ឯកឧត្តម ថោង ខុន៖ យើងស៊ូនឿយហត់ក្នុងការរក្សាសន្តិភាព ស្ថិរភាព ប្រសើរជាងនឿយហត់ក្នុងការធ្វើសង្គ្រាម

ឯកឧត្តម ថោង ខុន៖ យើងស៊ូនឿយហត់ក្នុងការរក្សាសន្តិភាព ស្ថិរភាព ប្រសើរជាងនឿយហត់ក្នុងការធ្វើសង្គ្រាម

(កំពង់ធំ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ បានអំពាវពាវសាជាថ្មីដល់ប្រជាពលរដ្ឋសូមបន្តចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថិរភាព ដែលមានស្រាប់នាពេលបច្ចុប្បន្ន ដោយលោកបានសង្កត់ធ្ងន់ថា យើងស៊ូនឿយហត់ក្នុងការគ្រប់គ្រងសន្តិសុខ ស្ថិរភាព ប្រសើរជាងនឿយហត់ក្នុងការធ្វើសង្គ្រាម។

ការលើកឡើងយ៉ាងដូច្នេះរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិគោកត្របែក ស្ថិតក្នុងឃុំស្រឡៅ ស្រុកតាំងគោក ក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងមន្ត្រីរាជការ និងក្រុមការងារចុះជួយមូលដ្ឋាន ដង្ហែទៀនវស្សាទៅប្រគេនព្រះសង្ឃនៅវត្តគោកត្របែក នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩។

ឯកឧត្តម ថោង ខុន បានលើកឡើងប្រាប់ប្រជាពលរដ្ឋថា ទម្រាំស្រោចស្រង់ប្រទេសជាតិបានដូចសព្វថ្ងៃ កម្ពុជាដ៏កម្សត់នេះឆ្លងកាត់បញ្ហាច្រើនណាស់ តាំងពីសម័យខ្មែរក្រហម ប៉ុល ពត មក គឺកម្ពុជាត្រូវប្រើពេលរាប់សិបឆ្នាំ ដើម្បីស្ដារប្រទេសឡើងវិញ។ ក្រោមមាគ៌ាដឹកនាំរបស់រាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រទេសដ៏កម្សត់មួយនេះបានត្រលប់មកវិញនូវសុខសន្តិភាព ស្ថិរភាពពេញលេញ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ប្រជាពលរដ្ឋក្នុងសម័យសន្តិភាពនេះ ក៏ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ជាមួយសម្ដេចតេជោ ហ៊ុន សែន ខិតខំថែរក្សាសន្តិភាពដែលមានស្រាប់នេះឱ្យនៅបន្តយូរអង្វែងទៅមុខ ពីព្រោះការថែរក្សាការពារសន្តិភាព គឺស្ថិតនៅលើប្រជាពលរដ្ឋទាំងអស់គ្នា។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានថ្លែងយ៉ាងដូច្នេះថា «យើងស៊ូហត់នឿយក្នុងការថែរក្សាសន្តិភាព ស្ថិរភាព ប្រសើរជាងហត់នឿយក្នុងការធ្វើសង្គ្រាម ត្រូវបន្តខិតខំសាមគ្គីគ្នា កុំឱ្យមានពួកជនអគតិមកបំផុសបំផុលបង្កើតឱ្យមានបដិវត្តពណ៌ក្នុងប្រទេសយើង ដែលនាំទៅដល់សង្គ្រាមវឹកវរដូចកាលពីអតីតកាល»។

ឯកឧត្តម ថោង ខុន បានលើកឡើងពីគំរូបដិវត្តពណ៌ ក៏ដូចជាវិបត្តិសង្គ្រាមនៅប្រទេសមួយចំនួន ដែលបាននាំប្រទេសទាំងនោះទៅដល់ភាពខ្ទេចខ្ទីគ្មានសល់ មានតែសោកនាដកម្ម ព្រាត់ប្រាស់រកក្ដីសុខសាន្តពុំបាន។

ប្រធានក្រុមការងារដ៏សកម្មរូបនេះបានបន្ថែមទៀតថា នាពេលខាងមុខ អាជ្ញាធរខេត្តកំពង់ធំ និងស្រុកតាំងគោក នឹងចុះចែកដីអាស្រ័យផលដល់ប្រជាពលរដ្ឋគ្រប់គ្នានៅភូមិគោកត្របែក ដែលមានប្រមាណ ១២០ក្បាលដី ប៉ុន្តែលោកបានសំណូមដល់ប្រជាពលរដ្ឋសូមទុកដីនោះសម្រាប់ប្រើប្រាស់ និងអាស្រ័យផលតកូនតចៅទៅមុខទៀត ដាច់ខាតកុំយកដីទាំងនោះទៅលក់បន្ត ហើយទាមទារស្នើសុំដីបន្ថែមពីអាជ្ញាធរ ដែលអាចនាំទៅដល់ការកើតមានបញ្ហាផ្សេងទៀត។

នៅចំពោះមុខប្រជាពលរដ្ឋ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានរំលឹកពីសមិទ្ធផលនានារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានកសាងជូនប្រជាពលរដ្ឋ និងព្រះសង្ឃនៅភូមិគោកត្របែក ក្នុងនោះមានមណ្ឌលសុខភាព ព្រះវិហារវត្តគោកត្របែក អណ្ដូងទឹក សាលាបឋមសិក្សា ដោយសម្ដេចទាំងទ្វេក៏បានអញ្ជើញចុះមកដល់ទីនេះដោយផ្ទាល់ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១១។ ចំណែកឯលោករដ្ឋមន្ត្រី និងក្រុមការងារចុះមូលដ្ឋាន ក៏បានជួយសាងសង់ប្រឡាយទឹកមួយខ្សែ និងបាននិងកំពុងបន្តកសាងផ្លូវលិចទឹកមួយខ្សែ ជូនប្រជាពលរដ្ឋនៅភូមិគោកត្របែកនេះ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន និងលោកស្រី ញឹក ស៊ីម ថោងខុន ព្រមទាំងមន្ត្រីរាជការ និងក្រុមការងារចុះជួយមូលដ្ឋានបាននាំមកនូវទៀនវស្សា ទេយ្យវត្ថុ ស្លាកដក បច្ច័យសម្រាប់កសាងសមិទ្ធផល បច្ច័យសម្រាប់ដាក់បិណ្ឌ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ២អង្គ (ក្នុងមួយអង្គចំនួន ១០ម៉ឺនរៀល)។ ក្រៅពីនេះ លោករដ្ឋមន្ត្រីក៏បានឧបត្ថម្ភថវិកាសម្រាប់ចាក់ដីបំពេញខឿនព្រះវិហារ ១០លានរៀលបន្ថែមទៀត និងបានជូនដល់ក្រុមគ្រូពេទ្យ និងគ្រូបង្រៀន ក្នុងម្នាក់ៗ៥ម៉ឺនរៀល ព្រមទាំងប្រជាពលរដ្ឋផងដែរ ដោយសរុបទាំងអស់ប្រមាណ ២០លានរៀល៕
 

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.