សិក្ខាសាលាផ្សព្វផ្សាយស្តង់ដាសហគមន៍ទេសចរណ៍កម្ពុជា និងស្តង់ដាសហគមន៍ទេសចរណ៍អាស៊ាន
(ព្រះវិហារ)៖ កាលពីថ្ងៃសុក្រ ១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តព្រះវិហារ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តង់ដាសហគមន៍ទេសចរណ៍កម្ពុជា និងស្តង់ដាសហគមន៍ទេសចរណ៍អាស៊ាន ក្រោមអធិបតីភាព ឯកឧត្តម តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និង ឯកឧត្តម លី សារ៉ារិទ្ធិ អភិបាលរងនៃគណៈបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីតំណាងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ សិស្ស-និស្សិត និងយុវជនយ៉ាងច្រើនកុះករ។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
- ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវការទទួលខុសត្រូវរួមគ្នារបស់ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ លើការងារសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍
- ផ្សព្វផ្សាយអំពីស្តង់ដាសហគមន៍ទេសចរណ៍ទាំងថ្នាក់ជាតិ និងថ្នាក់អាស៊ាន ដើម្បីជម្រុញការរៀបចំសហគមន៍ទេសចរណ៍ឲ្យស្របតាមស្តង់ដាទាំងពីរនេះ
- លើកកំពស់ការអភិវឌ្ឍនៅតាមសហគមន៍មូលដ្ឋាន រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រនៅតាមមូលដ្ឋានតាមរយៈការបញ្ចូលសកម្មភាពទេសចរណ៍។
នាឱកាសនោះ ឯកឧត្តម តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានផ្តល់អនុសាសន៍ឲ្យមន្ទីរទេសចរណ៍ខេត្តព្រះវិហារ សហការជាមួយក្រុមការងារជំនាញក្រសួងទេសចរណ៍ ជាពិសេសនាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ ក្នុងការរៀបចំផលិតផលទេសចរណ៍ក្នងខេត្តព្រះវិហារ ជាពិសេសគោលដៅសហគមន៍ទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងទេសចរណ៍ផ្សងព្រេង ព្រមជាមួយព្រឹត្តិការណ៍ទេសចរណ៍កីឡានានា សំដៅរួមចំណែកធ្វើឲ្យខេត្តព្រះវិហារក្លាយជាគោលដៅទេសចរណ៍សំខាន់មួយសម្រាប់ភាគខាងជើងប្រទេស។
គួរបញ្ជាក់ថា ស្ដង់ដាសហគមន៍ទេសចរណ៍អាស៊ានផ្ដោតលើ ០៨សូចនាករ ចែកជា ២៣ សូចនាករលំអិត និង១៧១ លក្ខណៈវិនិច្ឆ័យសរុប។ ដោយឡែក ស្តង់ដាសហគមន៍ទេសចរណ៍កម្ពុជា មានសូចនាករគោលចំនួន០៨ មានសូចនាករលំអិតចំនួន ២៣ និងមានលក្ខណៈវិនិច្ឆ័យសរុបចំនួន១៦៩ ក្នុងនោះមាន ៨៦លក្ខណៈវិនិច្ឆ័យកម្រិត “មធ្យម” ៥២ លក្ខណៈវិនិច្ឆ័យ “កម្រិតខ្ពស់” និង៣១ លក្ខណៈវិនិច្ឆ័យ “កម្រិតខ្ពស់បំផុត”៕
#Cambodia #Tourism #Ecotourism #Community #ព្រះវិហារ #សហគមន៍ទេសចរណ៍ #អេកូទេសចរណ៍