ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ បង្ហាញការទទួលស្គាល់កិត្យានុភាពកម្ពុជាពីសំណាក់អន្តរជាតិក្នុងក្របខណ្ឌតំបន់ឆ្នេរ និងទេសចរណ៍
ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ បង្ហាញការទទួលស្គាល់កិត្យានុភាពកម្ពុជាពីសំណាក់អន្តរជាតិក្នុងក្របខណ្ឌតំបន់ឆ្នេរ និងទេសចរណ៍
(ភ្នំពេញ)៖ បន្ទាប់ពីបានក្លាយជាសមាជិកកាលពីឆ្នាំ២០១១ កម្ពុជាត្រូវបានបោះឆ្នោតជ្រើសតាំងឲ្យកាន់តំណែងសំខាន់ៗក្នុងក្រុមប្រឹក្សាភិបាលក្លឹប រួមមាន៖ អនុប្រធានក្លឹបទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក ២អាណត្តិជាប់គ្នាគឺ (២០១២-២០១៥) និង (២០១៥-២០១៨) និងជាអគ្គនាយករងក្លឹបសម្រាប់អាណត្តិ (២០១៨-២០២១)។ នេះជាការលើកឡើងរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាឱកាសពិធីបើកព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា នាឱកាសមហាសន្និបាតក្លឹបលើកទី១៥ នាខែតុលា ឆ្នាំ២០១៩ នៅទីក្រុងឆ្នេរសមុទ្រតូយ៉ាម៉ា (Toyama) ប្រទេសជប៉ុនកន្លងមកនេះ អង្គមហាសន្និបាតបានសម្រេចបញ្ចូលឆ្នេរសមាជិកថ្មីចំនួន ២៖ ឆ្នេរឡាស៊ីអូតា (La Ciota) របស់ប្រទេសបារាំង និងឆ្នេរដាក្លា (Dakla) របស់ប្រទេសម៉ារ៉ុក។
ការបញ្ចូលសមាជិកថ្មីនេះបានធ្វើឲ្យក្លឹបមានសមាជិកកើនចំនួនដល់ ៤៤ឆ្នេរ មកពី ២៤ប្រទេស ព្រមជាមួយការទទួលយកឆ្នេរបេក្ខភាពថ្មីចំនួន ២ គឺឆ្នេរភូចាបា (Pujaba) របស់ប្រទេសហ្វីលីពីន និងឆ្នេរឡានហា (Lan Ha) របស់ប្រទេសវៀតណាម។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបន្តថា អង្គមហាសន្និបាតបានបោះឆ្នោតជាឯកច្ឆន្ទឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកទី២ រៀបចំមហាសន្និបាតក្លឹបលើកទី១៨ នៅឆ្នាំ២០២២ ខាងមុខ ព្រមជាមួយការអបអរសាទរការរៀបចំព្រឹត្តិការណ៍ប្រណាំងកង់អន្តរជាតិលើកទី១ នៅតំបន់ឆ្នេរសមុទ្រកម្ពុជា នាថ្ងៃទី០៤-០៦ ខែមករា ឆ្នាំ២០២០ ក្រោមកិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជា ក្លឹបឆ្នេរ និងសហព័ន្ធប្រណាំងកង់អន្តរជាតិ។
ទាំងនេះសបញ្ជាក់ឲ្យឃើញពីការគាំទ្ររបស់ស្ថាប័នអន្តរជាតិដ៏សំខាន់មួយ ចំពោះរាជរដ្ឋាភិបាលកម្ពុជាលើការអភិវឌ្ឍតំបន់ឆ្នេរសមទ្រប្រកបដោយនិរន្តភាព ខណៈដែលក្លឹបត្រូវបានដំឡើងកម្រិតនៃការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ គឺប្តូរពី «ក្លឹប» មកជា «អង្គការអន្តរជាតិឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក»។
ឯកឧត្តម ថោង ខុន បង្ហាញការរំពឹងទុកថា សម្រាប់ឆ្នាំ២០១៩នេះ តំបន់ឆ្នេរនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១.៣លាននាក់ កើនឡើង ៤.៥% ជាមួយចំណែកទីផ្សារប្រមាណ ១៥% នៃទីផ្សារសរុប និងទេសចរជាតិប្រមាណ ៣.៤លាននាក់ កើនឡើង ៣% ខណៈដែលខេត្តកំពតនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១៨ម៉ឺននាក់ កើនឡើង ៨% និងទេសចរជាតិប្រមាណ ៣០ម៉ឺននាក់ កើនឡើង ៤០%។
តាមការព្យាករណ៍នៅឆ្នាំ២០២០ តំបន់ឆ្នេរសមុទ្រនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១.៧លាននាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៣.៥លាននាក់ ហើយនៅឆ្នាំ២០៣០ តំបន់ឆ្នេរសមុទ្រនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧.៥លាននាក់ ក្នុងកំណើនជាមធ្យម ១០% និងភ្ញៀវទេសចរជាតិប្រមាណ ៥.៥លាននាក់ កើនឡើងជាមធ្យម ៥%៕