សិក្ខាកាមក្នុងភាពជាអ្នកដឹកនាំ ប្តេជ្ញាយកពុទ្ធិដែលទទួលបានទៅអនុវត្ត និងផ្សព្វផ្សាយបន្តដើម្បីពង្រីកថ្នាលធនធានមនុស្សក្នុងវិស័យទេសចរណ៍
សិក្ខាកាមក្នុងភាពជាអ្នកដឹកនាំ ប្តេជ្ញាយកពុទ្ធិដែលទទួលបានទៅអនុវត្ត និងផ្សព្វផ្សាយបន្តដើម្បីពង្រីកថ្នាលធនធានមនុស្សក្នុងវិស័យទេសចរណ៍
នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងពិធីបិទសិក្ខាសាលាពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រក្នុងវិស័យទេសចរណ៍ស្តីពី " ភាពជាអ្នកដឹកនាំ និងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី " លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ឆ្លៀតឱកាសក្នុងពិធីបិទសិក្ខាសាលានោះ លោកជំទាវរដ្ឋលេខាធិការ បានធ្វើការផ្តាំផ្ញើ និងផ្តល់អនុសាសន៍មួយចំនួនដល់សិក្ខាកាមទាំងអស់ត្រូវ ៖
១-យកពុទ្ធិដែលទទួលបានទៅអនុវត្ត និងផ្សព្វផ្សាយបន្តដើម្បីពង្រីកថ្នាលធនធានមនុស្សក្នុងវិស័យទេសចរណ៍។
២-ខិតខំអភិវឌ្ឍខ្លួនឲ្យក្លាយជាមន្ត្រីប្រកបដោយគុណភាពក្នុងការផ្តល់សេវា ក៏ដូចជាបំពេញការងារនៅនឹងកន្លែង ស្របតាមនិយាម និងលក្ខណ:សម្បត្តិនៃភាពជាអ្នកដឹកនាំ។
៣-យកចិត្តទុកដាក់កសាងបណ្តាញ និងចងក្រងក្រុមនារីឯកជនក្នុងវិស័យទេសចរណ៍បន្ថែមទៀតឲ្យស្របតាមការអភិវឌ្ឍរីកចម្រើន និងកំណើនឡើងនៃភ្ញៀវទេសចរ។
៤-បំផុសឲ្យបណ្តាញនារីផ្នែកឯកជនចូលរួមក្នុងចលនាប្រឡងប្រណាំងនារីឆ្នើមផ្នែកឯកជនក្នុងវិស័យទេសចរណ៍។
៥-ផ្សព្វផ្សាយ និងជំរុញដល់មូលដ្ឋានសេវាកម្មទេសចរណ៍ រមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ឲ្យរក្សាគុណភាពសេវាកម្ម តម្លៃ ភាពស្អាត និងបៃតងក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុខនេះ ដើម្បីបង្កលក្ខណ:ឲ្យប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរបានកម្សាន្តដោយរីករាយក្រោមដំបូលសន្តិភាព ។
ជាការប្តេជ្ញាចិត្ត សិក្ខាកាមសរុបចំនួន១១០នាក់ បានប្តេជ្ញាយកពុទ្ធិដែលទទួលបានទៅអនុវត្ត និងផ្សព្វផ្សាយបន្តដើម្បីពង្រីកថ្នាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងប្រតិបត្តិខ្លួនជាមន្ត្រីប្រកបដោយវិជ្ជាជីវ:ក្នុងការបម្រើសេវាសាធារណ:ជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ៕