ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយក អភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ ដឹកនាំក្រុមការងារក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំក្រុមការងារមហាអនុតំបន់មេគង្គលើកទី៤៦
នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយក អភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ ដឹកនាំក្រុមការងារក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំក្រុមការងារមហាអនុតំបន់មេគង្គលើកទី៤៦ (46th GMS TWG) តាមរយៈវីដេអូខ័នហ្វ័ររេន ដែលក្នុងនោះប្រទេសឡវធ្វើជាម្ចាស់ផ្ទះ ព្រមទាំងមានការចូលរួមពីប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអ្នកជំនាញការសរុបចំនួនប្រមាណជាង៣០រូប ទទួលបាននូវលទ្ធផលដូចខាងក្រោម៖ ១. តំណាងប្រទសជាសមាជិកមហាអនុតំបន់មេគង្គ បានបង្ហាញពីស្ថានភាពទេសចរណ៍បច្ចុប្បន្នក្នុងបរិបទកូវីដ-១៩ និងកិច្ចពិភាក្សាទៅលើផែនការយុទ្ធសាស្រ្តនានា ដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញក្រោយវិបត្តិកូវីដ-១៩ ក្នុងនោះកម្ពុជា ក៏បានលើកឡើងអំពីគោលការណ៍ណែនាំស្តីពីអនាម័យ និងវិធានសុវត្ថិភាពនានា ដែលក្រសួងទេសចរណ៍ សហការជាមួយក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលនៃជម្ងឺឆ្លងកូវីដ-១៩ នៅតាមមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ និងគោលដៅទាក់ទាញទេសចរណ៍នានាក្នុងប្រទេសកម្ពុជា រួមជាមួយនឹងផែនទីចង្អុលផ្លូវ ដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញ ២០២០-២០២៥។
២. បានពិភាក្សាអំពីការជំរុញការផ្សព្វផ្សាយទេសចរណ៍មេគង្គ រវាងបណ្តាប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ តាមរយៈ Experience Mekong Collection និង Mekong Heroes លើគេហទំព័រ www.mekongtourism.org របស់ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO) និងការផ្តួចផ្តើមកម្មវិធីពាក់ព័ន្ធនឹងការស្តារវិស័យទេសចរណ៍ឡើងវិញ (Restart Tourism) ដោយមានការចូលរួមវិស័យសាធារណៈ វិស័យឯកជន និងដៃគូរអភិវឌ្ឍន៍នានា នៃក្រុមប្រឹក្សាទេសចរណ៍មេគង្គ (MeTAG)។
៣. តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងពីគាំទ្រដល់វិស័យទេសចរណ៍នៃមហាអនុតំបន់មេគង្គ និងគំនិតផ្តួចផ្តើមថ្មីៗពាក់ព័ន្ធនឹងផែនការយុទ្ធសាស្រ្តទេសចរណ៍ យុទ្ធនាការផ្សព្វផ្សាយតាមប្រព័ន្ធទំនាក់ទំនងសង្គម (Social Media Campaign) ដើម្បីគាំទ្រដល់ការស្តារវិស័យទេសចរណ៍ក្នុងមហាអនុតំបន់មេគង្គ ព្រមទាំងការ ពិនិត្យលើលទ្ធផលការងារ នៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងតំបន់ GMS រវាងប្រទេសកម្ពុជា និងប្រទេសឡាវ ដែលទទួលបានគម្រោងពីធនាគារអភិវឌ្ឍន៍អាស៊ី។
៤. បានពិភាក្សាលើបទបង្ហាញរបស់លោក Harry Hwang នាយកប្រចាំអាស៊ីប៉ាស៊ីហ្វិចនៃ UNWTO ស្តីពីការចូលរួមចំណែកចំពោះការបណ្តុះបណ្តាលធនធានមនុស្សក្នុងវ័យទេសចរណ៍ នៃប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ ការអភិវឌ្ឍន៍ជនបទ និងវិស័យទេសចរណ៍ និងការរៀបចំគោលការណ៍ណែនាំ ដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញ ។
៥. បានពិភាក្សាលើសំណើសុំផ្លាស់ប្តូរឈ្មោះ Mekong (M) ទៅ Lanchang (L) ពីភាគីចិន រវាងប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ ដូច្នេះ MTCO (Mekong Tourism Coordinating Office) នឹងត្រូវប្តូរទៅជា LMTO (Mekong Lanchang Tourism Office) ក្នុងកិច្ចពិភាក្សានេះ ប្រទេសជាសមាជិកទាំងអស់បន្តរង់ចាំពិភាក្សាបន្ថែម ទៀតក្នុងកិច្ចប្រជុំក្រុមការងារមហាអនុតំបន់មេគង្គលើកទី៤៧ នៅប្រទេសវៀតណាម ឆ្នាំ២០២១។