ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយអតីតឯកអគ្គតរាជទូតជប៉ុនប្រចាំកម្ពុជា មកធ្វើទស្សនកិច្ចនៅកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យឯកឧត្ដម Yuji Kumamaru អតីតឯកអគ្គតរាជទូតជប៉ុនប្រចាំកម្ពុជា ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង ក្នុងឱកាសដែលលោក និងគណៈប្រតិភូអញ្ជើញមកធ្វើទស្សនកិច្ចនៅកម្ពុជា។
ជាកិច្ចចាប់ផ្តើមនាឱកាសនោះឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានថ្លែងស្វាគមន៍នូវការចូលជួបសម្តែងការគួរសម របស់ឯកឧត្ដម Yuji Kumamaru និងបានថ្លែងអរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនជប៉ុន ដែលបានចូលរួមចំណែកក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ជាយូរមកហើយ ជាពិសេសនៅក្នុងវិស័យទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាធនធានធម្មជាតិនៅកម្ពុជា។
នាឱកាសនោះឯកឧត្ដម Yuji Kumamaru ក៏បានថ្លែងអរគុណដល់ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានអនុញ្ញាតឱ្យលោកចូលជួបសម្តែងការគួរសម និងបានបង្ហាញនូវការអបអរសាទរចំពោះភាពជោគជ័យយ៉ាងត្រចះត្រចង់របស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ ឯកឧត្ដមក៏បានអះអាងថា ទោះបីជាលោកបានបញ្ជប់អាណត្តិជាឯកអគ្គរាដ្ឋទូតនៅកម្ពុជាក៏ដោយ តែលោកក៏នៅតែបន្តជួយសម្របសម្រួល ជួយដល់ប្រទេសកម្ពុជាលើវិស័យទេសចរណ៍ជាបន្តទៀតផងដែរ។
ឯកឧត្ដម Yuji Kumamaru ក៏បង្ហាញពីបំណងរបស់ក្រុមហ៊ុន Japan Dream Tours ដែលជាក្រុមហ៊ុនទេសចរណ៍មួយដ៏ធំនៅក្នុងប្រទេសជប៉ុន ដែលមានវត្តមានស្នាក់ការរហូតដល់២៥ប្រទេសជុំវិញពិភពលោក ដែលអាចនាំភ្ញៀវទេសចរធ្វើដំណើរកម្សាន្តក្នុងមួយឆ្នាំប្រមាណ ៥ម៉ឺននាក់ ដែលមានការចាប់អារម្មណ៍បង្កើតការិយាល័យ នៅខេត្តសៀមរាប និងរាជធានីភ្នំពេញរបស់កម្ពុជា ដើម្បីជួយសម្រួលធ្វើយ៉ាងណាឱ្យមានភ្ញៀវទេសចរជប៉ុន មកទស្សនានៅកម្ពុជា និងភ្ញៀវទេសចរកម្ពុជាបានទៅទស្សនានៅប្រទេសជប៉ុនផងដែរ។
តាមរយៈការលើកឡើងខាងលើនេះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏ថ្លែងអរគុណ និងបានបន្តស្នើឱ្យឯកឧត្ដម Yuji Kumamaru ជួយជំរុញជើងហោះហើរ ANA ឡើងវិញ ខណៈដែលក្រុមហ៊ុន ANA នេះបានផ្អាកជើងហោះហើរដោយសារមានភាពរាំងស្ទះដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងបានស្នើលោក Yuji Kumamaru ជួយជំរុញភ្ញៀវទេសចរជប៉ុនឱ្យមកកម្ពុជាឱ្យបានកាន់តែច្រើនផងដែរ។
ជាមួយគ្នានោះឯកឧត្ដម Yuji Kumamaru ក៏បានទទួលយកនូវសំណើរបស់ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន និងសន្យាជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជា និងជួយជំរុញឱ្យមានភ្ញៀវទេសចរជប៉ុនឱ្យមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត ក៏ដូចជាការជួយឱ្យមានការជួបពិភាក្សាគ្នាជាបន្តបន្ទាប់ទៅទៀត ក្នុងការជួយជំរុញឱ្យមានការបើកដំណើរជើងហោះហើយផ្សេងៗទៀតមកកម្ពុជាផងដែរ៕