ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្ដាហ៍ទីមួយនៃខែកក្កដា មានភ្ញៀវជាង៧ម៉ឺននាក់ចេញដើរលេងទូទាំងប្រទេស
(ភ្នំពេញ)៖ រយៈពេលពីរថ្ងៃចុងសប្តាហ៍ទីមួយនៃខែកក្កដា ឆ្នាំ២០២១ មានភ្ញៀវទេសចរសរុប ៧៣,៧៩៧ នាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស ក្នុងនោះភ្ញៀវជាតិមានចំនួន ៧២,៦៨១ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,១១៦ នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* រាជធានីភ្នំពេញ៖ ១៥,៨០៨ នាក់
* ខេត្តកំពត៖ ១១,២០៧ នាក់
* ខេត្តបាត់ដំបង៖ ៩,៥៣៦ នាក់
* ខេត្តព្រះសីហនុ៖ ៧,៩១១ នាក់
* ខេត្តកំពង់ស្ពឺ៖ ៥,៧០០ នាក់
* ខេត្តកណ្តាល៖ ៥,២៨២ នាក់
លោក ថោង ខុន បានបន្តថា ចំនួននេះមានការថយចុះប្រមាណ ១៧.៨៧% ធៀបនឹងសប្តាហ៍កន្លងមក និងថយចុះប្រមាណ ៦០.១១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។
ការថយចុះបន្តិចនៃចំនួនភ្ញៀវទេសចរធៀបនឹងសប្តាហ៍កន្លងមកនេះ ដោយសារការរឹតបន្តឹងវិធានការរដ្ឋបាលរបស់រាជធានី-ខេត្តមួយចំនួន ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសការផ្អាកសកម្មភាពរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍មួយចំនួនដែលប្រឈមហានិភ័យនៃការកើនឡើងជំងឺកូវីដ-១៩ ប៉ុន្តែគោលដៅទេសចរណ៍តំបន់ឆ្នេរ រួមជាមួយគោលដៅអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ នៅតែជាគោលដៅសំខាន់សម្រាប់ភ្ញៀវទេសចរផ្ទៃក្នុង៕