សិក្ខាសាលាពង្រឹងគុណភាពផលិតផលទេសចរណ៍សម្រាប់ត្រៀមទទួលភ្ញៀវទេសចរនាឱកាសពិធីបុណ្យទន្លេឆ្នាំ ២០១៩
នាថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំសិក្ខាសាលាពង្រឹងគុណភាពផលិតផលទេសចរណ៍សម្រាប់ត្រៀមទទួលភ្ញៀវទេសចរនាឱកាសពិ ធីបុណ្យទន្លេឆ្នាំ ២០១៩ នៅសណ្ឋាគារសុខថៃសាន្ត ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម តុប សុភ័ក អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងនៃគណៈអភិ បាល ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមយ៉ាងច្រើនកុះករពីប្រតិបត្តិករ អាជីវករទេសចរណ៍ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត។
នាឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការបានជំរុញឲ្យមន្ត្រី និងមន្ទីរពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន និងចូល រួមពង្រឹងគុណភាពផលិតផល និងសេវាទេសចរណ៍ ឲ្យស្របតាមស្តង់ដា ធ្វើយ៉ាងណាឲ្យទទួលបានការកោតសសើរ ពីសំណាក់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលចូលមកកម្សាន្តឱកាសពិធីបុណ្យទន្លេខាងមុខនេះ។
គួរបញ្ជាក់ថា ពិធីបុណ្យទន្លេលើកទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង។