ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍ ប្រកាសជួយអភិវឌ្ឍន៍សហគមន៍ទឹកជប់ខ្នារពោធិ៍ ឱ្យក្លាយជាសហគមន៍អេកូទេសចរណ៍ដ៏ទាក់ទាញ
(សៀមរាប)៖ ក្នុងឱកាសចុះសំណេះសំណាលជាមួយប្រជាសហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ ស្ថិតនៅឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសអះអាងប្រាប់ប្រជាសហគមន៍ថា នឹងជួយអភិវឌ្ឍន៍សហគមន៍នេះឱ្យក្លាយទៅជាសហគមន៍អេកូទេសចរណ៍គំរូមួយនៅខេត្តសៀមរាប។
ឯកឧត្ដមបណ្ឌិត ថោង ខុន បានបញ្ជាក់ទៀតថា កន្លងមកក្នុងក្របខណ្ឌក្រុមការងារអន្តរក្រសួង ក្រសួងទេសចរណ៍បានសហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ភាគីពាក់ព័ន្ធជួយរៀបចំការគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍បានមួយចំនួនហើយ។ សហគមន៍ទេសចរណ៍ទាំងនោះ បានក្លាយជាសហគមន៍គំរូមិនត្រឹមតែថ្នាក់ជាតិទេ តែថ្នាក់តំបន់ និងពិភពលោកពិភពលោកផងដែរ។
សហគមន៍ទេសចរណ៍ទាំងនោះមានដូចជា៖ សហគមន៍អេកូទេសចរណ៍ជីផាត ស្ថិតនៅឃុំជីផាត ឆាយអារ៉ែង ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង និងសហគមន៍ទេសចរណ៍កោះទ្រង់ខេត្តក្រចេះ សហគមន៍ទេសចរណ៍កំពង់ភ្លុក ក្នុងខេត្តសៀមរាម សហគមន៍ទេសចរណ៍ បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ សហគមន៍អេកូទេសចរណ៍ម្លប់បៃតង ខេត្តកំពង់ស្ពី ។
ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា សម្រាប់សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ គឺពិតជាមោទនភាពធំណាស់សម្រាប់ស្រុកសូទ្រនិគម ក៏ដូចខេត្តសៀមរាប និងប្រទេសជាតិ។ ឯកឧត្ដមបន្តថា «គេធ្លាប់តែឮព្រៃកោងកាងសមុទ្រ តែនេះនៅខេត្តសៀមរាបក៏មានដើមកោងកាងបានដុះជាច្រើនជិត ១០០ហិកតា ហើយត្រូវបានសហគមន៍ព្រៃឈើក្រោមការយកចិត្តទុកដាក់ណែនាំពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ថែរក្សាបានយ៉ាងល្អដែលនេះជាផលិតផលទេសចរណ៍ទោលមួយទៀត សម្រាប់ទឹកដីយើង ប្រទេសជាតិយើងដែលអាចបង្ហាញ និងទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើននៅតំន់បន់សៀមរាបអង្គរនេះ»។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបន្ថែមទៀត ការបញ្ចូលសម្មភាពទេសចរណ៍មួយប្រកបដោយការទទួលខុសត្រូវវាអាចនឹងជួយរកចំណូលបន្ថែមឱ្យប្រជាពលរដ្ឋសហគមន៍បានយ៉ាងច្រើន ប្រសិនបើប្រជាសហគមន៍ចេះថែរក្សាឱ្យបានគង់វង្ស និងរួមគ្នាទាញយកផលប្រយោជន៍ពីព្រៃឈើទាំងអស់នោះ តាមរយៈការរៀបចំឱ្យក្លាយជាកន្លែងទេសចរណ៍ ផ្តល់សេវាទេសចរណ៍ បដិសណ្ឋារកិច្ចល្អ ពិសេសវិធានសុវត្ថិភាពទេសចរណ៍ អនាម័យ បរិស្ថានស្អាតក្នុងបរិបទនៃដំណាក់កាល Covid -19 នេះ។
ឯកឧត្ដមបណ្ឌិត ថោង ខុន បានបន្ថែមទៀតថា សម្រាប់បញ្ហាប្រឈមរបស់សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នាពោធិ៍នេះ ដូចមានការលំបាកខ្លាំងទៅលើបញ្ហាផ្លូវ ចូលទៅសហគមន៍ សេវាទូរស័ព្ទ អុិនធើណែត អគ្គិសនីប្រើប្រាស់ បញ្ហាសំរាមជាដើម។ ឯកឧត្តមនឹងជួយស្នើទៅស្ថាប័នពាក់ព័ន្ធឱ្យជួយដោះស្រាយបញ្ហានេះផងដែរ។ ដោយឡែកសម្រាប់កំណាត់ផ្លូវដែលលំបាកខ្លាំងប្រវែង ៣គីឡូម៉ែត្រ ក្រសួង
ទេសចរណ៍នឹងជួយជួសជុលចំពោះមុខសិន។
នៅក្នុងឱកាសចុះជួបសំណោះសំណាលនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បាននាំយកអំណោយជូនដល់ប្រជាសហគមអេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ រួមមានក្នុងម្នាក់ទទួលបានសារុង ១ ថ្នាំពេទ្យ TIFFY ៣បន្ទះ ទឹកអាកុល ម៉ាស់ និងថវិកា ២ម៉ឺនរៀល។
សូមបញ្ជាក់ថា សហគមន៍អេកូទេសចរណ៍ព្រៃតំបន់ទឹកជប់ខ្នារពោធិ៍ មានព្រំប្រទល់ខាងជើងជាប់នឹងឃុំត្បែង ស្រុកបន្ទាយស្រី ខាងត្បូងឃុំចាន់ស និងខាងលិចជាប់នឹងឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខាងកើតជាប់ឃុំពពេល។ ឃុំនេះមានភូមិចំនួន ៨ភូមិ ស្ថិតនៅភាគខាងជើងផ្លូវជាតិលេខ៦ ចម្ងាយប្រមាណ ៨គីឡូម៉ែត្រពីផ្លូវជាតិ និងមានចម្ងាយប្រមាណ ៣០
គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។
ព្រៃសហគមន៍តំបន់ទឹកជប់ខ្នារពោធិ៍ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ ដោយស្ម័គ្រចិត្ត និងមានការឯកភាពគ្នារបស់ប្រជាជនក្នុងភូមិទាំងអស់របស់ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម និងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ព្រៃសហគមន៍នេះមានផ្ទៃដីសរុបប្រមាណ ១,០២២ហិកតា ដែលក្នុងនោះមានព្រៃកោងកាងភ្នំចំនួនប្រមាណ ៩០ហិកតា ដែលមានសក្តានុពលអាចរៀបចំបង្កើតជាកន្លែងទេសចរណ៍ថ្មីមួយដ៏ទាក់ទាញសម្រាប់ខេត្តសៀមរាប៕