ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន សូមព្រះបរមរាជានុញ្ញាតផ្ញើសារថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៧យាងចូល ៦៨ព្រះវស្សា
(ភ្នំពេញ)៖ ទូលព្រះបង្គំជាខ្ញុំ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមព្រះបរមរាជានុញ្ញាតសម្ដែងនូវអំណរសារទរយ៉ាងក្រៃលែង ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៦៧ យាងចូល ៦៨ព្រះវស្សា។
នាឱកាសដ៏មហាជ័យមង្គលវិសេសវិសាលថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំសូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត បួងសួងដល់វត្ថុស័ក្តិសិទ្ធិ បារមីព្រះមហាស្វេតច្ឆត្រ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គតាមជួយថែរក្សាអភិបាលប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សូមព្រះអង្គ មានព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជានុរាស្ត្រ ជាកូនចៅរបស់ព្រះអង្គ រស់នៅក្នុងសេចក្ដីសុខក្សេមក្សាន្ត ឆ្ពោះទៅកាន់វឌ្ឍនភាពជានិច្ចនិរន្តរ៍ និងចម្រុងចម្រើនថ្កុំថ្កើនទូទាំងព្រះនគរ និងសូមព្រះអង្គ ទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ៕