រដ្ឋមន្ត្រី ថោង ខុន ជំរុញរដ្ឋបាលរាជធានី-ខេត្ត និងគ្រប់ភាគីពាក់ព័ន្ធរួសរាន់រៀបចំខ្លួនចូលរួមតាំងពិព័
(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានអនុគណៈកម្មការរៀបចំពិព័រណ៍ទេសចរណ៍ ពាណិជ្ជកម្ម សកម្មកីឡា និងពិធីឆ្លងឆ្នាំសកលឆ្នាំ២០១៩ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំព្រឹត្តិការណ៌នោះ នៅទីស្ដីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ហើយដោយបានអំពាវនាវ និងជំរុញដល់រដ្ឋបាលរាជធានី-ខេត្តនានា និងគ្រប់ភាគីពាក់ព័ន្ធរួសរាន់ ក្នុងការរៀបចំខ្លួនចូលរួមតាំងពិព័រណ៍សមិទ្ធផល ក្នុងឱកាសពិធីសម្ពោធវិមានអនុស្សាវរីយ៍នៃនយោបាយឈ្នះ ឈ្នះ ឱ្យបានកាន់តែរហ័ស និងទាន់ពេលវេលា។
ពិធីសម្ពោធវិមានអនុស្សាវរីយ៍នៃនយោបាយ ឈ្នះ ឈ្នះ និងពិធីអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយ ឈ្នះ ឈ្នះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ។
នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ថោង ខុន បានពិភាក្សា និងពិគ្រោះយោបល់ជាមួយក្រុមការងារនីមួយៗ ដូចជាស្ដង់ពិព័រណ៍សមិទ្ធផល ២០ឆ្នាំ របស់ក្រសួង-ស្ថាប័ន ពិព័រណ៍សមិទ្ធផល របស់រដ្ឋបាលរាជធានី-ខេត្តទាំង២៥ ពិព័រណ៍ទេសចរណ៍ ពាណិជ្ជកម្ម ម្ហូបអាហារ ការសម្តែង ទស្សនីយ ភាពសិល្បៈ ព្រឹត្តិការណ៍កីឡា និងពិធីឆ្លងឆ្នាំសកល ព្រមជាមួយនឹងការណែនាំអំពីការរៀបចំរាល់សកម្មភាព ពិព័រណ៍សិល្បៈ កីឡាឱ្យបានសម្បូរបែប និងប្រកបដោយភាពទាក់ទាញ ។
យោងតាមកិច្ចប្រជុំនោះបានបង្ហាញថា ស្តង់ពិព័រណ៍មានចំនួនសរុប ជាង ៥៦២ស្ដង់ មកពីក្រសួងស្ថាបនផ្សេងៗគ្នាចែកជាបួន តំបន់ A,B,C,D តំបន់ A និង B សម្រាប់ពិព័រណ៍សមិទ្ធផល ខណដែលតំបន់ C និង D គឺសម្រាប់ពិព័រណ៍ម្ហូបអាហារ (ភូមិម្ហូបឆ្ងាញ់)។ តំបន់ទាំង៤នេះ មានការចូលរួមពីគ្រប់ក្រសួង -ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត និងស្ដង់ពិព័រណ៍ពាណិជ្ជកម្ម ទេសចរណ៍ ម្ហូបអាហារ និងការវិនិយោគរបស់ក្រុមហ៊ុននានា និងមានការចូលរួមពីប្រទេសជាមិត្តមួយចំនួនថែមទៀត។ ដោយឡែក ចំពោះពិព័រណ៍សមិទ្ធផលក្រសួង-ស្ថាប័នបានត្រៀមរួចរាល់ហើយ ហើយពិព័រណ៍ពាណិជ្ជកម្ម ទេសចរណ៍ ម្ហូបអាហារ វិនិយោគ ក្រុមការងារបានទទួលការចុះឈ្មោះជិតរួចរាល់ហើយ ។ ចំពោះព្រឹត្តិការណ៍ និងសកម្មភាពកីឡាមាន១២ប្រភេទកីឡាក៏បានត្រៀមរួចរាល់រួមទាំងកម្មវិធីឆ្លងឆ្នាំសកល ក៏បានត្រៀមរៀបចំរួចរាល់ ទាំងកម្មវិធីព្រឹត្តិការណ៍ឆ្លងឆ្នាំ ទាំងកម្មវិធីលៀងសាយភោជន៍។
ឯកឧត្តម ថោង ខុន ក៏បានអំពាវនាវដល់អាជ្ញាធររាជធានី រួមទាំងស្ថាប័នពាក់ព័ន្ធត្រូវរៀបចំកែលម្អ ការតាំងភ្លើងនៅតាមចំណុចសំខាន់ៗ ប្រកបដោយសោភ័ណភាព និងភាពទាក់ទាញបន្ថែមទៀត និងធ្វើប្រព័ន្ធផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ជាពិសេសតាមប្រព័ន្ធស្មាតហ្វូនជាដើម ដែលធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍សម្ពោធវិមានឈ្នះឈ្នះកាន់តែល្បីរន្ទឺគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស។
ទន្ទឹមនោះឯកឧត្តមរដ្ឋមន្ត្រីក៏បានក្រើនរំលឹកគ្រប់ផ្នែកក្នុងអនុគណៈកម្មការបន្តសហការគ្នានិងបន្តសហការជាមួយអនុគណៈកម្មការដទៃឱ្យបានល្អ ដើម្បីជោគជ័យត្រចះត្រចង់នៃពិធីបុណ្យដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រនេះ៕