ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន កំណត់យកបុណ្យទន្លេនៅបាត់ដំបងទាក់ទាញទេសចរជាតិ-អន្តរជាតិ លើកកម្ពស់ការផ្សព្វផ្សាយគោលដៅទេសចរណ៍បន្ថែម
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន កំណត់យកបុណ្យទន្លេនៅបាត់ដំបងទាក់ទាញទេសចរជាតិ-អន្តរជាតិ លើកកម្ពស់ការផ្សព្វផ្សាយគោលដៅទេសចរណ៍បន្ថែម
(បាត់ដំបង)៖ រាជរដ្ឋាភិបាលបានសម្រេចរៀបចំពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង ក្នុងនោះរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានបញ្ជាក់ហើយថា ត្រូវតែកំណត់យកពិធីបុណ្យទន្លេនេះ ជាព្រឹត្តិការណ៍ជំរុញចលនាទេសចរណ៍ជាតិ-អន្តរជាតិ និងដើម្បីជួយពង្រឹងការលើកកម្ពស់គុណភាពគោលដៅទេសចរណ៍ ខេត្តបាត់ដំបងបន្ថែមទៀត។
ការលើកឡើងនេះត្រូវបានធ្វើឡើងនាឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន រួមជាមួយឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំក្រុមការងារលើកដំបូងដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេ នៅសាលាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។
ការងារចម្បងបំផុតដែលត្រូវជំរុញឱ្យមានការអនុវត្តនោះ មានដូចជាការផ្សព្វផ្សាយពីវប្បធម៌ និងរមណីយដ្ឋានទេសចរណ៍ ការតាំងពិព័រណ៍បង្ហាញពីផលិតផលក្នុងស្រុក ពិសេសគឺការបន្តចុះពង្រឹងគុណភាពសេវាកម្មទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍នានាក្នុងខេត្ត និងនៅតាមរមណីយដ្ឋាននានា។
ក្រៅពីនោះ ក៏មានការងារមួយចំនួនទៀតដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានណែនាំទៅដល់ក្រុមការងារ មន្ត្រីរាជការក្រោមឱវាទ ក្នុងនោះរួមមាន៖
* ការតុបតែងលម្អរៀបចំសោភ័ណភាពសាធារណៈឱ្យបានស្អាត និងមានភាពបៃតងជាងមុន។
* ការត្រៀមរៀបចំទស្សនីយភាពសិល្បៈ និងវប្បធម៌ ព្រឹត្តិការណ៍កីឡា និងព្រឹត្តិការណ៍កម្សាន្តនានាក្នុងពេលពិធីប្រារព្ធឡើង។
* ការត្រៀមរៀបចំស្ដង់សម្រាប់តាំងពិព័រណ៍ផលិតផលសហគ្រាសខ្នាតតូច និងមធ្យម ផលិតផលដែលផលិតបានក្នុងស្រុក ពិសេសផលិតផលជំនួសប្លាស្ទិក។
* កាត្រៀមរៀបចំវិថីម្ហូបអាហារ (Food Street) នៅទីតាំងសមរម្យណាមួយនៅក្នុងក្រុងបាត់ដំបង ដើម្បីឱ្យអាជីវករលក់ម្ហូបអាហារនៅក្នុងពេលប្រារព្ធពិធី និងក្រោយពេលពិធីបុណ្យទន្លេបន្តទៅមុខ។
* ការទំនាក់ទំនងជាមួយស្ថានទូតបរទេស និងខេត្តសម្ព័ន្ធមេត្រីភាពជាមួយប្រទេសជិតខាង ដើម្បីកៀរគរឱ្យមានការចូលរួមដូចបណ្ដាពិធីមុនៗ។
* ដោយសារខេត្តបាត់ដំបងជាខេត្តសម្បូរសម្បត្តិវប្បធម៌ បិតិកភ័ណ្ឌនិងសម្បូររមណីយដ្ឋានទេសចរណ៍ច្រើននោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានជំរុញឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។
* ជំរុញលើកទឹកចិត្តចលនាប្រលងប្រណាំងនានា ក្នុង នោះខិតខំរក្សាជ័យលាភីថ្នាក់ជាតិ និងអាស៊ាន ដែលខេត្តទទួលបានការជំរុញសកម្មភាពនៅតាមសហគមន៍ទេសចរណ៍មូលដ្ឋាន និងតាមរមណីយដ្ឋានទេសចរណ៍នានា ពិសេសសហគមន៍ទេសចរណ៍តាមដងទន្លេនៅឃុំជីវាំង។
* ការរៀបចំទីតាំងដែលត្រូវប្រារព្ធពិធី និងសម្រាប់រៀបចំព្រឹត្តិការណ៍នានាក្នុងក្រុងបាត់ដំបង។
* ការពន្លឿនការជួសជុលផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង និងការតុបតែងលម្អទីក្រុង។
* ការបំផុសចលនាប្រជាពលរដ្ឋទូទាំងខេត្តចូលរួមបុណ្យទន្លេ អនាម័យ បរិស្ថាន តុបតែងលម្អផ្ទះសំបែង ភូមិស្ថាន ដើម្បីជួយទទួលភ្ញៀវទេសចរ។
* ការពង្រឹងការរៀបរយសណ្តាប់ធ្នាប់ អនាម័យក្នុងទីក្រុង។
* អប់រំគ្រប់មូលដ្ឋានអាជីវកម្មកុំឱ្យមានការដំឡើងថ្លៃហួសហេតុ លើកកម្ពស់គុណភាពសេវាកម្ម។ល។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រីក៏បានជំរុញឱ្យមូលដ្ឋានអាជីវកម្មក្នុងខេត្ត ត្រូវកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយជំនួសមកវិញនូវការប្រើប្រាស់វត្ថុដែលផលិតពីរពាក់ ផ្ដៅ ឫស្សី ក្រដាសជាដើម ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងជំរុញការអនុវត្តស្ដង់ដា «ស្អាត និងបៃតង»។
ដោយសារពិភពលោកកំពុងមានការព្រួយបារម្ភពាក់ព័ន្ធនឹងការរាលដាលជំងឺកូរ៉ូណាវីរុស ចលនាភ្ញៀវទេសចរអន្តរជាតិអាចនឹងមានការថយចុះទូទាំងពិភពលោកផងដែរ ដូច្នេះហើយឯកឧត្តមរដ្ឋមន្ត្រីក៏បានកំណត់ទិសដៅរៀបចំពិធីបុណ្យទន្លេនេះឱ្យបានអធិកអធម ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តក្នុងពិធីបុណ្យឱ្យបានច្រើនកុះករ។
លោកណែនាំថា ទាំងអស់គ្នាទាំងទេសចរជាតិ និងអន្តរជាតិ ត្រូវអនុវត្តឱ្យបានមុឺងម៉ាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងសេក្តីអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការចូលរួមទប់ស្កាត់ប្រយុទ្ធប្រធាំងនឹងជំងឺផ្លូវដង្ហើមថ្មីនេះ៕