ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍ និងអភិបាលខេត្តព្រះសីហនុ រៀបចំពិធីក្រុងពាលីសម្រាប់វេទិកាទេសចរណ៍អាស៊ាន២០២២
(ព្រះសីហនុ)៖ ខណៈវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ បាននិងកំពុងប្រព្រឹត្តទៅនោះ នាល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានអញ្ជើញរៀបចំក្រុងពាលីសួងបួងសុំសេចក្ដីសុខ និងជោគជ័យក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២។
ពិធីក្រុងពាលីនេះប្រារព្ធឡើងនៅបរិវេណពយតេជោ ក្បែរឆ្នេរសុខា ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលជាទីតាំងរៀបចំកម្មវិធីបើកព្រឹត្តិការណ៍ធំជាផ្លូវការ។
ពិធីក្រុងពាលីនេះដែរក៏មានការចូលរួមពីឯកឧត្ដម ប្រ៊ុយណូ បូដាដ (Bruno BODARD) អគ្គនាយកក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោក ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងទេសចរណ៍ និងមន្ត្រីនៃរដ្ឋបាលខេត្តព្រះសីហនុផងដែរ។
សូមជម្រាបថា នៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ស្អែកនេះ ពិធីបើកជាផ្លូវការនៃវេទិកាទេសចរណ៍អាស៊ាននេះនឹងត្រូវប្រារព្ធឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕