ឯកឧត្ដមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង និងឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ចុះពិនិត្យមើលអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដើម្បីត្រៀមរៀបចំទទួលបដិសណ្ឋារកិច្ច​ភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងជំងឺកូវីដ-19 ពេញលេញ

(ព្រះសីហនុ)៖ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំប្រតិភូក្រសួង និងមន្ត្រីជំនាញ ចុះទៅពិនិត្យមើលការរៀបចំនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ក្នុងការត្រៀមលក្ខណៈទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ-១៩ ពេញលេញ ចូលមកទស្សនាខេត្តព្រះសីហនុ ។
នាឱកាសនោះឯកឧត្ដមរដ្ឋមន្ត្រីទាំងពីរ ក៏បានផ្តល់នូវអនុសាសន៍ណែនាំដល់អ្នកគ្រប់គ្រងនៅព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ២ចំណុចរួមមាន ៖
* ទី១៖ សម្រាប់អាកាសយាន្តដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ត្រូវជំរុញការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារ SOP របស់ក្រសួងសុខាភិបាល ស្របតាមគន្លងប្រក្រតីភាពថ្មី សម្រាប់ច្រកទ្វារចេញ-ចូលអន្តរជាតិ ឱ្យមានប្រសិទ្ធិភាពខ្ពស់។
* ទី២៖ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ត្រូវជំរុញការហោះហើរក្នុងស្រុក និងការតភ្ជាប់ផ្លូវអាកាសពីប្រទេសដែលជាប្រភពទីផ្សារទេសចរណ៍សំខាន់ៗរបស់កម្ពុជា បម្រើដល់ការទទួលទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពេញលេញ ប្រកបដោយតម្លៃសមរម្យ គុណភាព និងសុវត្ថិភាពជូន​ភ្ញៀវទេសចរ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសម្រេចអនុញ្ញាតឲ្យអ្នកដំណើរទាំងជនជាតិខ្មែរ និងជនជាតិបរទេសទាំងដែលធ្វើដំណើរចូលកម្ពុជា ហើយបានចាក់វ៉ាក់សាំងពេញលេញ (២ដូស) គឺមិនតម្រូវឲ្យធ្វើចត្តាឡីស័កទៀតទេ។ លើកលែងតែអ្នកដែល មិនទាន់ចាក់វ៉ាក់សាំង គឺត្រូវឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃដដែល។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា សម្រាប់អ្នកដំណើរដែលធ្វើដំណើរតាមផ្លូវអាកាសទាំងភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប, តាមផ្លូវទឹក និងតាមផ្លូវគោកជាដើម ត្រូវធ្វើតេស្តរហ័សដែលត្រូវរង់ចាំរយៈពេលត្រឹមតែ១៥នាទីប៉ុណ្ណោះ គឺអាចដឹងលទ្ធផលបាន។ បន្ទាប់ពីទទួល បានលទ្ធផល ធ្វើតេស្តអវិជ្ជមាន ហើយនោះ អ្នកដំណើរចូលកម្ពុជា ទាំងអស់អាចធ្វើដំណើរដោយសេរីទូទាំងប្រទេសកម្ពុជា ដោយមិនកម្រិតតំបន់ ឬខេត្តសម្រាប់ដើរហើយនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សម្រាប់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងហើយចូលមកកម្ពុជា តម្រូវឲ្យធ្វើតេស្តដោយម៉ាស៉ីន PCR និងធ្វើចត្តាឡីស័ក​រយៈពេល១៤ថ្ងៃដដែល។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ សូមធ្វើការជាបន្ទាន់នូវការសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីអាចដំណើរការការសម្រេចនេះ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។ សម្រាប់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក បន្ទាប់ពីទទួលបានការសម្រេចថ្មីនេះសូមឲ្យមានការលើកលែងការធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ការសម្រេចអនុញ្ញាតការមិនតម្រូវធ្វើចត្តាឡីស័ក ចំពោះអ្នកចាក់វ៉ាក់សាំង ពេញលេញ រួចនេះ គឺត្រូវជាមួយប្រទេសថៃ ឡាវ និងវៀតណាមផងដែរ។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា ការមិនតម្រូវឲ្យធ្វើចត្តាឡីស័កនេះ គឺឆ្លើយតបទៅនឹងបរិបទថ្មី ដែលយើងត្រូវបានដំណើរការសេដ្ឋកិច្ចឡើងវិញ ខណៈប្រជាពលរដ្ឋខ្មែរ យើង ត្រូវការធ្វើដំណើរចេញចូលប្រទេស ប៉ុន្តែព្រួយបារម្ភអំពីការធ្វើចត្តាឡីស័ក នៅពេលនេះបងប្អូនប្រជាពលរដ្ឋលែងព្រួយបារម្ភ ពីការធ្វើចត្តាឡីស័កទៀតហើយ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.