រដ្ឋមន្រ្តីទេសចរណ៍ដឹកនាំប្រជុំក្រុមការងារជំនាញដើម្បីត្រៀមលក្ខណៈអនុវត្តផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន បានដឹកនាំប្រជុំក្រុមការងារជំនាញ ដើម្បីត្រៀមលក្ខណៈអនុវត្តផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២៥។
សេចក្តីព្រាងផែនទីចង្អុលផ្លូវនេះបានដាក់ឆ្លងកិច្ចប្រជុំគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ និងបានទទួលការឯកភាពគាំទ្រពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ហើយគ្រោងនឹងដាក់ឆ្លងកិច្ចប្រជុំគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ចុងក្រោយ មុននឹងដាក់ឆ្លងរាជរដ្ឋាភិបាលនាពេលឆាប់ៗខាងមុខនេះ។
សេចក្តីព្រាងផែនទីចង្អុលផ្លូវនេះចែកចេញជា ០៣ដំណាក់កាល៖
➢ ដំណាក់កាលទី១៖ ការគ្រប់គ្រងវិបតិ្តក្នុងដំណាក់កាលទម្លាប់ថ្មី (New Normal) និងការរៀបចំផែនការស្តារឡើងវិញ Resilience & Restart Tourism (២០២០-២០២១)
➢ ដំណាក់កាលទី២៖ ការស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិកូវីដ-១៩ Recovery (២០២២-២០២៣)
➢ ដំណាក់កាលទី៣៖ ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា Relaunch (២០២៤-២០២៥)៕