ឯកឧត្តម ថោង ខុន ប្រកាសសមាសភាពក្រុមការងារថ្នាក់ជាតិ នៅតាមក្រុង-ស្រុកទាំង៩ នៃខេត្តកំពង់ធំ និងណែនាំអនុសាសន៍មួយចំនួន
ឯកឧត្តម ថោង ខុន ប្រកាសសមាសភាពក្រុមការងារថ្នាក់ជាតិ នៅតាមក្រុង-ស្រុកទាំង៩ នៃខេត្តកំពង់ធំ និងណែនាំអនុសាសន៍មួយចំនួន
(កំពង់ធំ)៖ បន្ទាប់ពីរៀបចំចាត់តាំង សមាសភាពក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋាននៅតាមក្រុង-ស្រុកទាំង៩ នៃខេត្តកំពង់ធំរួចមក នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ សមាសភាពក្រុមការងារទាំងនោះ ត្រូវបានប្រកាសឡើងជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ធំ, ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ។
បន្ទាប់ពីឯកឧត្តម គង់ សូលីដា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងទេសចរណ៍ និងជាសមាជិកក្រុមការងារថ្នាក់ជាតិ ប្រកាសនាម និងតួនាទីសមាជិកក្រុមការងាររួចមក ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានណែនាំអនុសាសន៍មួយចំនួនទៀត ដើម្បីបន្តដំណើរការអនុវត្តការងារ របស់ក្រុមការងារថ្នាក់ជាតិ ឲ្យបានរលូន មានប្រសិទ្ធភាព និងនិរន្តរភាព ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រីបានណែនាំ ដល់ក្រុមការងារថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវខិតខំរួមគ្នាសម្រេចឲ្យបាននូវការងារសំខាន់ៗ ដូចខាងក្រោម៖
១៖ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានក្រុង-ស្រុកទាំង៩ ដែលទើបបានប្រកាសថ្មីៗនេះ ត្រូវចុះរៀបចំកិច្ចប្រជុំបន្ទាន់នៅមូលដ្ឋានក្រុង-ស្រុករបស់ខ្លូន ដើម្បីស្តាប់នូវរបាយការណ៍ និងការលើកឡើងអំពីក្តីកង្វល់បញ្ហាប្រឈម តម្រូវការចាំបាច់ និងសំណូមនានារបស់ប្រជាពលរដ្ឋមូលដ្ឋាន។
២៖ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង-ស្រុកនីមួយៗ ត្រូវរៀបចំបង្កើតជាលេខាធិការដ្ឋានមួយ ដើម្បីជាសេនាធិការជួយសម្របសម្រួលការងារទូទៅ និងធ្វើរបាយការណ៍លទ្ធផលជូនប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ។
៣៖ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង-ស្រុកនីមួយៗ ត្រូវរៀបចំសេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំ-សង្កាត់របស់ខ្លួន ឲ្យបានសមស្របទៅតាមរចនាសម្ព័ន្ធការងារ។
៤៖ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង-ស្រុកនីមួយៗ ត្រូវរៀបចំផែនការសកម្មភាព របៀបរបបការងារ និងការចុះរៀបចំវេទិកាសាធារណៈ នៅតាមមូលដ្ឋានឃុំ-សង្កាត់ឲ្យបានច្បាស់លាស់។
៥៖ បន្តជំរុញការពិនិត្យ និងដោះស្រាយនូវការងារចាំបាច់មួយចំនួនជាអាទិ៍ភាពមានដូចជា ការងារឆ្វៀលដីនៅតំបន់៣ តំបន់២ ដីតំបន់អភិរក្សសត្វខ្សឹប ការងារឆ្វៀលដីចេញពីសារពើភណ្ឌរបស់មន្ទីរ-អង្គភាពជូនប្រជាពលរដ្ឋ បញ្ហាដីប្រជាពលរដ្ឋរស់នៅតំបន់រណប នៃតំបន់ប្រាសាទសំបូរព្រៃគុក។
៦៖ បន្តខិតខំលើកកម្ពស់ការផ្តល់សេវាសាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវ មានតម្លាភាព និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ។
៧៖ បន្តពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម តាមរយៈការអនុវត្តគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព
៨៖ បន្តខិតខំពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសព្រៃឈើ បទល្មើសនេសាទ និងបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ។
៩៖ បន្តចុះពិនិត្យ និងដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរចាំបាច់នានារបស់ប្រជាពលរដ្ឋ តាមរយៈការជួបប្រាស័យទាក់ទងតាមសហគមន៍មូលដ្ឋាន និងការរៀបចំវេទិកាសាធារណៈនៅមូលដ្ឋាន។
១០៖ បន្តខិតខំលុបបំបាត់នូវអំពើអសកម្ម និងចំនុចខ្វះខាតនានាដែលប៉ះពាល់ដល់សតិអារម្មណ៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន។
១១៖ បន្តខិតខំធ្វើអំពើល្អបម្រើប្រជាពលរដ្ឋឱ្យអស់ពីចិត្តពីថ្លើម សំដៅបង្កើនភាពជឿជាក់ទុកចិត្ត និងកក់ក្តៅរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល៕