ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍៖ ក្នុងបរិបទកូវីដ ការជំរុញចលនាការទទួលភ្ញៀវក្នុងស្រុក និងការទទួលភ្ញៀវអន្តរជាតិបានល្អគឺអាស្រ័យលើភាពសាំក្នុងសហគមន៍
(ភ្នំពេញ)៖ ការពង្រឹងគុណភាព និងសុវត្ថិភាពក្នុងការទទួលភ្ញៀវទេសចរក្នុងស្រុក គឺជាលក្ខណៈសម្បត្តិក្នុងការត្រៀមខ្លួនទទួលភ្ញៀវទេសចរអន្តរជាតិ ហើយការទទួលភ្ញៀវទេសចរអន្តរជាតិអាចធ្វើទៅបាន គឺអាស្រ័យលើការចាក់វ៉ាក់សាំងឱ្យបានច្រើនជូនដល់ប្រជាជនក្នុងប្រទេស។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីទេសចរណ៍ ឯកឧត្តម ថោង ខុន ដែលបានមានប្រសាសន៍រនាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ។
ឯកឧត្តមរដ្ឋមន្ត្រីបានផ្ដល់ខ្លឹមសារបន្ថែមថា ក្រសួងទេសចរណ៍ បានត្រួតពិនិត្យការងារអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ ការីទេសចរណ៍ក្នុងស្រុក និងមធ្យោបាយដឹកជញ្ជូនទេសចរផ្លូវទឹក និងផ្លូវគោក នៅគ្រប់គោលដៅរាជធានីខេត្តទាំង ២៥ សំដៅបង្កើនភាពរឹងមាំនៃទេសចរក្នុងស្រុក និងសម្រាប់ត្រៀមលក្ខណៈសម្បត្តិទទួលភ្ញៀវទេសចរអន្តរជាតិនាពេលខាងមុខ។ ភាពរឹងមាំនេះ ពឹងផ្អែកសំខាន់លើការបង្កើតភាពសាំក្នុងសហគមន៍ (The Heard Immunity) តាមរយៈការជំរុញការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាទូទាំងប្រទេស និងការបន្តអនុវត្តវិធានការ «៣កាពារ ៣កុំ»។
ដោយឡែក លើជ្រុងនៃការទទួលខុសត្រូវក្នុងវិស័យទេសចរណ៍ ព្រមជាមួយនឹងភាពសាំក្នុងសហគមន៍ ភាពរឹងមាំនៃវិស័យទេសចរណ៍ក្នុងស្រុក ក៏ត្រូវពឹងផ្អែកលើការងារសំខាន់ៗចំនួន ៤ ផងដែរ៖
១៖ បន្តជំរុញណែនាំ និងត្រួតពិនិត្យដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ ត្រូវចូលរួមអនុវត្តឱ្យបានក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដែលក្រសួងទេសចរណ៍បានដាក់ចេញកន្លងមក។ វិធានសុវត្ថិភាពទេសចរណ៍បង្កើតឡើង ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រក្សាបាននូវស្ថិរភាពអាជីវកម្ម និងធានាបាននូវសុខសុវត្ថិភាពជូនដល់ភ្ញៀវទេសចរ ជាពិសេសក្នុងបរិបទដែលតម្រូវសម្របខ្លួននឹងគន្លងប្រក្រតីភាពថ្មីនាពេលនេះ។
២៖ បន្តការងារបណ្តុះបណ្តាលជំនាញតាមអនឡាញ និងពង្រឹងបង្វែរការបណ្តុះបណ្តាលនេះឱ្យចំគោលដៅ (បណ្តុះបណ្តាលទាំងបុគ្គលិកថ្មី និងបុគ្គលិកដែលកំពុងរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩)។
៣៖ បន្តការងារពង្រឹង និងគាំទ្រផលិតផលទេសចរណ៍ថ្មីៗ តាមរយៈការពង្រឹងជំនាញ និងគុណភាពសេវាកម្មនៅទីនោះ។ បច្ចុបន្ន ក្រសួងឃើញមានការប្តូរនិន្នាការថ្មីៗឆ្ពោះទៅរកប្រភេទទេសចរណ៍បែបសហគមន៍ អេកូទេសចរណ៍ និងប្រភេទសេវាកម្មដែលប្រើប្រាស់បច្ចេកវិទ្យា (contactless) ដែលក្នុងបរិការនេះ ការខិតខំគ្រប់គ្រងគោលដៅទេសចរណ៍ប្រកបដោយសុវត្តិភាព និងគុណភាពស្របតាមស្តង់ដា ជាបញ្ហាសំខាន់បំផុត ជាអាទិស្តង់ដាសហគមន៍ទេសចរណ៍ ស្តង់ដាការធ្វើដំណើរផ្សងព្រេងតាមព្រៃភ្នំ ( Hikking,Trekking)។ល។
៤៖ បន្តការងារផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក និងបញ្ជ្រាបការយល់ដឹងជាសាធារណៈដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសគ្រប់ស្ថាប័នភាគីពាក់ព័ន្ធនូវផែនការយុទ្ធសាស្ត្រអនុវត្តបន្តរបស់វិស័យទេសចរណ៍ ដែលបច្ចុប្បន្នក្រសួងមានរួចហើយនូវផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ និងការបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ព្រមទាំងវិធានសុវត្ថិភាពទេសចរណ៍។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងទេសចរណ៍សំដែងនូវការរីករាយយ៉ាងខ្លាំងនិងសូមគាំទ្រទាំងស្រុង ចំពោះ យុទ្ធសាស្ត្រទាំង ៦ ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានដាក់ចេញ កាលពីព្រឹកមិញនេះ ក្នុងអង្គប្រជុំពេញ អង្គ នៃ គ.ប.ក.។ ហើយឯកឧត្តមមានសុទិដ្ឋិនិយមនិងក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ការអនុវត្តដោយជោគជ័យ នៃយុទ្ធសាស្ត្រទាំង ៦នេះ គឺជាមូលដ្ឋានយ៉ាងសំខាន់ ជាចម្បង ដើម្បីអាចឈានទៅបើកដំណើរការសង្គមសេដ្ឋកិច្ចយើងឡើងវិញ ដែលក្នុងនោះក៏យើងសង្ឃឹមថាទេសចរណ៍ក្នុងស្រុក ក៏នឹងមានកំនើនកាន់តែច្រើន ហើយ ក៏នឹងមានសង្ឃឹមថាយើងនឹងអាចបើកកម្ពុជាយើងឡើងវិញជាបណ្តើៗដើម្បីទទួលទេសចរអន្តាជាតិមកកំសាន្ត ចាប់ក្នុងអំឡុងពេលម្តុំចុងឆ្នាំខាងមុខនេះ។
ពាក់ព័ន្ធនឹងការត្រៀមទទួលទេសចរអន្តរជាតិនៅពេលខាងមុខ ក្រសួងទេសចរណ៍រៀបចំរួចហើយនូវឯកសារទស្សនាទានទទួលទេសចរណ៍អន្តរជាតិចាក់វ៉ាក់សាំង ហើយកំពុងពិភាក្សាយ៉ាងសកម្មជាមួយផ្នែកជំនាញនៃក្រសួងសុខាភិបាល ដើម្បីដាក់ជូនឯកសារនេះ ជូនអនុគណៈកម្មការនានា គណៈកម្មការ អន្តរក្រសួងប្រយុទ្ធជំងឺកូវីដ ផ្តល់យោបល់មុនៗគោរពដាក់ជូនគណៈប្រចាំការនៃ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងកូវីដ រាជរដ្ឋាភិបាលពិនិត្យ និងសម្រេច៕