សម្ដេចតេជោ ហ៊ុន សែន អនុម័តរួចរាល់លើផែនការស្តារវិស័យទេសចរណ៍ជាតិ

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានឱ្យដឹងថា ផែនទីចង្អុលផ្លូវ (Roadmap) ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុម័តជាផ្លូវការរួចហើយ នាថ្ងៃទី៣០ ខែមីនាកន្លងទៅ។
សេចក្ដីប្រកាសព័ត៌មាននេះមានខ្លឹមសារដូចខាងក្រោម៖
* ទី១៖ ផែនទីចង្អុលផ្លូវ (Roadmap) ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩
វិស័យទេសចរណ៍ ជាវិស័យអាទិភាពក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា។ វិស័យទេសចរណ៍ ក៏ដូចជាវិស័យនានាបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ-១៩។ សម្រាប់កម្ពុជា ការស្តារឡើងវិញនៃវិស័យនេះទាមទារឱ្យមានការគិតគូរ និងតម្រង់ទិសច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។
ក្នុងន័យនេះ «ផែនទីចង្អុលផ្លូវ (Roadmap) ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩» នឹងក្លាយជាត្រីវិស័យ និងជាផែនការយុទ្ធសាស្ត្រមួយដ៏សំខាន់ ដើម្បីធានាដាក់ចេញវិធានការអន្តរាគមន៍ទាន់ពេលវេលា។
ផែនទីចង្អុលផ្លូវនឹងកំណត់នូវចក្ខុវិស័យក្នុងការប្រែក្លាយវិបត្តិជំងឺកូវីដ-១៩ ទៅជាកាល្លានុវត្តភាពសម្រាប់ការកែទម្រង់ក្នុងវិស័យទេសចរណ៍កម្ពុជា ឱ្យទៅជាគោលដៅទេសចរណ៍គុណភាព សុវត្ថិភាព និងនិរន្តរភាព ដោយទាញយកមកវិញនូវចំនួនភ្ញៀវទេសចរអន្តរជាតិ និងជំរុញសកម្មភាពទេសចរណ៍ក្នុងស្រុក។
ផែនទីចង្អុលផ្លូវ (Roadmap) ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍ និងបានទទួលការឯកភាពគាំទ្រពីគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនផងដែរ។
ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍នេះ នឹងត្រូវអនុវត្តជា ៣ ដំណាក់កាល រួមមាន៖
* ដំណាក់កាលទី១ (Resilience & Restart)៖ ការគ្រប់គ្រងវិបត្តិក្នុងដំណាក់កាលទម្លាប់ថ្មី (New Normal) និងរៀបចំផែនការសម្រាប់ការស្ដារឡើងវិញ (២០២១)។
* ដំណាក់កាលទី២ (Recovery)៖ ការស្ដារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ (២០២២-២០២៣)
* ដំណាក់កាលទី៣ (Relaunch)៖ ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា (២០២៤-២០២៥)។
ផែនទីចង្អុលផ្លូវនេះមានយុទ្ធសាស្រ្ដសរុបចំនួន ៩ សកម្មភាពយុទ្ធសាស្រ្ដចំនួន ៤៩ និងសកម្មភាពយុទ្ធសាស្រ្ដលម្អិតចំនួន ១៨០ រួមជាមួយគម្រោងកម្មវិធីអាទិភាពចំនួន ១៧។ បន្ថែមលើនេះ ដើម្បីដឹកនាំ និងតាមដានការអនុវត្តផែនការសកម្មភាពក្នុងដំណាក់កាលនីមួយៗនៃផែនទីចង្អុលផ្លូវនេះ រាជរដ្ឋាភិបាលនឹងរៀបចំយន្តការអន្តរស្ថាប័នមួយ។
ការអនុម័តផែនទីចង្អុលផ្លូវ (Roadmap) ស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ នាពេលនេះ គឺស្របពេលដែលរាជរដ្ឋាភិបាលបានកំពុងប្រកាសជំរុញយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងពង្រឹងយន្តការគ្រប់គ្រងការឆ្លងរីករាលដាលកូវីដ-១៩ ក្នុងសហគមន៍ផងដែរ។
* ទី២៖ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥
ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ ត្រូវបានរៀបចំដោយ «គណៈកម្មការអន្តរក្រសួងដើម្បីសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប» ដឹកនាំដោយឯកឧត្តមបណ្ឌិត​ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង និងបានទទួលការឯកភាព និងគាំទ្រពីគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ដែលមានលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន។
ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប មានគោលដៅធ្វើឱ្យខេត្តសៀមរាបអាចក្តាប់យកមកវិញនូវមោទនភាពជាគោលដៅទេសចរណ៍ចម្បងក្នុងប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងរយៈពេលមធ្យម និងវែងខាងមុខ។
ផែនការមេនេះ កំណត់ចក្ខុវិស័យឱ្យខេត្តសៀមរាបទាក់ទាញ និងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនប្រមាណ ១៨.៤ លាននាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួនប្រមាណ ១០.៩ លាននាក់ និងទេសចរអន្តរជាតិចំនួនប្រមាណ ៧.៥ លាននាក់ បង្កើតការងារប្រមាណ ៩៤ ម៉ឺននាក់ នាំចំណូលហូរចូលក្នុងចរន្តសេដ្ឋកិច្ចខេត្តសៀមរាបប្រមាណ ៦ ពាន់លានដុល្លារអាម៉េរិក និងធ្វើឱ្យខេត្តនេះ និងតំបន់ជុំវិញក្លាយជា «គោលដៅទេសចរណ៍ប្រកបដោយគុណភាព» ឆ្ពោះទៅឆ្នាំ២០៣៥ តាមរយៈការដាក់ចេញ និងអនុវត្តនូវគោលដៅយុទ្ធសាស្ត្រចំនួន ៧ រួមមាន៖
១៖ ការអភិវឌ្ឍតំបន់ទេសចរណ៍អាទិភាពនៅខេត្តសៀមរាប
២៖ ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ
៣៖ ការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍មកខេត្តសៀមរាប
៤៖ ការពង្រឹងគុណភាព និងនិរន្តរភាពនៃការអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប
៥៖ ការគ្រប់គ្រងបរិស្ថាននៅខេត្តសៀមរាប
៦៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់គាំទ្រវិស័យទេសចរណ៍នៅខេត្តសៀមរាប
៧៖ ការពង្រឹងអភិបាលកិច្ចសម្រាប់ទ្រទ្រង់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប។
ផែនការមេនេះ ដាក់ចេញនូវយុទ្ធសាស្រ្តសរុបចំនួន ៤៤ សកម្មភាពអនុវត្តសរុបចំនួន ១៣៦ សម្រាប់រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង អមជាមួយគម្រោងសកម្មភាពអាទិភាពចំនួន ២០។
ក្រសួងទេសចរណ៍នឹងបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តឯកសារដ៏មានសារៈសំខាន់ជាយុទ្ធសាស្រ្តទាំងពីរខាងលើនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.