបាន៕