រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី អបអរសាទរចំពោះកំណើនទេសចរមកទស្សនាតំបន់អាស៊ានបូកបី ឆ្នាំ២០១៨ មានរហូត១៩១.៥លាននាក់
(វៀតណាម)៖ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) លើកទី១៨ នៅទីក្រុងហាឡុង ប្រទេសវៀតណាម នាឱកាសនៃវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០១៩ (ASEAN Tourism Forum 2019 ) ក្រោមប្រធានបទ អាស៊ាន៖ អានុភាពតែមួយ (ASEAN: The Power of One)។
រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីបានអបអរសាទរ ចំពោះកំណើនទេសចរមកទស្សនាតំបន់អាស៊ានបូកបី ឆ្នាំ២០១៨ មានចំនួន ១៩១.៥លាននាក់ (តាមទិន្នន័យបឋម)។ កិច្ចប្រជុំក៏បានពិនិត្យអំពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ានបូកបី ជាពិសេសការអនុវត្តផែនការសកម្មភាពសហប្រតិបត្តិការទេសចរណ៍អាស៊ានបូកបី ២០១៨ -២០២០ ដោយសម្រេចបានលទ្ធផលចម្បងដូចខាងក្រោម៖
១៖ អបអរសាទរចំពោះលទ្ធផល នៃសន្និសីទអាស៊ានបូកបី ស្ដីអំពីការបកស្រាយបេតិភណ្ឌធម្មជាតិ និងវប្បធម៌ សំដៅពង្រឹងគុណភាពសេវានាំភ្ញៀវ និងសេចក្ដីពេញចិត្តរបស់ទេសចរ ដែលបានរៀបចំឡើង កាលពីថ្ងៃទី៦-៨ ខែមីនា ឆ្នាំ២០១៨ នៅសៀមរាបអង្គរ ប្រទេសកម្ពុជា។
២៖ អបអរសាទរសិក្ខាសាលាវិនិយោគទេសចរណ៍អាស៊ាន-កូរ៉េ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ នៅប្រទេសកូរ៉េ។
៣៖ កិច្ចប្រជុំកំពូលយុវជនទេសចរណ៍អាស៊ានបូកបី កាលពីថ្ងៃទី១៨-២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសហ្វីលីពីន។
រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានគាំទ្រដល់សមាជិកអាស៊ាន តាមរយៈសកម្មភាពកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ានចិននានាជាច្រើន ក្នុងអំឡុងឆ្នាំ២០១៨កន្លងមក ជាពិសេសការរៀបចំតាំងពិព័ណ៌អាស៊ាន-ចិន នាថ្ងៃទី១២-១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងណាននីង ព្រមទាំងបានគាំទ្រដល់ប្រទេសសមាជិកអាស៊ាន ក្នុងការចូលរួមវាពិព័ណ៌ទេសចរណ៍អន្តរជាតិចិន (CITM) ឆ្នាំ២០១៨។
រដ្ឋមន្ត្រីទេសចរណ៍អាស៊ានក៏បានសំដែងការអរគុណផងដែរ ដល់ប្រទេសជប៉ុនចំពោះសកម្មភាពជាច្រើនក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន នាឆ្នាំ២០១៨កន្លងមក ក្នុងនោះរួមមាន ការរៀបចំសិក្ខាសាលា និងសន្និសីទនានា ការជួយផ្សព្វផ្សាយទេសចរណ៍តាមនាវាសមុទ្រ (Cruise Tourism) ព្រមទាំងការតាំងពិព័ណ៌ទេសចរណ៍អាស៊ាន-ជប៉ុនផ្សេងៗ។
រដ្ឋមន្ត្រីទេសចរណ៍អាស៊ានក៏បានសំដែងអំណរគុណដល់ប្រទេសកូរ៉េ ចំពោះការគាំទ្រផ្សព្វផ្សាយ ពិធីបុណ្យទេសចរណ៍វប្បធម៌ក្នុងប្រទេសអាស៊ាន និងជម្រុញគាំំទ្រទេសចរណ៍សហគមន៍ តាមរយៈកម្មវិធីអភិវឌ្ឍធនធានមនុស្ស និងការរៀបចំសិក្ខាសាលានានា។
ដោយឡែក ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា ក៏បានឆ្លៀតឱកាសថ្លែងអំណរគុណដល់ប្រទេសបូកបី រួមមាន ចិន ជប៉ុន និងកូរ៉េ សម្រាប់កិច្ចសហប្រតិបត្តិការ និងការគាំទ្រដ៏ល្អកន្លងមកចំពោះកម្ពុជា ព្រមទាំងបានស្នើសុំឲ្យបន្តកិច្ចសហប្រតិបត្តិការនេះតទៅមុខទៀត។
ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានគាំទ្រគម្រោងអភិវឌ្ឍទេសចរណ៍នៅកម្ពុជា ជាពិសេសការជួយគាំទ្រការអនុវត្តសៀវភៅស ស្តីពី China Ready និងគំរោងអភិវឌ្ឍទេសចរណ៍ផ្សេងៗទៀត ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង។ លោកបណ្ឌិតរដ្ឋមន្ត្រី ថោង ខុន ក៏បានជម្រាបជូនអង្គប្រជុំផងដែរអំពីការអញ្ជើញ លោក ឡ ស៊ូកាង រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណៈរដ្ឋប្រជាមានិតចិន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២៧ ដល់ ៣១ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ ហើយក្រសួងទេសចរណ៍កម្ពុជានឹងសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងភាគីចិន រៀបចំទិវាឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ រាជធានីភ្នំពេញ ជាលើកដំបូង បន្ទាប់ពីចិនបានបង្កើតក្រសួងវប្បធម៌ និងទេសចរណ៍របស់ខ្លួន។
ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន ក៏បានអញ្ជើញប្រទេសបូកបី ចូលរួមនិងសហការរៀបចំសន្និសីទអន្តរជាតិអាស៊ានបូកបី ស្តីអំពីការសម្រួលការធ្វើដំណើរ និងទិដ្ឋាការ ដោយគ្រោងនឹងរៀបចំឡើងនៅកម្ពុជា អំឡុងខែមិថុនា ឆ្នាំ២០១៩។
សូមជម្រាបជូនផងដែរថា ឆ្នាំ២០១៨ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៦.២លាននាក់ កើនឡើង១១% ក្នុងនោះទេសចរចិនមានចំនួនប្រមាណ ១.៩លាននាក់ កើនឡើង ៧០%, ទេសចរកូរ៉េមានចំនួន៣០ម៉ឺននាក់ និងទេសចរជប៉ុនចំនួន២១ម៉ឺននាក់៕