អាជ្ញាធរជាតិអប្សរាគ្រោងស្តារស្រះខាងកើតប្រាសាទបាយ័ន ខណៈបំណែកថ្មក្នុងស្រះ ត្រូវផ្ទេទៅទីតាំងថ្មី
អាជ្ញាធរជាតិអប្សរាមានគម្រោងកំណាយស្តារស្រះខាងកើតប្រាសាទបាយ័នឡើងវិញ ខណៈបំណែកថ្មរាប់ម៉ឺនដុំដែលធ្លាក់ចូលក្នុងស្រះត្រូវបានដឹកជញ្ជូនទៅកាន់ទីតាំងថ្មី។
អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា បំណែកថ្មរាប់ម៉ឺនដុំនៅក្នុងបាតស្រះខាងកើតប្រាសាទបាយ័នត្រូវបានក្រុមអ្នកជំនាញអភិរក្សប្រាសាទនិងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរាជម្លៀសទៅកាន់ទីតាំងថ្មី ដើម្បីរៀបចំកំណាយត្រៀមស្ដារនិងលើកតម្លៃស្រះប្រាសាទបាយ័នឡើងវិញ។
អ្នកស្រី ទឹម ធីតា មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាជាធរជាតិអប្សរា បានលើកឡើងថា ការរើបំណែកថ្មប្រាសាទបុរាណចេញពីស្រះទឹកនេះធ្វើឡើងក្នុងបំណងរៀបចំសណ្តាប់ធ្នាប់គំនរថ្ម និងដឹកជញ្ជូនទៅរក្សាទុកនៅទីតាំងសមស្រប។
អ្នកស្រីបន្តថា៖ «នេះជាកិច្ចការលើកតម្លៃស្រះទឹកទាំងពីរនៅភាគខាងកើតប្រាសាទបាយ័នដូចនឹងអត្តសញ្ញាណដើមនិងទម្រង់ស្ថាបត្យកម្មដើមនៃប្រាសាទបាយ័នទាំងមូល»។
អ្នកស្រីបន្ថែមថា៖ «គំនរថ្មប្រាសាទបុរាណក្នុងស្រះទឹកនេះ ដោយមួយផ្នែកត្រូវបានអ្នកអភិក្សជនជាតិបារាំងធ្លាប់បានប្រមូលនៅក្នុងបរិវេណរួតទី៣ និងនៅរោងទងទី១ របស់ប្រាសាទបាយ័ន កាលពីចន្លោះឆ្នាំ១៩១៩-១៩៣០»។
អ្នកស្រីបញ្ជាក់ថា តាមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បំណែកថ្មប្រាសាទភាគច្រើននៅក្នុងស្រះនេះ ខ្លះជាថ្មដំបូល ហោជាង ធ្នឹម សសរ ថ្មកំពូលព្រហ្ម ខឿន និងថ្មចម្លាក់ជាដើម។ ស្ថានភាពថ្មមុនពេលរើមានសភាពនៅរាយប៉ាយគរគ្នានិងគុណភាពថ្មនៅល្អភាគច្រើន។
ទាក់ទងនឹងនឹងកិច្ចការរើថ្មប្រាសាទចេញពីក្នុងស្រះដំណាក់កាលដំបូង គឺក្រុមការងារនឹងរើគំនរថ្មយកទៅដាក់នៅបរិវេណមុខប្រាសាទសិន។ បន្ទាប់ពីរើថ្មក្នុងស្រះអស់ ក្រុមការងារនឹងត្រូវបែងចែកថ្មទៅតាមប្រភេទថ្មដំបូល ថ្មសសរ ហើយត្រូវយកទៅដាក់នៅផ្នែកខាងជើងប្រាសាទបាយ័ន។
រហូតមកដល់ពេលនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបានរើផ្ទាំងថ្ម នៃប្រាសាទបុរាណទៅដាក់នៅផ្នែកខាងជើងនៃប្រាសាទបាយ័នបានចំនួនប្រហែលជាង៤ពាន់ដុំហើយ។
ក្រុមការងារបានសន្និដ្ឋានថា ថ្មប្រាសាទបុរាណដែលត្រូវរើចេញពីគំនរទាំងអស់មានប្រហែល២ម៉ឺនដុំ។ ការងាររើផ្ទាំងថ្មនៃប្រាសាទបុរាណចេញពីគំនរក្នុងស្រះភាគខាងកើតប្រាសាទបាយ័ន គឺបានចាប់ផ្តើមតាំងពីដើមឆ្នាំ២០២៣មក ដោយដំណាក់កាលដំបូងចាប់ផ្តើមពីការសិក្សាស្វែងរកឯកសារ ការសម្រង់ប្លង់ ថតរូបស្ថានភាពថ្មមុនពេលរើ ហើយគ្រោងនឹងបញ្ចប់នៅខែសីហាឬខែកញ្ញាខាងមុខ។
លោក គឹម សុធិន នាយករងអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ក្រុមការងារបានរើថ្មប្រាសាទបានមួយស្រទាប់ត្រូវធ្វើកំណាយបុរាណវិទ្យាមួយស្រទាប់ ហើយឥឡូវនេះក្រុមការងាររើថ្មនិងធ្វើកំណាយបានជម្រៅចុះក្រោមប្រហែល៦ម៉ែត្រហើយ ខណៈផ្ទៃស្រះទាំងមូលមានទំហំប្រហែល៤០ម៉ែត្របួនជ្រុង។
លោកនៅមិនទាន់ដឹងថាស្រះនេះមានប្រព័ន្ធបង្ហូរទឹកចេញចូលយ៉ាងណានៅឡើយទេ ព្រោះគេត្រូវរង់ចាំការធ្វើកំណាយចប់សព្វគ្រប់នៅចុងឆ្នាំនេះសិន។
លោកបាននិយាយថា៖ «នៅចុងឆ្នាំនេះនឹងមានទិន្នន័យថ្មីពីការធ្វើកំណាយស្រះបុរាណខាងកើតប្រាសាទបាយ័ននេះជាមិនខាន ព្រោះការធ្លាក់ភ្លៀងបានបង្កការរំខានដល់ការធ្វើកំណាយ»។
លោកបន្តថា ក្នុងកិច្ចការស្ដារស្រះទឹកបុរាណនេះ អាជ្ញាធរជាតិអប្សរាបានប្រើប្រាស់កម្លាំងមន្ត្រីជំនាញរបស់ខ្លួនចំនួន១៥នាក់។ ក្នុងនោះមន្ត្រីបច្ចេកទេសរើថ្មប្រាសាទបុរាណ មន្ត្រីបច្ចេកទេសគូរប្លង់ មន្ត្រីចុះលេខថ្មបុរាណ មន្ត្រីជំនាញខាងកំណាយ ហើយអាជ្ញាធរជាតិអប្សរានឹងបន្ថែមមន្ត្រីជំនាញខាងកំណាយមួយក្រុមទៀត ដើម្បីពន្លឿនការធ្វើកំណាយបុរាណអំពីស្រះទឹកបុរាណនេះ៕