លោកជំទាវ ហ៊ុន ដានី៖ ស្ត្រីមានតួនាទីសំខាន់ក្នុងការចូលរួមថែរក្សាវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិ
(ឧត្តរមានជ័យ)៖ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី«បដិសណ្ឋារកិច្ច និងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរក្នុងវិស័យទេសចរណ៍» ដែលមានការចូលរួមពីលោកជំទាវអភិបាលរងខេត្ត លោកជំទាវក្រុមប្រឹក្សាខេត្ត អភិបាលក្រុងសំរោង មន្ត្រីមន្ទីរពាក់ព័ន្ធ ប្រតិបត្តិករ សេវាករទេសចរណ៍ និងយុវជនស.ស.យ.កក្នុងខេត្តឧត្តរមានជ័យសរុបចំនួនជាង ១០០នាក់។
ថ្លែងក្នុងឱកាសនោះ លោកជំទាវ ហ៊ុន ដានី បានលើកឡើងថា កិច្ចប្រជុំផ្សព្វផ្សាយនេះក្រសួងទេសចរណ៍ ក្រោមកិច្ចសហការពីមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ បានរៀបចំឡើងក្នុងគោលបំណងដើម្បីរំលេចឱ្យឃើញពីតួនាទីរបស់ស្ត្រីក្នុងការចូលរួមថែរក្សាវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិ។ ការគោរពឱ្យតម្លៃ គ្មានការរើសអើង គ្មានអំពើហិង្សា នឹងជួយឱ្យសង្គមមានសេចក្តីថ្លៃថ្នូរតាមរយៈការផ្តល់តម្លៃដល់ស្ត្រីទាំងនៅក្នុងគ្រួសារនិងសង្គមជាតិ ព្រមទាំងសិទ្ធិទទួលបានការចាត់ចែងចំណូលក្នុងគ្រួសារដោយគ្មានការរើសអើង ហើយស្ត្រីក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍តាមរយៈការផ្តល់សេវាបដិសណ្ឋារកិច្ច និងសកម្មភាពការងារទេសចរណ៍ផងដែរ។
កន្លងមកក្រសួងទេសចរណ៍ តែងគិតគូរពីបញ្ហាស្ត្រីដែលបម្រើការក្នុងវិស័យនេះ ដើម្បីទទួលបានសុខដុមនីយកម្មសង្គម ចៀសវាងបានពីការរើសអើងគ្រប់ប្រភេទ ទាំងការរំលោភបំពាន ការកេងប្រវ័ញ្ចនិងការធ្វើអាជីវកម្មផ្លូវភេទ តាមរយៈការលើកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ។ នៅក្នុងវិស័យទេសចរណ៍ ស្រ្តីគឺជាកម្លាំងចលករដ៏មានសក្តានុពល ហើយក៏ជាភាគីពាក់ព័ន្ធដ៏សំខាន់ដែលមិនអាចខ្វះបាន បានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការលើកស្ទួយកម្រិតជីវភាពគ្រួសារ សហគមន៍ និងសង្គម-សេដ្ឋកិច្ច។
លោកជំទាវបានបន្តទៀតថា ស្ត្រីដែលបានបម្រើការក្នុងវិស័យទេសចរណ៍មានការគាំពារដោយច្បាប់ស្តីពីទេសចរណ៍។ ស្ត្រីត្រូវបានយកចិត្តទុកដាក់ឱ្យទទួលបានការចូលរួម និងទទួលបានអត្ថប្រយោជន៍ប្រកបដោយសមធម៌ ពីការអភិវឌ្ឍវិស័យទេសចរណ៍។ ក្រៅពីនេះ គោលនយោបាយជាតិទេសចរណ៍ និងផែនការកម្មវិធីនានារបស់ក្រសួងទេសចរណ៍ បានបង្កើតឡើងក្នុងគោលបំណងអភិវឌ្ឍវិស័យទេសចរណ៍ឱ្យរីកចម្រើនប្រកបដោយនិរន្តរភាព និងបរិយាបន្ន។ ការអនុវត្តច្បាប់និងគោលនយោបាយទាំងនេះ បានផ្តល់ផលប្រយោជន៍ដល់ស្ត្រីដូចជា៖ បង្កើនភាពអង់អាច កាត់បន្ថយអំពើហិង្សា ទទួលបានឱកាសការងារ មានគំនិតបង្កើតអាជីវកម្មក្លាយជាសហគ្រិនស្ត្រីក្នុងវិស័យទេសចរណ៍ មានសុវត្ថិភាពការងារ មានការយល់ដឹង និងមានសមត្ថភាពកាន់តែប្រសើរ។
លោកជំទាវរដ្ឋលេខាធិការបានបន្ថែមថា ក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យបើកដំណើរការប្រទេសឡើងវិញ ក្រសួងទេសេចរណ៍បានបន្តពង្រឹងកាន់តែរឹងមាំបន្ថែមទៀតលើការយល់ដឹងអំពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីប្រកបដោយប្រសិទ្ធភាព។ ការជំរុញការអនុវត្តវិធាន (SOP) នេះ គឺអនុលោមទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីធានាសុវត្ថិភាព និងសុខភាពសាធារណៈដល់ភ្ញៀវទេសចរ អ្នកបម្រើការ និងអ្នកផ្គត់ផ្គង់សេវាផ្សេងៗ។
ព្រមជាមួយនេះ ដើម្បីត្រៀមខ្លួនក្នុងការទទួលភ្ញៀវទេសចរអន្តរជាតិសុវត្ថិភាព ដែលបានចាក់វ៉ាក់សាំងរួចរាល់ចូលមកកម្ពុជាក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យបើកដំណើរការប្រទេសឡើងវិញ មូលដ្ឋានអាជីវកម្ម សេវាកម្ម ទេសចរណ៍ទាំងអស់ក៏ត្រូវតែមានការបង្កើត និងបង្កើនបន្ថែមទៀតនូវផលិតផលទេសចរថ្មីៗ មានអនាម័យ សុវត្ថិភាព ប្លែកនិងមានភាពច្នៃប្រឌិតដើម្បីទាក់ទាញទេសចរឱ្យបានកាន់តែច្រើន ។ ប្រតិបត្តិករ សេវាករទេសចរណ៍ក៏ត្រូវតែត្រៀមខ្លួនដោយប្រតិបត្តិតាមវិធានសុវត្ថិភាពទេសចរណ៍ វិធានសុខាភិបាល និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) ក្នុងវិស័យទេសចរណ៍ ដែលជាគោលការណ៍ណែនាំចម្បងសម្រាប់ការអនុវត្តក្នុងអន្តរកាលនេះ ដើម្បីពង្រឹងទេសចរណ៍ឡើងវិញ និងត្រូវចូលរួមអនុវត្តឱ្យបានហ្មត់ចត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សំដៅប្រែក្លាយ«កម្ពុជាឱ្យក្លាយទៅជាគោលដៅទេសចរណ៍សុវត្ថិភាព និងកក់ក្តៅ»៕