ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍ដាក់ចេញអនុសាសន៍៤ចំណុច ដើម្បីបន្តអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នាឱកាសឈប់ សម្រាក៥ថ្ងៃ សងពិធីបុណ្យចូលឆ្នាំថ្មី
(ភ្នំពេញ)៖ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០
នេះ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបការងារអនុវត្តវិធាន សុវត្ថិភាពទេសចរណ៍ (ជំហានទី១) សម្រាប់ដំណាក់កាលវិបត្តិជំងឺកូវីដ១៩ រយៈពេល១ខែ អមជាមួយនឹងការប្រកាសដាក់ឱ្យអនុវត្តប្រព័ន្ធចុះឈ្មោះភ្ញៀវទេសចរតាម TELEGRAM ដែលបានរៀបចំឡើងនៅគណកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការចូលរួមពីអភិបាលរងទាំង
២៥រាជធានី-ខេត្ត រួមទាំងមន្ត្រីមន្ទីរទេសចរណ៍ គ្រប់បណ្តាខេត្ត និងផ្នែកឯកជនជាច្រើនរូបផងដែរ។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានកោតសរសើរចំពោះលទ្ធផលដែលក្រុមការងារទាំងអស់សម្រេចបានក្នុង
រយៈពេលជាង១ខែកន្លងមក ដែលបានអនុវត្តវិធានសុវត្ថិភាព ទេសចរណ៍ និងបានបញ្ជ្រាបការផ្សព្វផ្សាយអនុវត្តឱ្យដល់គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ដែលជាការឱ្យតម្លៃខ្ពស់ចំពោះអ្វីដែលជាសុខភាព និងសុវត្ថិភាព របស់ប្រជាពលរដ្ឋជាសំខាន់ស្រប
តាមអនុសាសន៍របស់ប្រមុខថ្នាក់ដឹកនាំដែលឯកឧត្ដមតែងតែបានរំលឹកដាស់តឿនថា កុំឱ្យយកជីវិតរបស់ប្រជាពលរដ្ឋទៅលេងសើចឱ្យសោះ។
ជាមួយគ្នានោះឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនបន្ថែមទៀត សម្រាប់ការរៀបចំផែនការអនុវត្តបន្តឱ្យមានប្រសិទ្ធភាពមានដូចជា៖
* ទី១៖ ណែនាំដល់នាយកដ្ឋានជម្រុញចលនាទេសចរណ៍ក្នុងស្រុក និងបញ្ជ្រាបការយល់ដឹងជាសាធារណៈ ធ្វើការសហការជាមួយមន្ទីរទេសចរណ៍រាជធានីខេត្ត ជម្រុញការផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១៥ សណន ស្តីពីចលនាទេសចរណ៍ផ្ទៃក្នុង ស្របតាមការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នាឱកាសថ្ងៃឈប់សម្រាក ជំនួសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឱ្យដល់មូលដ្ឋានអាជីវកម្មទេសចរណ៍
* ទី២៖ ណែនាំដល់មន្ទីរទេសចរណ៍រាជធានីខេត្តទាំង
២៥ ត្រូវអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់ដំណាក់
កាលវិបត្តិជំងឺកូវីដ១៩ ឱ្យបានកាន់តែរឹងមាំថែមទៀត ដើម្បីធានាបានសុខសុវត្ថិភាព និងការទទួលខុសត្រូវ និងដើម្បីត្រៀមទទួលការធ្វើដំណើរកម្សាន្តទេសចរណ៍ប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋ នាឱកាសថ្ងៃឈប់ សម្រាក ជំនួសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលឆាប់ៗនេះ
* ទី៣៖ ណែនាំដល់មន្ទីរទេសចរណ៍រាជធានីខេត្តទាំង២៥ យកចិត្តទុកដាក់ខ្ពស់ចំពោះគោលដៅរមណីយដ្ឋានទេសចរណ៍ទាំងអស់ចំពោះការអនុវត្តវិធានសុវត្ថិភាព និងយកចិត្តទុកដាក់ចំពោះបញ្ហាសណ្តាប់ធ្នាប់ដូចដែលធ្លាប់បានអនុវត្តកន្លងមក និងបន្តពង្រឹង
គុណភាពភាពសេវាកម្មទេសចរណ៍ឱ្យបានកាន់តែប្រសើរឡើងថែមទៀត។
*ទី៤៖ ពង្រឹងការអនុវត្តប្រព័ន្ធចុះឈ្មោះភ្ញៀវទេសចរតាម TELEGRAM ដែលជាការ
ចូលរួមក្នុងយន្តការថែរក្សាសុវត្ថិភាព វិធានការ Quarantines ក៏ដូចជាផ្ដល់ភាពងាយស្រួលក្នុងការស្វែងរកអត្តសញ្ញាណភ្ញៀវទេសចរក្នុងករណីមានផ្ទុកជំងឺកូវីដ១៩ ហើយរត់គេចពីការ
Quarantine ដែលអាចនាំឱ្យមានការចម្លងនៅក្នុងសហគមន៍។
ឯកឧត្ដមបណ្ឌិត ថោង ខុន ក៏បានក្រើនរំលឹកដល់ផ្នែក
ឯកជនក្នុងវិស័យទេសចរណ៍ត្រូវបន្តចូលរួមផ្សព្វផ្សាយ និងអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួង
សុខាភិបាល និងក្រសួងទេសចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការការពារនិងរក្សាបាននូវសុវត្ថិភាពទំនុកចិត្ត និងផ្ដល់ភាពកក់ក្ដៅជូនភ្ញៀវទេសចរដែលធ្វើដំណើរ កម្សាន្តក្នុងប្រទេសកម្ពុជាផងដែរ៕