អាមេរិកស្នើកម្ពុជាយោគយល់ដល់ពលរដ្ឋខ្លួន ដែលផុតទិដ្ឋការមិនទាន់អាចត្រលប់ទៅវិញបាន ដោយសារវិបត្តិ Covid-19
(ភ្នំពេញ)៖ ស្ថាតទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានស្នើមកខាងភាគីកម្ពុជាសុំការយោគយល់ដល់ប្រជាជន និងភ្ញៀវទេសចររបស់ខ្លួននៅកម្ពុជា ដែលត្រូវហួសសុពលភាពទិដ្ឋការ (Visa) ប៉ុន្តែមិនអាចត្រលប់ទៅមាតុភូមិវិញបាន ដោយសារវិបត្តិ Covid-19 ដែលកំពុងរាតត្បាតពាសពេញពិភពលោក។
ការស្នើយ៉ាងដូច្នេះត្រូវធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក ផាតទ្រីក មូហ្វី (W.Patrick Murrphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍។
លោក មូហ្វី បានបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែថ្លែងអំណរគុណ និងមិនភ្លេចចំពោះទឹកចិត្តរបស់កម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានអន្តរាគមន៍ជួយឱ្យនាវា Westerdam ចូលចតនៅកំពង់ផែព្រះសីហនុ និងបានជួយយកអាសារភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាភ្ញៀវទេសចរអាមេរិកនៅលើនាវានោះផងដែរ។
លោកបានបន្តថា នៅឆ្នាំ២០២០នេះ ជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក ប៉ុន្តែដោយសារការរាតត្បាតរបស់ជំងឺ Covid-19 ភាគីទាំងពីរក៏ពន្យារការប្រារព្ធរំឭកខួបទំនាក់ទំនងនេះសិន។ ប៉ុន្តែបើតាមលោក មូហ្វី អាមេរិកនៅតែមានទំនាកទំនងល្អជាមួយកម្ពុជាលើវិស័យទេសចរណ៍ ដោយបានសន្យាថានៅពេលស្ថានការណ៍ជំងឺ Covid-19 បានធូរស្រាលទៅ លោកនឹងជំរុញឱ្យមានចលនាទេសចរពីអាមេរិកមកកម្ពុជា ដើម្បីឱ្យពួកគេបានស្គាល់កម្ពុជា «ប្រទេសតូច តែទឹកចិត្តទូលំទូលាយ»។
លោក មូហ្វី បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ថា បច្ចុប្បន្នប្រជាជនអាមេរិកនៅកម្ពុជា (ភ្ញៀវទេសចរ វិនិយោគិន គ្រូបង្រៀន បុគ្គលិកតាមស្ថាប័នមួយចំនួនជាដើម) ដែលការធ្វើដំណើររបស់ពួកគេត្រលប់ទៅមាតុភូមិវិញនោះមានការពន្យាដោយសារជើង
ហោះហើរខ្លះត្រូវបានបិទ និងជើងហោះហើរខ្លះក៏មានកំណត់ទៅទៀត ព្រោះតែពិភពលោកជួបនូវវិបត្តិជំងឺ Covid-19 ខណៈដែលទិដ្ឋការរបស់ពួកគេក៏ផុតសុពលភាពទៅទៀត ជា
ហេតុបង្កការលំបាកសម្រាប់ពួកគេខ្លះដែរ ដូច្នេះហើយបានជាស្ថានទូតអាមេរិកបានស្នើមកកាន់ភាគីកម្ពុជា ពិសេសក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួល និងយោគយល់ចំពោះពួកគេ ទម្រាំពួកគេបានត្រលប់ទៅសហរដ្ឋអាមេរិកវិញ។
សូមជម្រាបថា នៅឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអាមេរិកប្រមាណជាង ២៦ម៉ឺននាក់ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៦.៦លាននាក់។
ជាការពិតណាស់ បើតាមឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ចាប់ពីម៉ោង២៣៖៥៩ នាទីនៅយប់នេះទៅ កម្ពុជានឹងបិទការផ្ដល់ទិដ្ឋការដល់ភ្ញៀវទេសចរមកពីក្រៅប្រទេស រហូតដល់ស្ថានការណ៍ជំងឺ Covid-19 ធូរស្រាលឡើងវិញ។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានស្នើបន្ថែមទៅស្ថានទូតអាមេរិកឱ្យជួយគាំទ្រសកម្មទ្រទ្រង់ដល់វិស័យទេសចរណ៍កម្ពុជា តាមរយៈគម្រោងអភិវឌ្ឍន៍អេកូទេសចរណ៍ និងកម្មវិធីព្រៃឡង់ និងជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជានៅទីផ្សារអាមេរិក ក៏ដូចជាជំរុញការវិនិយោគទេសចរណ៍ពីអាមេរិកមកកម្ពុជា។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានយល់ព្រមតាមសំណើទាំងនេះ ហើយនឹងបន្តចូលរួមក្នុងសកម្មភាពអភិវឌ្ឍវិស័យទេសចរណ៍ តំបន់អេកូទេសចរណ៍នៅតំបន់ជុំវិញបឹងទន្លេសាប។ លោកក៏សង្ឃឹមថាឆ្នាំនេះ លោកនឹងបានចូលរួមកម្សាន្តក្នុងទិវារត់ប្រណាំងអន្តរជាតិអង្គរពាក់កណ្តាលម៉ារ៉ាតុង នៅខែធ្នូ ២០១៩ ម្តងទៀតផងដែរ៕