ឯកឧត្តម ចាង ស៊ុ អនុរដ្ឋមន្ត្រីចិន បានមកដល់កម្ពុជាហើយ ដើម្បីចូលរួមអបអរសាទរឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០១៩ នៅកម្ពុជា
ឯកឧត្តម ចាង ស៊ុ អនុរដ្ឋមន្ត្រីចិន បានមកដល់កម្ពុជាហើយ ដើម្បីចូលរួមអបអរសាទរឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០១៩ នៅកម្ពុជា
(ភ្នំពេញ)៖ ដើម្បីអបអរសាទរ «ឆ្នាំនៃវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ២០១៩» រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជូនគណៈប្រតិភូក្រសួងវប្បធម៌ និងទេសចរណ៍របស់ខ្លួន ដឹកនាំដោយឯកឧត្តម ចាង ស៊ុ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ រួមជាមួយបេសកជនចិន ប្រមាណ ២ពាន់នាក់ ឱ្យធ្វើដំណើរមកទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី០២-០៨ ខែមិថុនា ហើយបេសកជនជាច្រើន ក្នុងចំណោម២ពាន់នាក់នោះ បានធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប និងភ្នំពេញជាបណ្តើរៗហើយ។
ជាក់ស្តែង នាយប់ថ្ងៃទី០៤ ខែមិថុនានេះ គណៈប្រតិភូក្រសួងវប្បធម៌ និងទេសចរណ៍ចិន ដឹកនាំដោយឯកឧត្តម ចាង ស៊ុ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ ដោយមានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងទេសចរណ៍កម្ពុជា។
នៅរសៀលថ្ងៃទី០៥ ខែមិថុនា នេះ ឯកឧត្តម ចាង ស៊ុ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន នឹងជួបពិភាក្សាជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌ តំណាងលោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា នៅទីស្ដីការក្រសួងទេសចរណ៍។
ព្រមជាមួយគ្នានេះ នារសៀលថ្ងៃទី០៥ ខែមិថុនា នេះ ភាគីកម្ពុជា-ចិនក៏បាននាំមកនូវវេទិកា «Business Matching Between Tour Operators of Cambodia and China» ឬហៅថា វេទិកាផ្គូរផ្គង់ដៃគូធុរកិច្ចទេសចរណ៍រវាងក្រុមហ៊ុនការីទេសចរណ៍ចិន (អ្នកទិញ) ចំនួន៥០ក្រុមហ៊ុន ជាមួយក្រុមហ៊ុនការីទេសចរណ៍កម្ពុជា (អ្នកលក់) ចំនួន៥០ក្រុមហ៊ុន ផងដែរ។
ជាងនេះទៀត នៅល្ងាចថ្ងៃទី០៥ ខែមិថុនា ដដែល ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា សហការជាមួយភាគីចិន នឹងរៀបចំការសម្ដែងសិល្បៈរួមគ្នាកម្ពុជា-ចិន នៅសាលមហោស្រពកោះពេជ្រ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ បន្ទាប់មកនឹងមានពិធីលៀងសាយភោជន៍ ស្វាគមន៍ជូនបេសកជនចិនទាំងអស់ នាល្ងាចដដែលនោះផងដែរ។
គណៈប្រតិភូបេសកជនចិនទាំង ២,០០០នាក់ ដែលបានមកទស្សនាកម្ពុជា ដើម្បីស្វែងយល់អំពីឱកាសវិនិយោគក្នុងវិស័យទេសចរណ៍ និងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនចិន ក៏ដូចជាទាក់ទាញទេសចរចិនមកកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។
សូមជម្រាបថា «ឆ្នាំនៃវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន» នេះត្រូវបានផ្តួចផ្តើមឡើងដោយក្រសួងវប្បធម៌ និងទេសចរណ៍ចិន សហការជាមួយក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចកិច្ចសហប្រតិបត្តិការរួមគ្នាលើផ្នែកទេសចរណ៍ និងវប្បធម៌ រវាងប្រទេសទាំងពីរបន្ថែមទៀត មានដូចជាការជំរុញការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា ការបណ្ដុះបណ្ដាលធនធានមនុស្ស ការសម្ដែងសិល្បះរួមគ្នាជាដើម៕