សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា នឹងចាក់វ៉ាក់សាំងជូនពលរដ្ឋក្នុងតំបន់ក្រហមគ្រប់គ្នាដោយមិនទុកចោលនរណាម្នាក់ឡើយ
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលនឹងបន្តចាក់វ៉ាក់សាំងជូនប្រជាជនក្នុង«តំបន់ក្រហម»រហូតទាល់តែគ្រប់ប្រជាជនទាំងអស់ ដោយមិនទុកប្រជាជនណាម្នាក់ចោលដោយមិនទទួលបានវ៉ាក់សាំងនោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលបែបនេះនៅក្នុងសារជាសំឡេងរយៈពេលជាង ១៤នាទី ដែលសម្ដេចផ្ញើជូនទៅក្រុមការងារចាក់វ៉ាក់សាំងជូនប្រជាជននៅតំបន់ក្រហមនៅព្រឹកនេះ។