ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន៖ ២សប្តាហ៍ដើមខែកក្កដានេះមានភ្ញៀវទេសចរដើរទស្សនាជាង ៣១ម៉ឺននាក់
(ភ្នំពេញ)៖ សម្រាប់រយៈពេល២សប្ដាហ៍ ខែកក្កដា ឆ្នាំ២០២០ ភ្ញៀវទេសចរផ្ទៃក្នុងដែលបានធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេសមានចំនួនសរុប ៣១៣,៣០០នាក់ កើនឡើង ១.៦៧% បើធៀបនឹងរយៈពេល២សប្តាហ៍ចុងខែមិថុនា ក្នុងនោះភ្ញៀវជាតិមានចំនួន ៣០៧,៨០៩នាក់ កើនឡើង ២.៥៤% និងភ្ញៀវបរទេសមានចំនួន ៥,៤៩១នាក់ ថយចុះ ៣០.៨៩%។ នេះបើតាមឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
តាមរយៈបម្រែបម្រួលភ្ញៀវទេសចរតាមសប្តាហ៍ ក្រសួងទេសចរណ៍សង្កេតឃើញថាចំនួនភ្ញៀវទេសចរផ្ទៃក្នុងហាក់ស្ថិតក្នុងចំណុចថេរមួយ ហើយចំនួនភ្ញៀវទេសចរសរុបក៏ស្ថិតក្នុងរង្វង់ ៦០-៦៥ម៉ឺននាក់ ក្នុងមួយខែ ថយចុះ ៣៥-៤០% បើប្រៀបធៀបនឹងមុនវិបត្តិកូវីដ១៩។ ស្ថិរភាពនៃចំនួនខាងលើ អាចបណ្តាលមកពីរដូវនេះជារដូវវស្សា។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបន្តថា ទេសចរជាយុវជនចូលចិត្តធ្វើដំណើរកម្សាន្តបែបផ្សងព្រេង ទៅកាន់តំបន់អេកូទេសចរណ៍។
ចំណែកនៅខេត្តសៀមរាប ដែលធ្លាប់តែជាគោលដៅទេសចរណ៍សំខាន់ នៅមិនទាន់អាចទាក់ទាញភ្ញៀវទេសចរដូចមុនកូវីដបាននៅឡើយដែរ ដោយកម្ពុជានៅមិនទាន់អនុញ្ញាតឱ្យមានការៀបចំព្រឹត្តិការណ៍ទេសចរណ៍នានា ដើម្បីជួយទាក់ទាញភ្ញៀវ ក្រៅពីទស្សនាប្រាសាទ ហើយសេវាកម្សាន្តមួយចំនួន ពិសេសនៅ Pub Street មិនទាន់មានការអនុញ្ញាតឲ្យមានដំណើរការឡើងវិញ ខណៈគោលដៅខេត្តសៀមរាបជាគោលដៅដែលភ្ញៀវត្រូវតែសម្រាកមួយយប់យ៉ាងតិច ខុសពីខេត្តគោលដៅមួយចំនួនទៀត ដែលភ្ញៀវអាចទៅមកវិលល្ងាចបាន។
ក្នុងករណីខេត្តសៀមរាបងើបឡើងប្រហាក់ប្រហែលនឹងខេត្តផ្សេងនោះ ចំនួនភ្ញៀវទេសចរផ្ទៃក្នុងអាចនឹងហក់ឡើងដល់ចំណុច ៨០-៨៥% ថយចុះ ២០-២៥% ប៉ុណ្ណោះ បើប្រៀបធៀបនៅមុនពេលមាន Covid-19។
កម្ពុជាសង្ឃឹមថា ចំនួនភ្ញៀវទេសចរផ្ទៃក្នុងនេះនឹងហក់ឡើងខ្ពស់មកវិញនៅខែសីហា ដោយសាររាជរដ្ឋាភិបាលសម្រេចឲ្យមានថ្ងៃឈប់សម្រាករយៈពេលយូរ និងនៅខែកញ្ញាក៏ដល់រដូវបុណ្យភ្ជុំបិណ្ឌ ចំណែកឯខែបន្តបន្ទាប់ទៀតក៏សម្បូរថ្ងៃឈប់សម្រាក ហើយស្ថានភាពកូវីដ១៩ ក៏អាចនឹងកាន់តែធូរស្រាលជាងនេះ។
ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងដំណើរកម្សាន្តទេសចរ បុគ្គលិកបម្រើការ និងអ្នកគ្រប់គ្រងមានការយកចិត្តទុកដាក់អនុវត្តិវិធានសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍បានល្អប្រសើរ៕