ស្វីសប្ដេជ្ញាបន្តជួយបណ្ដុះបណ្ដាលជំនាញទេសចរណ៍ដល់ពលរដ្ឋកម្ពុជា រយៈពេល៤ឆ្នាំទៀត

(ភ្នំពេញ)៖ វិស័យទេសចរណ៍កម្ពុជាកាន់តែមានសង្ឃឹមមួយកម្រិតទៀត ខណៈការិយាល័យសហប្រតិបត្តិការស្វីស​បានពាំនាំដំណឹងមកជម្រាប​ប្រាប់ក្រសួង​ទេសចរណ៍​ឱ្យដឹងថា រដ្ឋាភិបាលស្វីសនឹងបន្តជួយគាំទ្រលើគម្រោងអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈទេសចរណ៍ដល់ប្រជាពលរដ្ឋកម្ពុជាដែលរស់នៅខេត្តភាគខាងជើង និងភាគឦសាន រយៈពេល​៤ឆ្នាំទៀត។
ការឱ្យដឹងនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សារវាងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក ម៉ាខឺស ប័រលី (Markus Buerli) នាយកការិយាល័យសហប្រតិបត្តិការស្វីស នៃស្ថានអគ្គកុលស៊ុលស្វីសប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០។
លោក ម៉ាខឺស ប័រលី បានឱ្យដឹងថា ចាប់ពីឆ្នាំ២០២២-២០២៥ ខាងមុខ រដ្ឋាភិបាលប្រទេសស្វីសនឹងដាក់ចុះគម្រោងអភិវឌ្ឍន៍ធំថ្មីមួយទៀត ដែលនឹងអនុវត្តតាមប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ គម្រោងនេះនឹងត្រូវអនុវត្តលើវិស័យជាច្រើន ដូចជា វិស័យទេសចរណ៍ វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាដើម។
ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ថ្មី ២០២២-២០២៥ នេះទៀតសោត ស្វីសនឹងបន្តជួយអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈទេសចរណ៍ដល់ប្រជាពលរដ្ឋកម្ពុជានៅតាមខេត្តភាគខាងជើង និងភាគឦសាន ដូចជា ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងខេត្តមណ្ឌលគិរី។
លោក មាខឺស ពិតជាចាប់អារម្មណ៍នឹងប្រទេសកម្ពុជាយ៉ាងខ្លាំង ដែលកម្ពុជាសម្បូរទៅដោយសម្បត្តិធនធានធម្មជាតិ សក្ដានុពលទេសចរណ៍ ពិសេសគឺតំបន់អេកូទេសចរណ៍ ដែលមាននៅតាមខេត្តភាគខាងជើង និងភូមិភាគឦសាន ជាហេតុធ្វើឱ្យលោកកាន់តែស្រលាញ់ចូលចិត្ត និងចង់ចូលរួមអភិរក្សការពារ។
យ៉ាងណាមិញ ដើម្បីជួយការពារធនធានធម្មជាតិទាំងនេះឱ្យគង់វង្សបាន គេត្រូវបង្កើនសក្ដានុពលខាងវិស័យអេកូទេសចរណ៍ ដែលអាចឱ្យប្រជាពលរដ្ឋមូលដ្ឋានមានចំណូលបានច្រើន ជៀសផុតពីការកាប់បំផ្លាញព្រៃឈើ បរបាញ់សត្វព្រៃ ដែលនាំទៅដល់ការវិនាសហិនហោចនូវធនធានធម្មជាតិក្នុងប្រទេស។ ដូច្នេះហើយទើបលោកចង់ជំរុញឱ្យមានការបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ ដល់ប្រជាពលរដ្ឋមូលដ្ឋានទាំងនោះ ដើម្បីឱ្យពួកគេមានជំនាញច្បាស់លាសរឹងមាំ អាចបម្រើសេវាកម្មក្នុងវិស័យទេសចរណ៍បានច្រើន។
គំនិតស្រលាញ់ធនធានធម្មជាតិនៅកម្ពុជានេះ ទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ខណៈភាគីទាំងពីរក៏បានប្ដេជ្ញាថានឹងជំរុញការអនុវត្តការងារខាងលើនេះឱ្យបានខ្លាំងក្លា នាពេលខាងមុខ ពិសេសនៅក្រោយពេលវិបត្តិជំងឺកូវីដ-១៩។
ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានបង្ហាញព័ត៌មានពិសេសមួយទៅកាន់លោក ម៉ាខឺស ដែរថា ក្រសួងទេសចរណ៍បាននិងកំពុងរៀបចំផែនទីចង្អុលទិស ឆ្នាំ២០២០-២០២៥ ដែលនឹងមានការចែកចេញជា៣ដំណាក់កាល រួមមាន៖
* ឆ្នាំ២០២០-២០២១ ជាដំណាក់កាលមុនការងើបឡើងវិញនូវវិស័យទេសចរណ៍ ដែលស្ថិតក្នុងពេលគ្រប់គ្រងវិបត្តិ
* ឆ្នាំ២០២១-២០២៣ ជាដំណាក់កាលដោះស្រាយផលលំបាកនានាដែលកើតចេញពីវិបត្តិជំងឺកូវីដ ដើម្បីជួយដល់វិស័យទេសចរណ៍
* ឆ្នាំ២០២៣-២០២៥ ជាដំណាក់កាលពង្រឹងវិស័យទេសចរណ៍ឡើងវិញ ដើម្បីវឌ្ឍនភាពទៅថ្ងៃអនាគត។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ពិសេសលើផ្នែកទេសចរណ៍សហគមន៍ ដើម្បីធ្វើយ៉ាងបង្កើនការបណ្ដុះបណ្ដាលលើផ្នែកគុណភាពសេវាកម្មទេសចរណ៍ដល់ប្រជាសហគមន៍ និងប្រជាពលរដ្ឋមូលដ្ឋានឱ្យបានកាន់តែច្រើន ហើយឆ្លើយតបទៅនឹងបរិបទថ្មីក្រោយវិបត្តិជំងឺកូវីដ ឬ New Normal Life។ ចំពោះសំណើនេះ លោក ម៉ាខឺស ប័រលី មានការពេញចិត្តយ៉ាងខ្លាំងក្នុងការទទួលយកទៅពិចារណា។
សូមជម្រាបថា កន្លងមក កម្ពុជា-ស្វីស ធ្លាប់បានសហការគ្នាលើការអភិវឌ្ឍន៍ទេសចរណ៍ តួយ៉ាងមានដូចជា គម្រោងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ដល់យុវជនកម្ពុជា ដើម្បីឱ្យពួកគេមានចំណេះជំនាញស្របតាមស្ដង់ដាអាស៊ាន។ ក៏មានដែរនូវការជួយរៀបចំស្ដង់ដាទទួលស្គាល់អ្នកដែលមានការងារក្នុងវិស័យទេសចរណ៍ តែមិនទាន់មានវិញ្ញាបនបត្រ ឬសញ្ញាបត្រ ខណៈគម្រោងទាំងនេះសុទ្ធមានរយៈពេល៤ឆ្នាំដូចគ្នា។
ជាមួយគ្នានោះ ក៏មានកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ដល់គ្រួសារដែលងាយរងគ្រោះ ឬគ្រួសារពលរដ្ឋនៅខេត្តសៀមរាប ដែលមានទំនោរចង់ធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដើម្បីឱ្យពួកគេមានជំនាញផ្ទាល់ខ្លួន ហើយងាកមកចាប់យកការងារលើវិស័យទេសចរណ៍ក្នុងប្រទេស ឬក្នុងមូលដ្ឋានរបស់ខ្លួនវិញ។
កាលពីខែសីហា ឆ្នាំ២០២០ កន្លងទៅ ក្រសួងទេសចរណ៍បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គការ Swiss contact លើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍បន្ថែម ដល់អ្នកបម្រើការក្នុងវិស័យទេសចរណ៍នៅខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី និងខេត្តរតនគិរី។ កម្មវិធីបណ្ដុះបណ្ដាលនេះក៏ត្រូវមានការឆ្លើយតបទៅនឹងស្ដង់ដាអាស៊ាន ហើយក៏ឆ្លើយតបទៅនឹងរបៀបរបបនៃការរស់នៅថ្មី ឬ New Normal Life ក្នុងពេលមានវិបត្តិជំងឺកូវីដ និងក្រោយពេលវិបត្តិនេះផងដែរ។
មិនតែប៉ុណ្ណោះ ស្វីសថែមទាំងបានចូលរួមជួយកម្ពុជាក្នុងការរៀបចំស្ដង់ដាអាស៊ានចំនួន ២ គឺស្ដង់ដាស្ប៉ា-ម៉ាស្សា និងស្ដង់ដា MICE ដែលកម្ពុជាដឹកនាំលើការងារនេះ។ បន្ទាប់ពីរៀបចំស្ដង់ដាអាស៊ានទាំងពីរនេះបានហើយ ស្វីសក៏កំពុងពិចារណាលើគម្រោងកម្មវិធីជួយបណ្ដុះបណ្ដាលជំនាញស្ប៉ា-ម៉ាស្សា និងជំនាញ MICE នេះដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ៕

 
 

 
 

 
 

 

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.