រយៈពេល២ថ្ងៃ ភ្ញៀវទេសចរសម្រុកមកលេងខេត្តរតនគិរី មានចំនួន២២.៥០២នាក់ ខណៈដែលសេវាកម្មកម្មស្នាក់ នៅ ១.១២៩បន្ទប់ ទទួលភ្ញៀវពេញទាំងអស់
លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្ត បានអោយ
ដឹងនៅរសៀលថ្ងៃទី១៨ ខែសីហា នេះថា រយៈពេល២ថ្ងៃ(១៧-១៨ សីហា ឆ្នាំ២០២០) ភ្ញៀវទេសចរសម្រុកមកលេងខេត្តរតនគិរីមានចំនួន២២.៥០២នាក់ ក្នុងនោះភ្ញៀវទសចរបរទេសមានចំនួន១០១ផងដែរ។ លោកបន្តថា នៅថ្ងៃទី២នៃការឈប់សម្រាកសងពិធីបុណ្យចូលឆ្នាំថ្មីនេះ ផ្នែកសេវាកម្មកម្មស្នាក់នៅមាន១.១២៩បន្ទប់ បានទទួលភ្ញៀវពេញទាំងអស់ ។ លោកថាការកើនឡើងនេះយ៉ាងគំហុគនៃភ្ញៀវទេសចរចូលមកទស្សនាកំសាន្តសប្បាយក្នុងខេត្តរតនគិរី គឺដោយសារកក្តាសុខសន្តិភាព ហេដ្ឋារចនាផ្លូវបានតភ្ជាប់ពីខេត្តមួយទៅខេត្តមួយមានភាពងាយស្រួល ជាពិសេសនោះ កក្តាសេដ្ឋកិច្ចក៏ជារៀងមួយសំខាន់ផងដែរ។ ពួកគាត់មិនមានជីវភាពធូធាទេ ប្រាកដណាស់ថាពួកគាត់មិនធ្វើដំណើរកំសាន្តនោះឡើយ។
ទាក់ទងនឹងវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ ប្រធាន
មន្ទីរទេសចរណ៍រូបនេះ បានអោយដឹងផងដែរថា៖ អនុវត្តតាមការណែនាំរបស់ក្រសួងទេសចរណ៍ ក៏ដូចជាក្រសួងសុខាភិបាល អាជ្ញាធរខេត្តដែលមានឯកឧត្តម ថង សាវុន ជាអភិបាលខេត្ត និងជាប្រធានគណកម្មាធិការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ខេត្ត បានចាត់វិធានការយ៉ាងល្អប្រសើរដើម្បីអោយភ្ញៀងមានភាពកក់ក្តៅក្នុងចិត្ត គឺគ្រប់សេវាកម្មស្នាក់នៅ សេវាកម្មម្ហូបអាហារ និងគ្រប់កន្លែងរមណីយដ្ឋានទេសចរណ៍នានា បានអនុវត្តន៍យ៉ាងតឹងរុឹងនូវវិធានការសុខាភិបាល ដូចជា ម្ចាស់សេវាកម្មទាំងអស់មុននឹងទទួលភ្ញៀវអោយចូលស្នាក់នៅ ,ទទួលទានអាហារ និងចូលលេងកំសាន្តសប្បាយ គឺបានធ្វើការបាញ់កំដៅ ហើយគ្រប់បន្ទប់មានការបាញ់អាកុលសម្លាប់មេរោគ និងមានឡាបូសាធារណៈសម្រាប់លាងសម្អាតដៃជាដើម ព្រមទាំងគ្រប់កន្លែងមានចាក់សារអប់រំតាមឃោនៈស័ព្ទ និងមានដាក់ផ្ទាំងប៉ាណូធំៗដើម្បីជាពញ្ញាក់ស្មារតីដល់ភ្ញៀវទេសចរចូលរួមការពារជំងឺដ៏កាចសាហាវនេះផងដែរ។
លោក ង៉ែត ពិទូ មានសុដ្ឋិនិយមថា ចំនួនភ្ញៀវអាចនឹងបន្តកើនឡើងនៅថ្ងៃបន្តបន្ទាប់ទៀត ប្រសិនបើអាកាសធាតុអំណោយផល គឺមិនភ្លៀង។ លោកបានអំពាវនាវយ៉ាងទទូចដល់ភ្ញៀវទេសចរទាំងអស់សូមមានស្មារតីម្ចាស់ការខ្លួនឯង នោះគឺពាក់ម៉ាសអោយបានគ្រប់ៗគ្នា និងរក្សាគម្លាតសង្គមអោយបានត្រឹមត្រូវពីព្រោះថា យើងអាចភ្លេចជំងឺកូវីដ-១៩តែជំងឺកូវីដ-១៩មិនភ្លេចយើងឡើយ៕