លទ្ធផលទាំងស្រុងនៃកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៤ និងកិច្ចប្រជុំពាក់ព័ន្ធ ៤-៥ កុម្ភៈ
(ភ្នំពេញ)៖ កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៤ ត្រូវបានរៀបចំឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០៤-០៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមប្រធានបទ «រួបរួមគ្នាដើម្បីស្តារវិស័យទេសចរណ៍ប្រកបដោយចីរភាព និងការទទួលខុសត្រូវ»។ នាឱកាសពីរថ្ងៃនេះ រដ្ឋមន្រ្តីទេសចរណ៍អាស៊ានបានចែករំលែកពីកង្វល់អំពីផលប៉ះពាល់នៃការផ្ទុះឡើងនូវវិបត្តិជំងឺកូវីដ-១៩ កាលពីឆ្នាំ២០២០ ដែលវិស័យទេសចរណ៍ជាវិស័យមួយដែលទទួលរងនូវផលប៉ះពាល់ខ្លាំងបំផុត។ ក្នុងឆ្នាំ២០២០ វិស័យទទួលរងនូវការបាត់បង់ប្រាក់ចំណូលប្រមាណ ៧៥.៨ ភាគរយ ដោយចំនួនភ្ញៀវទេសចរណ៍អន្តរជាតិធ្លាក់ចុះប្រមាណ ៨០.៥ ភាគរយ។
ខាងក្រោមនេះជាលទ្ធផលគន្លឹះនៃកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៤ ក្នុងនោះរួមមាន៖
ទី១៖ ការស្តារភាពជឿជាក់ និងទំនុកចិត្ត
* កម្មវិធីចាក់វ៉ាក់សាំង៖ រដ្ឋមន្រ្តីទាំងអស់ស្វាគមន៍ដល់ការចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងក្នុងប្រទេសសមាជិកអាស៊ាន និងជំរុញលើកទឹកចិត្តដល់អ្នកធ្វើដំណើរទាំងអស់ ដែលធ្វើដំណើរមកកាន់តំបន់អាស៊ាន និងផ្ទៃក្នុងអាស៊ាន ឲ្យចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីធានានូវសុខភាព និងសុវត្ថិភាព បង្កើនភាពជឿជាក់ ទំនុកចិត្ត និងភាពរឹងមាំសម្រាប់ការស្តារវិស័យទេសចរណ៍ឡើងវិញប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ។
* គោលការណ៍ណែនាំស្តីពីអនាម័យ និងសុវត្ថិភាព៖ រដ្ឋមន្រ្តីអាស៊ានបានចែករំលែកទស្សនៈស្តីពីការស្តារឡើងវិញនៃវិស័យទេសចរណ៍ពឹងផ្អែកលើប្រសិទ្ធភាពនៃវ៉ាក់សាំង ដែលនឹងកាត់បន្ថយការរឹតបន្តឹងការធ្វើដំណើរ និងពង្រីកការសម្របសម្រួលពិធីសារសម្រាប់ការធ្វើដំណើររវាងប្រទេសដៃគូក្នុងតំបន់អាស៊ាន និងល្បឿននៃការស្តារសេដ្ឋកិច្ចពិភពលោក។ គោលការណ៍ណែនាំស្តីពីអនាម័យ និងសុវត្ថិភាពសម្រាប់បុគ្គលិក និងសហគមន៍ក្នុងឧស្សាហកម្មទេសចរណ៍អាស៊ាន សម្រាប់បរិស្ថានការងារកាន់តែមានសុវត្ថិភាព និងសុខភាព ដើម្បីការពារបុគ្គលិក និងសហគមន៍ នឹងត្រូវបង្កើតឡើងក្នុងឆ្នាំ២០២១ ដើម្បីពង្រឹងទំនុកចិត្តដល់ភ្ញៀវទេសចរណ៍ក្នុងស្រុក និងអន្តរជាតិមកកាន់អាស៊ាន។
ទី២៖ ការស្តារឡើងវិញបន្ទាប់ពីវិបត្តិកូវីដ-១៩៖ ត្រៀមលក្ខណៈឆ្ពោះទៅកាន់អាស៊ានជាគោលដៅទេសចរណ៍តែមួយ
* ការបង្កើតផែនការស្តារឡើងវិញបន្ទាប់ពីវិបត្តិកូវីដ-១៩៖ រដ្ឋមន្រ្តីអាស៊ានក៏បានគាំទ្រដល់ការកសាងផែនការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩ និងកោតសរសើរកម្ពុជាសម្រាប់ការដឹកនាំកិច្ចផ្តួចផ្តើមនេះ ជាអាទិភាពមួយដល់វិស័យសេដ្ឋកិច្ចអាស៊ានក្នុងឆ្នាំ២០២១។ ផែនការស្តារឡើងវិញត្រូវកំណត់ជាអាទិភាពនូវវិធានការដើម្បីកសាងឡើងវិញនូវវិស័យទេសចរណ៍អាស៊ានឲ្យកាន់តែរឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន ដែលត្រូវបានណែនាំក្នុងផែនការស្តារឡើងវិញគ្រប់ជ្រុងជ្រោយអាស៊ាន (ACRP)។ កិច្ចប្រជុំគាំទ្រ និងសាទរចំពោះភាពជោគជ័យក្នុងការបង្កើតផែនទីចង្អុលបង្ហាញផ្លូវ សម្រាប់ការស្តារវិស័យទេសចរណ៍កម្ពុជាឡើងវិញអំឡុងពេល និងក្រោយវិបត្តិកូវីដ-១៩។ បទពិសោធន៍ និងការអនុវត្តល្អបំផុតរបស់កម្ពុជានឹងផ្តល់ប្រយោជន៍ដល់ផែនការស្តារឡើងវិញបន្ទាប់ពីវិបត្តិកូវិដ-១៩ របស់អាស៊ាន។
* បច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ាន ២០១៦-២០២៥៖ រដ្ឋមន្រ្តីទាំងអស់បានស្វាគមន៍ចំពោះលទ្ធផលនៃការពិនិត្យឡើងវិញនូវផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ាន ២០១៦-២០២៥ និងបានអនុម័តលើផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ាន ដែលបានធ្វើបច្ចុប្បន្នភាពរួច ដែលបានឆ្លុះបញ្ចាំងពីទិសដៅយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការទេសចរណ៍ នាពេលអនាគតឲ្យកានតែរឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន ដោយយកវិបត្តិជំងឺសកលនេះ ក៏ដូចជាការអភិវឌ្ឍន៍ក្នុងឧស្សាហកម្មទេសចរណ៍ថ្មីថ្មីទុកជាមេរៀន។
* យុទ្ធសាស្រ្តទីផ្សារទេសចរណ៍អាស៊ាន៖ រដ្ឋមន្រ្តីស្វាគមន៍ចំពោះយុទ្ធសាស្រ្តទីផ្សារទេសចរណ៍អាស៊ាន ២០២១-២០២៥ ដែលបានធ្វើបច្ចុប្បន្នភាពថ្មី ដែលបានដាក់ចេញនូវផែនទីចង្អុលបង្ហាញផ្លូវសម្រាប់រយៈពេល៥ឆ្នាំខាងមុខ (២០២១-២០២៥) រួមមានសកម្មភាពទីផ្សារ ដើម្បីផ្សព្វផ្សាយទេសចរណ៍អំឡុងពេល និងក្រោយវិបត្តិកូវីដ-១៩ ដោយយកសុខភាព និងសុវត្ថិភាពប្រជាពលរដ្ឋជាចម្បង។
* កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍៖ រដ្ឋមន្រ្តីទាំងអស់បានកត់សម្គាល់អំពីដំណើរការចុះហត្ថលេខាលើពិធីសារ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍ ។ ជាមួយនឹងការសម្រេចនូវការចុះហត្ថលេខាលើពិធីសារនេះ រដ្ឋមន្រ្តីនឹងបន្តពិនិត្យក្នុងការដាក់បញ្ចូលនូវស្តង់ដាសមត្ថភាពអាស៊ានសម្រាប់អ្នកជំនាញស្ប៉ា និងការបង្កើតកម្មវិធីសិក្សា និងប្រអប់បណ្តុះបណ្តាលសម្រាប់ស្តង់ដានេះ។ រដ្ឋមន្រ្តីបន្តរង់ចាំការផ្តល់សច្ចាប័នពេញលេញនៃពិធីសារនេះក្នុងពេលដ៏ខ្លីខាងមុខ។
* ផលប័ត្រវិនិយោគទេសចរណ៍អាស៊ាន៖ រដ្ឋមន្រ្តីបានអនុម័តផលប័ត្រវិនិយោគទេសចរណ៍អាស៊ាន ដែលបានបន្តទាក់ទាញ និងសម្របសម្រួលវិនិយោគិន និងធុរកិច្ចអន្តរជាតិក្នុងវិស័យទេសចរណ៍អាស៊ាន។ ផលប័ត្រនេះនឹងជំរុញលើកទឹកចិត្តការវិនិយោគលើវិស័យទេសចរណ៍បន្ថែមទៀតទៅកាន់ប្រទេសសមាជិកអាស៊ាន ដែលនឹងបង្កើតការងារ និងកាលានុវត្តភាពបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ ជាពិសេសដំណើរការស្តារឡើងវិញ។
* សេចក្តីថ្លែងការណ៍អាស៊ានស្តីពីទេសចរណ៍ឌីជីថល៖ រដ្ឋមន្រ្តីបានគូសបញ្ជាក់ពីសារៈសំខាន់នៃសេចក្តីថ្លែងការណ៍អាស៊ានស្តីពីទេសចរណ៍ឌីជីថល ដែលត្រូវបានអនុម័តដោយថ្នាក់ដឹកនាំអាស៊ាននាកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ និងបានណែនាំឲ្យមន្រ្តីជាតិទេសចរណ៍អាស៊ានអនុវត្ត ស្របតាមផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ាន ២០១៦-២០២៥ ដែលបានធ្វើបច្ចុប្បន្នភាពរួច ជាមួយនឹងទស្សនៈក្នុងការជំរុញការផ្លាស់ប្តូរឌីជីថលក្នុងឧស្សហកម្មទេសចរណ៍អាស៊ាន។
* សេចក្តីថ្លែងការណ៍ភ្នំពេញ៖ រដ្ឋមន្រ្តីអាស៊ានក៏បានអនុម័តសេចក្តីថ្លែងការណ៍ភ្នំពេញស្តីពីទេសចរណ៍អាស៊ានប្រកបដោយនិរន្តភាព បរិយាបន្ន និងរឹងមាំ និងបានណែនាំឲ្យមន្រ្តីពង្រឹងកិច្ចសហការជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធអាស៊ាន អង្គការអន្តរជាតិ ផ្នែកឯកជន និងអ្នកពាក់ព័ន្ធដទៃទៀតក្នុងវិស័យទេសចរណ៍ ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍នេះប្រកបដោយប្រសិទ្ធភាព។
* រដ្ឋមន្រ្តីអាស៊ានបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍លើកទី២៤ និងកិច្ចប្រជុំពាក់ព័ន្ធតាមរយៈប្រព័ន្ធវីឌីអូ អំឡុងពេលវេលាដ៏លំបាកនេះ៕