ឯកឧត្តមបណ្ឌិត ថោង ខុន៖ កម្ពុជា-ចិនឯកភាពគ្នារៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងវប្បធម៌រួមគ្នាឱ្យបានច្រើន
ឯកឧត្តមបណ្ឌិត ថោង ខុន៖ កម្ពុជា-ចិនឯកភាពគ្នារៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងវប្បធម៌រួមគ្នាឱ្យបានច្រើន
(ហឺណាន-ចិន)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានពាំនាំព័ត៌មានគួរជាទីមោទនៈបន្ថែមទៀតពីដំណើរទស្សនកិច្ចរបស់ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិរបស់កម្ពុជានៅខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន ដោយភាគីកម្ពុជា-ចិនបានឯកភាពគ្នាប្ដេជ្ញាបង្កើតព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ និងកីឡាជាមួយគ្នាឱ្យបានកាន់តែច្រើន។
ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២០ ក្នុងនោះភាគីកម្ពុជាដែលដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានជួបសវនាការជាមួយលោក ស៊ី លីអ៊ី (Xu Liyi) សមាជិកគណៈកម្មការអចិន្ត្រៃយ៍បក្សកុម្មុយនីស្ដចិនខេត្តហឺណាន និងជាលេខាធិការគណៈកម្មការបក្សក្រុងស៊ិនចូវ (Zhengzhou) និងជួបមួយលោក តាយ ប៉ាយហ័រ (DAI Baihua) អភិបាលរងខេត្តហឺណាន ដើម្បីសុំការគាំទ្រត្រៀមរៀបចំពិធីបិទ «ឆ្នាំទេសចរណ៍ និងវប្បធម៌កម្ពុជា-ចិន» និងពិភាក្សាការងារលើកិច្ចការមួយចំនួនទៀត ដើម្បីជំរុញការផ្សព្វផ្សាយទេសចរណ៍ ការទាក់ទាញវិនិយោគប្រកបដោយគុណភាពមកកាន់កម្ពុជា។
ឯកឧត្តម ថោង ខុន បានលើកឡើងថា ដោយមានការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា និងការគាំទ្រពីក្រសួងវប្បធម៌ និងទេសចរណ៍ចិន ភាគីកម្ពុជា-ចិនបានជ្រើសរើសឆ្នាំ២០១៩ ជាឆ្នាំទេសចរណ៍ និងវប្បធម៌រួមគ្នា ដែលបានប្រារព្ធពិធីបើកកាលពីខែមករា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ហើយនឹងរៀបចំពិធីបិទវិញនាខែមេសា ឆ្នាំ២០២០ នៅទីក្រុងស៊ិនចូវ ខេត្តហឺណាន ដែលជាខេត្តមួយដ៏ធំមានប្រជាជនប្រមាណជាង ១០០លាននាក់ និងមានកម្រិតជីវភាពរស់នៅខ្ពស់។
ក្នុងគោលដៅទាក់ទាញទេសចរចិនប្រកបដោយគុណភាព ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ឆ្លើយតបនឹងសំណើរបស់កម្ពុជា ភាគីចិនបានគាំទ្រកម្ពុជាលើការជំរុញ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក៏ដូចពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់ប្រសើរឡើង ស្របតាមស្មារតីនៃសហគមន៍វាសនារួមនៃប្រជាជាតិកម្ពុជា-ចិន៖
១៖ សហការគាំទ្ររៀបចំកម្មវិធីបិទឆ្នាំទេសចរណ៍ និងវប្បធម៌កម្ពុជា-ចិន ដែលនឹងអាចរៀបចំឡើងនាដើមខែមេសា ឆ្នាំ២០២០ ខាងមុខ។
២៖ គាំទ្រការប្រកាសបើកឲ្យមានមហោស្រពវប្បធម៌ និងទេសចរណ៍កម្ពុជាប្រចាំឆ្នាំនៅខេត្តហឺណាន។
៣៖ សម្របសម្រួលឲ្យមានការហោះហើរត្រង់ នៃក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរ អែរ និងអាកាសចរណ៍កម្ពុជាផ្សេងទៀតឱ្យបើកការហោះហើរត្រង់រវាងកម្ពុជា និងក្រុងស៊ិនចូវឲ្យបានទាន់កម្មវិធីបិទឆ្នាំទេសចរណ៍ និងវប្បធម៌ខាងមុខនេះ។
៤៖ ចំពោះមុខ ភាគីចិននឹងផ្ដល់កិច្ចសហការឲ្យមានការិយាល័យតំណាងទេសចរណ៍កម្ពុជានៅក្រុងស៊ិនចូវ ហើយភាគីចិនគាំទ្រសហការជំរុញគំនិតផ្ដួចផ្ដើមបង្កើតអគ្គកុងស៊ុលកម្ពុជានៅទីក្រុងស៊ិនចូវ។
៥៖ ដោយខេត្តហឺណាន់ជាដើមកំណើតនៃទីតាំងវត្តសាវលីញ ដែលមានការបង្ហាត់បង្រៀនក្បាច់គុនកុងហ៊្វូ វូស៊ូ (Wushu) លោកអភិបាលខេត្តបានសន្យាថានឹងជួយបណ្តុះបណ្តាលកីឡាករ និងគ្រូបង្ហាត់កម្ពុជាផងដែរ។
សូមរំលឹកថា កាលពីឆ្នាំ២០១៩ កម្ពុជាទទួលទេសចរអន្តរជាតិប្រមាណ ៦.៧លាននាក់ ក្នុងកំណើនជាង ៨% ក្នុងនោះទេសចរចិនមានប្រមាណ ២.៥លាននាក់ ក្នុងអត្រាកំណើន ២៥%៕