រដ្ឋមន្ត្រីទេសចរណ៍ ទទួលស្គាល់សាលាទេសចរណ៍មួយទៀត ជាមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍
(ភ្នំពេញ)៖ ឆ្លងកាត់តាមការវាយតម្លៃ ការពិនិត្យពិច័យច្បាស់លាស និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាផងនោះ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ (គ.ជ.អ.ទ.) បានប្រកាសទទួលស្គាល់ សាលាទេសចរណ៍និងបដិសណ្ឋារកិច្ច វីត (WYTHS) ជាមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍។
ការប្រកាសទទួលស្គាល់មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ វីត នេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គ.ជ.អ.ទ. នៅភោជនីយដ្ឋានទន្លេបាសាក់២ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។
លោក លី យ៉ានហួយ នាយកសាលាទេសចរណ៍និងបដិសណ្ឋារកិច្ច វីត បានឱ្យដឹងថា សាលារបស់លោកត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ដើម្បីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ព្រមទាំងជួយរកការងារដល់សិស្សដែលបានបញ្ចប់ការសិក្សានៅកម្ពុជាផងដែរ។
លោកនាយកសាលាបានបន្តថា មកដល់បច្ចុប្បន្នមានសិស្សចំនួន១៣៦នាក់ហើយបានបញ្ចប់ការសិក្សាតាមកម្មវិធីអាស៊ានដោយជោគជ័យ ក្នុងនោះជំនាន់ទី១ចំនួន២២នាក់ ជំនាន់ទី២ចំនួន៤២នាក់ ជំនាន់ទី៣ចំនួន៤៩នាក់ និងជំនាន់ទី៤ចំនួន២៣នាក់។ ការបណ្ដុះបណ្ដាលនោះដែរផ្ដោតលើជំនាញការិយាល័យជួរមុខ ជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ និងជំនាញគេហកិច្ច។ សិស្សដែលបានបញ្ចប់ការសិក្សាស្របតាមស្តង់ដាអាស៊ានទទួលបានការងារធ្វើទាំងអស់ ពិសេសនៅតាមសណ្ឋាគារ និងស្ថាប័នទេសចរណ៍មួយចំនួនក្នុងរាជធានីភ្នំពេញ។
លោក លី យ៉ានហួយ បានបន្តទៀតថា នាឆ្នាំសិក្សា២០២២-២០២៣ខាងមុខនេះ សាលាទេសចរណ៍និងបដិសណ្ឋារកិច្ច វីត នឹងបណ្តុះបណ្តាលសិស្សស្របតាមស្តង់ដាអាស៊ានចំនួន១២៥នាក់បន្ថែមទៀត ក្នុងនោះរួមមានជំនាញការិយាល័យជួរមុខ៥០នាក់ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ៥០នាក់ និងគេហកិច្ច២៥នាក់។
លោក ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងអាស៊ាន និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ទ. បានឱ្យដឹងដែរថា ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានអនុញ្ញាតឱ្យសាលាទេសចរណ៍និងបដិសណ្ឋារកិច្ច វីត អនុវត្តកម្មវិធីសិក្សាអាស៊ានតាំងពីឆ្នាំ២០១៨។ លេខាធិការដ្ឋាន គ.ជ.អ.ទ. ក៏បានបណ្តុះបណ្តាលគ្រូបង្គោលជាតិដល់គ្រូជំនាញសាលាទេសចរណ៍និងបដិសណ្ឋារកិច្ចវីតនេះចំនួន៣រូប និងអ្នកវាយតម្លៃបង្គោលជាតិចំនួន៦រូបផងដែរ។
លោក ទ្រី ឈីវ បានបន្តថា កាលពីពេលថ្មីៗកន្លងទៅ លេខាធិការដ្ឋាន គ.ជ.អ.ទ. បានសហការជាមួយសាលាទេសចរណ៍និងបដិសណ្ឋារកិច្ច វីត វាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍បានចំនួន២វគ្គ (Front Office and Housekeeping)។
គួរជម្រាបថា ដើម្បីក្លាយជាសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍បាន សាលាទាំងនោះត្រូវចុះបញ្ជីស្របតាមនីតិវិធីរបស់ក្រសួងទេសចរណ៍។ មួយវិញទៀត ដើម្បីក្លាយជាសាលាដែលអនុវត្តកម្មវិធីស្ដង់ដាអាស៊ាន សាលាបណ្ដុះបណ្ដាលទាំងនោះត្រូវមានធនធានមនុស្សដែលអនុវត្តតាមស្ដង់ដាអាស៊ាន មានគ្រូបង្គោលដែលឆ្លងកាត់ការបណ្ដុះបណ្ដាលពីអនុវត្តតាមស្ដង់ដាអាស៊ាន ហើយត្រូវមានឧបករណ៍បង្រៀនគ្រប់គ្រាន់។ នេះបើតាមការបន្ថែមរបស់លោក ទ្រីវ ឈីវ។
លោកប្រធាននាយកដ្ឋានបានបន្តទៀតថា ដោយតែសាលាទេសចរណ៍និងបដិសណ្ឋារកិច្ចវីតនេះបានអនុវត្តកម្មវិធីស្ដង់ដាអាស៊ាន ហើយមានគ្រូបង្គោលដែលឆ្លងកាត់ការបណ្ដុះបណ្ដាល និងការវាយតម្លៃពីក្រសួងទេសចរណ៍រួចហើយ រួមទាំងលទ្ធផលដែលសាលានេះបានបណ្ដុះបណ្ដាលជាក់ស្ដែងដល់សិស្សានុសិស្សកន្លមកនោះ ដូច្នេះហើយទើបក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ (គ.ជ.អ.ទ.) ប្រកាសទទួលស្គាល់សាលាទេសចរណ៍និងបដិសណ្ឋារកិច្ចវីតនេះថាជា «មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍» ថែមទៀត។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ថោង ខុន បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសាលាទេសចរណ៍និងបដិសណ្ឋារកិច្ច វីត។
លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា នៅពេលយុវជនកម្ពុជាបានឆ្លងកាត់ការសិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍ស្របតាមស្ដង់ដាអាស៊ាន នោះពួកគេនឹងអាចស្វែងរកការងារធ្វើនៅក្នុងតំបន់អាស៊ានបាន តាមរយៈកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (MRAs) ដែលមានគោលដៅជំរុញឱ្យមានបម្លាស់ទីការងារក្នុងតំបន់អាស៊ាន៕