សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបើកដំណើរការជាផ្លូវការ ពិធីបុណ្យសមុទ្រ
(កោះកុង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅល្ងាចថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីបើកដំណើរការជាផ្លូវការ នូវពិធីបុណ្យសមុទ្រលើកទី៧ នៅក្នុងខេត្តកោះកុង។ ក្នុងពិធីដ៏អធិកអធមនេះ ក៏មានការអញ្ជើញចូលរួមពីប្រធានក្លឹបឆ្នេរស្អាតលើពិភពលោក ព្រមទាំងមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលមកពីតាមក្រសួងស្ថាប័ន ដោយមានការបង្ហាញជូនផ្ទាំងទស្សនីយ ភាពសិល្បៈយ៉ាងសម្បូរបែបផងដែរ។
ពិធីបុណ្យសមុទ្រលើកទី៧ ជុំទីពីរនៅក្នុងខេត្តកោះកុងឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណីយ» អមដោយពាក្យស្លោក «អេកូទេសចរណ៍សម្រាប់កំណើនបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព»។
ក្នុងសារលិខិតចូលរួមអបអរសាទរពិធីបុណ្យសមុទ្រលើកទី៧ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកព្រឹត្តិការណ៍នេះ ជាឱកាសមួយដើម្បីពង្រឹងគុណ ភាពឧស្សាហកម្មទេសចរណ៍ ជំរុញការបង្កើត និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយភាពច្នៃ ប្រឌិត និងការទទួលខុសត្រូវខ្ពស់ឲ្យស្របទៅនឹងសក្តានុពលធនធានធម្មជាតិនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលត្រូវបានប្រសិទ្ធនាមថាជា «តារារះនាទិសនិរតី»។
សម្តេចនាយករដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមថា ការប្រារព្ធពិធីបុណ្យសមុទ្រ ដែលបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនេះ គឺជាកា ល្លានុវត្តភាពដ៏ប្រសើរសម្រាប់កម្ពុជា ក្នុងការធ្វើឲ្យឆ្នេរសមុទ្រកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ដែលជាកត្តាចូលរួមចំណែក ក្នុងការផ្តល់ចំណូលដោយផ្ទាល់ ការបង្កើនការងារ ការចូលរួមកាត់បន្ថយភាពក្រីក្រ និងការការពារបរិស្ថាន ធនធាន ធម្មជាតិជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ឆ្នេរ ពិសេសចូលរួមចំណែកធ្វើឲ្យសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ព្រមទាំងបង្កើនស្មារតីស្រឡាញ់ជាតិមាតុភូមិ សាមគ្គីភាព និងមិត្តភាពផងដែរ។
ពិធីបុណ្យសមុទ្រៅក្នុងខេត្តកោះកុងនៅឆ្នាំនេះ ប្រារព្ធឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ។ ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្រសួងទេសចរណ៍ និងក្រសួងពាក់ព័ន្ធរួមជាមួយរដ្ឋបាលខេត្តកោះកុង បានរៀបចំតុបតែងលំអរសោភណ្ឌភាពក្នុងទីរួមខេត្តយ៉ាងស្រស់ស្អាត និងគួរជាទីទាក់ទាញ។ លើសពីនោះតំបន់ទេសចរណ៍នៅតាមឆ្នេរ និងនៅតាមព្រៃកោងកាង រួមនឹងកន្លែងទេសចរណ៍បែបកែច្នៃ និងធម្មជាតិជាច្រើនទៀត ត្រូវបានរៀបចំបម្រុងទុកសម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិ ដែលនឹងមកលេងកម្សាន្តនៅខេត្តកោះកុងក្នុងអំឡុងពេលបុណ្យសមុទ្រនេះផងដែរ។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកោះកុង បានអះអាងថា ពិធីបុណ្យសមុទ្រនៅឆ្នាំនេះទទួលបានការចាប់ អារ ម្ម ណ៍ខ្ពស់ពីសំណាក់អ្នកទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត។ បើតាមរបាយការណ៍បន្ទប់សណ្ឋាគារ និងផ្ទះសំណាក់សរុបប្រមាណជា ១៨០០បន្ទាប់នៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ត្រូវបានកក់ពេញអស់។
បន្ថែមពីលើនោះ ដើម្បីផ្តល់កន្លែងស្នាក់នៅដល់អ្នកទេសចរដែលមកលេងកម្សាន្តនៅក្នុងពិធីបុណ្យនេះ ក្រសួងទេសចរណ៍ ក៏ដូច ជារដ្ឋបាលខេត្តកោះកុង បានសហការគ្នាជាមួយភាគីថៃរៀបចំបន្ទប់រហូតដល់ទៅប្រមាណ ៦០០បន្ទប់បន្ថែមទៀតសម្រាប់ទទួលភ្ញៀវ។ ពលរដ្ឋខ្មែរដែលមកលេងកម្សាន្តនៅក្នុងពិធីបុណ្យសមុទ្រនេះ គេអាចទៅជួលបន្ទប់ស្នាក់នៅក្នុងខេត្តត្រាត ប្រទេសថៃ ដែលជាប់ព្រំដែនគ្នាមួយខេត្តកោះកុង ដោយគ្រាន់តែយកអត្តសញ្ញាបណ្ណទៅបង្ហាញអាជ្ញាធរថៃតែប៉ុណ្ណោះ។
ក្រៅពីការសម្តែងសិល្បៈ និងផ្ទាំងទស្សនីយភាពផ្សេងៗ ដើម្បីជាការទាក់ទាញភ្ញៀវហើយនោះ ក្នុងពិធីបុណ្យសមុទ្រនេះ ក៏មានការតាំងពិព័រណ៍ផលិតផលប្រមាណ ៥០០ស្តង់ផងដែរ។ ផលិតផលនេះមានមកពីតាមក្រសួងស្ថាប័ននានា ក៏ដូចជាមកពីតាមក្រុមហ៊ុននានាទាំងនៅក្នុងប្រទេស និងបណ្តាប្រទេសសមាជិកអាស៊ានផងដែរ។
ក្រឡេកទៅមើលបញ្ហាសន្តិសុខវិញក៏ត្រូវបានរឹតបន្តឹងខ្លាំងផងដែរ ដើម្បីធានាដល់សុខសុវត្ថិភាពសម្រាប់អ្នកមកលេងកម្សាន្តនៅក្នុងខេត្តកោះកុងនេះ។ មន្ត្រីពេទ្យ រថយន្តសង្គ្រោះ ត្រូវបានពង្រាយនៅកន្លែងលេងកម្សាន្ត ដើម្បីជួយដល់ប្រជាពលរដ្ឋពេលមានបញ្ហាសុខសភាព៕