ឯកឧត្តមបណ្ឌិត ថោង ខុន ប្រគេនអង្ករ ០៨តោន ជូនវត្តអារាម-អាស្រមទាំង ៧៨ ក្នុងស្រុកបារាយណ៍ និងតាំងគោក
(កំពង់ធំ)៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ បាននាំយកអង្គរសរុបប្រមាណ ០៨តោន ប្រគេនជូនព្រះសង្ឈដែលគង់នៅតាមវត្តអារាម និងអាស្រមទាំង ៧៨ ក្នុងស្រុកទាំងពីរខាងលើ ដើម្បីជួយទំនុកបម្រុងបន្ថែមក្នុងវិស័យព្រះពុទ្ធសាសនា។
នាឱកាសប្រគេនអង្ករជូនតំណាងព្រះសង្ឃខាងលើនេះ ក៏មានការចូលរួមពីព្រះតេជគុណ ព្រះអនុគណ ព្រះវិន័យធម៌នៃស្រុកទាំងពីរ លោកអភិបាលស្រុកបារាយណ៍ និងស្រុកតាំងគោក កម្លាំងសមត្ថកិច្ច និងមន្ត្រីរាជការក្នុងមូលដ្ឋានផងដែរ ខណៈពួកគាត់ក៏បានចូលរួមដឹកជញ្ជូនយ៉ាងសស្រាក់សស្រាំជួយដល់ព្រះសង្ឃនៅទីនោះ។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវចូលរួមអនុវត្តតាមវិធានការថែរក្សាសុខភាព និងអនាម័យរបស់ក្រសួងសុខាភិបាល ពិសេសត្រូវនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ សម្រាប់ពលករដែលមកពីក្រៅប្រទេស ពិសេសត្រូវអនុវត្តតាមវិធានការ និងបទបញ្ជានានាដែលរាជរដ្ឋាភិបាលដាក់ចេញ និងសូមជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលកំពុងប្រឹងប្រែងពួនជ្រុំកម្លាំងទប់ស្កាត់ជំងឺ Covid-19 យ៉ាងយកចិត្តទុកដាក់៕