អង្គការទេសចរណ៍ពិភពលោក៖ សេដ្ឋកិច្ចពិភពលោកអាចនឹងខាតបង់ជាង ៤ទ្រីលានដុល្លារ ដោយសារផលប៉ះពាល់នៃវិបត្តិកូវីដលើវិស័យទេសចរណ៍

(ភ្នំពេញ)៖ តាមរបាយការណ៍រួមរបស់អង្គការទេសចរណ៍ពិភពលោក (UNWTO) និងទីភ្នាក់ងារសន្និសីទអង្គការសហប្រជាតិស្ដីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) បានចេញផ្សាយថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានបង្ហាញថា សេដ្ឋកិច្ចពិភពលោកអាចនឹងខាតបង់ជាង ៤ ទ្រីលានដុល្លារ ដោយសារផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ លើវិស័យទេសចរណ៍។
ស្ថាប័នអន្តរជាតិទាំងពីរបានបញ្ជាក់ថា ការធ្លាក់ចុះដ៏គំហុកនៃវិស័យទេសចរណ៍អន្តរជាតិបណ្ដាលមកពីវិបត្តិជំងឺកូវី-១៩ អាចនឹងធ្វើឲ្យផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកខាតបង់ប្រមាណជាង ៤ ទ្រីលានដុល្លារ សម្រាប់ឆ្នាំ២០២០ និងឆ្នាំ២០២១ ដែលរួមមានផលប៉ះពាល់ក្នុងវិស័យទេសចរណ៍ផ្ទាល់ និងវិស័យជាប់ពាក់ព័ន្ធនឹងវិស័យទេសចរណ៍។ កាលពីឆ្នាំ២០២០ ទំហំនៃផលប៉ះពាល់នេះមានប្រមាណ ២.៤ ទ្រីលានដុល្លារ ហើយតាមការប៉ាន់ស្មាន ឆ្នាំ២០២១ នឹងស្គាល់ការខាតបង់ប្រហាក់ប្រហែលគ្នាដែរ។
របាយការណ៍ក៍បានបង្ហាញថា ការងើបឡើងវិញនៃវិស័យទេសចរណ៍ពឹងផ្អែកលើការបង្កើនការចាក់វ៉ាក់សាំងក្នុងពិភពលោក។
លោកស្រី Isabelle Durant អគ្គលេខាធិការស្ដីទី UNCTAD បានលើកឡើងថា «ពិភពលោកត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងជាសាកល ដែលនឹងចូលរួមការពារអ្នកបម្រើការងារ ដោះស្រាយឥទ្ធិពលអវិជ្ជមានមកលើសង្គមជាតិ និងធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រក្នុងវិស័យទេសចរណ៍ តាមរយៈការគិតគូរដល់ការផ្លាស់ប្ដូរជារចនាសម្ពន្ធ និងមានសក្ដានុពលល្អ»។
លោក Zurab Pololikashivili អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក (UNWTO) ក៏បានបង្ហាញអំពីភាពចាំបាច់ក្នុងការចាប់ផ្ដើមឡើងវិញនៃវិស័យទេសចរណ៍អន្តរជាតិ ដោយលើកឡើងថា «វិស័យទេសចរណ៍គឺជាអាយុជីវិតរបស់មនុស្សរាប់លាននាក់។ ការបង្កើនការចាក់វ៉ាក់សាំង ដើម្បីការពារសហគមន៍ និងការការគាំទ្រការចាប់ផ្ដើមឡើងវិញនៃវិស័យទេសចរណ៍ប្រកបដោយសុវត្ថិភាព ពិតជាមានភាពចំបាច់ណាស់ក្នុងការបង្កើតឡើងវិញនូវការងារ ជាពិសេសក្នុងប្រទេសកំពុងអភិវឌ្ឍ ដែលភាគច្រើនមានភាពពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍»។
មានបញ្ហាមួយទៀតដែលអង្គការអន្តរជាតិទាំងពីរបានលើកឡើង នៅគឺប្រទេសកំពុងអភិវឌ្ឍរងគ្រោះដោយសារវិសមភាពវ៉ាក់សាំង។ អត្រាចាក់វាំងសាំងមិនមានភាពស្មើគ្នាទេ ក្នុងបណ្ដារប្រទេសនានា ដោយមានប្រទេសខ្លះបានទទួលការចាក់វ៉ាកសាំងក្រោម ១% និងខ្លះទៀតរហូតដល់ជាង ៦០% នៃប្រជាជនសរុប។ របាយការណ៍បានបញ្ជាក់ថា វិស័យទេសចរណ៍អាចនឹងងើបឡើងវិញលឿនក្នុងប្រទេសដែលមានកម្រិតចាក់វ៉ាក់សាំងខ្ពស់ ដូចជា បារាំង អាល្លឺម៉ង់ ស្វីស ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ ក្នុងដំណើរការចាប់ផ្ដើមឡើងវិញ អ្នកជំនាញសង្ឃឹមថា ចំនួនទេសចរអន្តរជាតិនឹងឈានដល់ចំណុចមុនវិបត្តិ (ឆ្នាំ២០១៩) នៅឆ្នាំ២០២៣ ឬយូរជាងនេះ។ ឧបសគ្គចម្បង គឺការរឹងបន្តឹងការធ្វើដំណើរ ភាពយឺតយ៉ាវនៃការទប់ស្កាត់ការឆ្លង ភាពជឿជាក់របស់អ្នកដំណើរ និងបរិស្ថានសេដ្ឋកិច្ចមិនប្រសើរ។
អង្គការទាំងពីរបានបញ្ជាក់ទៀតថា នៅឆ្នាំ២០២១ ការខាតបង់អាចមានរហូតដល់ ១.៨ ទ្រីលានដុល្លារ។ ក្នុងខណៈដែលការងើបឡើងវិញនៃវិស័យទេសចរណ៍អាចចាប់ផ្ដើមក្នុងឆមាសទី២ ឆ្នាំ២០២១ របាយការណ៍បានបង្ហាញថា ការខាតបង់ឆ្នាំ២០២១ អាចនឹងមានចន្លោះ ១.៧ ទ្រីលាន ដល់ ២.៤ ទ្រីលានដុល្លារ បើធៀបនឹងកម្រិតមុនវិបត្តិឆ្នាំ២០១៩។
របាយការណ៍បានបង្ហាញសេណារីយ៉ូចំនួន ៣ ដាក់ចេញដោយអង្គការទេសចរណ៍ពិភពលោក និង UNCTAD៖
* សេណារីយ៉ូទី១៖ ឆ្នាំ២០២១ អាចនឹងធ្លាក់ចុះ ៧៥% ធៀបនឹងកម្រិតឆ្នាំ២០១៩
* សេណារីយ៉ូទី២៖ ឆ្នាំ២០២១ អាចនឹងធ្លាក់ចុះ ៦៣% ធៀបនឹងកម្រិតឆ្នាំ២០១៩
* សេណារីយ៉ូទី៣៖ ឆ្នាំ២០២១ អាចនឹងធ្លាក់ចុះ ៧៥% ក្នុងប្រទេសដែលមានកម្រិតចាក់វ៉ាក់សាំងទាប និង ៣៧% ក្នុងប្រទេសដែលមានការចាក់វ៉ាក់សាំងច្រើន ជាពិសេសប្រទេសអភិវឌ្ឍន៍ និងប្រទេសដែលមានសេដ្ឋកិច្ចតូច។
គេក៏បានលើកឡើងអំពីការបាត់បង់ការងារតាមបណ្ដារប្រទេសនានាផងដែរ។ របាយការណ៍បានបង្ហាញថា ការធ្លាក់ចុះនៃវិស័យទេសចរណ៍ធ្វើឲ្យភាពគ្មានការងារធ្វើ កើនឡើងជាមធ្យម ៥.៥% ចំពោះពលកម្មដែលគ្មានជំនាញ។ អត្រាកំណើននៃភាពគ្មានការងារនេះអាស្រ័យលើទំហំនៃវិស័យទេសចរណ៍ក្នុងសេដ្ឋកិច្ចជាតិនៃបណ្ដាប្រទេសនានា ពោលភាពគ្មានការងារធ្វើអាចប្រែប្រួលក្នុងចន្លោះ ០% និង ១៥%។ មុនវិបត្តិ ចំនួនការងារក្នុងសេវាកម្មទេសចរណ៍មាន ៣០% ទាំងក្នុងប្រទេសកំពុងអភិវឌ្ឍ និងប្រទេសអភិវឌ្ឍន៍។
បញ្ហាទាំងនេះជាការខាតបង់ខ្លាំងជាងការគិតទុក ដោយឆ្នាំ២០២០ ទេសចរណ៍ពិភពលោកធ្លាក់ចុះ ៧៣% ប្រមាណ ១,០០០ លាននាក់ ធៀបនឹងកម្រិតមុនវិបត្តិ ឆ្នាំ២០១៩។ រយៈពេលត្រីមាសទី១ ឆ្នាំ២០២១ ទេសចរណ៍ពិភពលោកបន្តធ្លាក់ចុះរហូតដល់ ៨៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ ឆ្នាំ២០២០ កន្លងទៅ ប្រទេសកំពុងអភិវឌ្ឍបានស្គាល់ការធ្លាក់ចុះខ្លាំង ចន្លោះ ៦០% និង ៨០%។ តំបន់ដែលរងគ្រោះខ្លាំងជាងគេគឺ៖ អាស៊ីឦសាន អាស៊ីអាគ្នេយ៍ អូសេអានី អាហ្វ្រិកខាងជើង និងអាស៊ីខាងត្បូង។ តំបន់ដែលរងគ្រោះតិច គឺអាមេរិកខាងជើង អឺរ៉ុបខាងលិច និងតំបន់ការ៉ាបៀន៕

 

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.