អស្ចារ្យណាស់ ក្រុងសៀមរាបជាប់ជាគោលដៅទេសចរណ៍លេខ ១ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍
កាលពីពេលថ្មីៗនេះ ស្ថាប័នផ្សព្វផ្សាយទេសចរណ៍អន្តរជាតិរបស់អាល្លឺម៉ង់មួយមានឈ្មោះថា You Discover បានជ្រើសរើសយក ក្រុងសៀមរាប ជាគោលដៅទេសចរណ៍លេខ ១ សម្រាប់ឆ្នាំ ២០១៩ នេះ ក្នុងចំណោមបណ្តាទីក្រុងទាំង ៩៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
មិនត្រឹមតែប៉ុណ្ណោះ រាជធានីភ្នំពេញ និងក្រុងបាត់ដំបង ក៏ជាប់នៅក្នុងចំណោមគោលដៅទេសចរណ៍ទាំង ១៥ ផងដែរ ដោយរាជធានីភ្នំពេញ ឈរនៅលំដាប់លេខ ៤ ខណៈក្រុងបាត់ដំបង ឈរនៅលំដាប់លេខ ១៣ ។
លើសពីនេះទៅទៀត ក្រុងសៀមរាប ឈរលើកំពូលតារាង ដោយទទួលបាន ១០ពិន្ទុពេញ ខណៈដែលទីក្រុងបាងកក ឈរលេខ ២ និងទីក្រុងសិង្ហបុរី ឈរលេខ ៣ ហើយរាជធានីភ្នំពេញ ឈរនៅលំដាប់ទី៤ មានពិន្ទុ ៩,៧ ។
ស្ថាប័នផ្សព្វផ្សាយទេសចរណ៍ពិភពលោករបស់អាល្លឺម៉ង់ You Discover បានបង្ហាញពីសក្តានុពលនៃខេត្តសៀមរាប ដែលមាន ប្រាសាទបុរាណជាច្រើន ជាពិសេសគឺប្រាសាទអង្គរវត្ត ដែលជា អត្តសញ្ញាណជាតិខ្មែរ គួបផ្សំនឹងតំបន់កម្សាន្តជាច្រើនទៀត ដែលបង្កើតបានជាបរិយាកាសដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរបរទេស។