ឯកឧត្តមរដ្ឋមន្រ្តីទេសចរណ៍ និងឯកឧត្តមអភិបាលខេត្តកំពង់ធំ នាំសប្បុរសជនចុះចែកអំណោយជូនពលរដ្ឋ ៧៥០គ្រួសារនៅស្រុកស្ទោង
(កំពង់ធំ)៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានដឹកនាំមន្ត្រីរាជការ និងក្រុមសប្បុរសជនចុះចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ៧៥០ គ្រួសារមកពីឃុំចំនួន ៥ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ។
សកម្មភាពសប្បុរសធម៌នេះធ្វើឡើងនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការក្រុមសប្បុរសជនចំនួនបីក្រុមមកពីលោក សូ មែនឃីត (So Mankit) អនុប្រធាន និងជាអគ្គលេខាធិការងនៃសមាគមពាណិជ្ជកម្ម និងការបរទេសចិនហុងកុង និងម៉ាកាវប្រចាំកម្ពុជា និងជាតំណាងលោកឧកញ៉ា យុម ស៊ួយសាង (Yum Suisang) ប្រធានសមាគមពាណិជ្ជកម្មហុងកុងប្រចាំកម្ពុជា ព្រមទាំងលោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បាន
នាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ពិសេសក្នុងពេលទឹកជំនន់ រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់ការជួយសង្គ្រោះអាយុជីវីត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងបានចុះដោយផ្ទាល់នៅទីកន្លែងដែលរងគ្រោះ ដោយបានចែកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈចាំបាច់បានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាជនណាម្នាក់ ស្លាប់ដោយអត់អាហារឡើយ។ អាចនិយាយបានថា ទីណាមានការលំបាក ទីនោះមានរាជរដ្ឋាភិបាល មានសម្តេចតេជោនាយករដ្ឋមន្រ្តី មានគណបក្សប្រជាជនកម្ពុជា និងមានសប្បុរសជនទាំងក្នុង និងក្រៅប្រទេស នៅតាមជួយប្រជាពលរដ្ឋជានិច្ច។
ជាងនេះទៀត ក្រោយទឹកជំនន់ រាជរដ្ឋាភិបាលតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ បានចុះពិនិត្យ និងស្តារហេដ្ឋារចនាសម្ពន្ធដែលខូចខាតឡើងវិញ ដូចជាសាលារៀន វត្តអារាម មន្ទីរពេទ្យផ្លូវថ្នល់ ផ្លូវលំ ស្ពាន ទំបន់ ប្រឡាយទឹកជាដើម និងជំរុញវិស័យកសិកម្ម ការដាំដុះឡើងវិញដើម្បីជួយស្តារសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនឡើងវិញ តាមរយៈការចែកស្បែងអាហារ និងស្រូវពូជជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដើម្បបង្កបង្កើនផល និងដាំដុះឡើងវិញ។
សម្រាប់ខេត្តកំពង់ធំបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងជាង ៦,០០០ គ្រួសារ។ ចាប់តាំងពីទឹកជំនន់រហូតមកដល់បច្ចុប្បន្ននេះ គឺបានទទួលនូវព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះមហាក្សត្រ និងសម្ដេចម៉ែ អំណោយរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី អំណោយរបស់ព្រឹទ្ធសភា រដ្ឋសភា កាកបាទក្រហមកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងអំណោយរបស់សប្បុរសជននានា ដោយបានធ្វើការចែកជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ និងក្រីក្របានប្រមាណ ៦,០០០ គ្រួសាររួចមកហើយ។
ដោយសារកម្ពុជា ក៏ដូចជាពិភពលោកមិនទាន់រួចផុតពីវិបត្តិជំងឺកូវីដ-១៩ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ កងកម្លាំង មន្ត្រីរាជការ ត្រូវតែបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ចំពោះការបង្ការ ការពារ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺដ៏កាចសាហាវនេះ។
ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំរូបនេះ ក៏បានផ្ដាំផ្ញើដល់ប្រជាកសិករត្រូវត្រៀមខ្លួនក្នុងការបង្កបង្កើនផលនៅរដូវខាងមុខ ពិសេសត្រូវត្រៀមពូជស្រូវ និងពូជដំណាំផ្សេងទៀត ទប់ទឹកទុកសម្រាប់ប្រើប្រាស់ក្នុងការស្រោចស្រព និងត្រូវបង្កើនការចិញ្ចឹមសត្វយកសាច់ ដើម្បីផ្គត់ផ្គង់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
សូមជម្រាបថា អំណោយចែកជូនប្រជាពលរដ្ឋទាំង ៧៥០ គ្រួសារនាពេលនោះ រួមមានអង្ករ ១៨.៧៥ តោន មី ១,៥០០ កេស ទឹកបរិសុទ្ធ ៧៥០ កេស ត្រីខកំប៉ុង ៧៥០ យួរ ទឹកស៉ីអ៉ីវ ៧៥០ យួរ ថ្នាំពេទ្យ Tiffy ៣,៧៥០ បន្ទះ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥ គីឡូក្រាម មី ២ កេស ទឹកបរិសុទ្ធ ១ កេស ត្រីខកំប៉ុង ១ យួរ ទឹកស៉ីអ៉ីវ ១ យួរ ថ្នាំពេទ្យ Tiffy ៥ បន្ទះ៕