នាព្រឹកថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ មានកិច្ចប្រជុំពិភាក្សាការងាររវាង គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា និងក្រសួងទេសចរណ៍ ដើម្បីស្វែងយល់អំពី “ការវិវឌ្ឍន៍ បញ្ហាប្រឈម និងចក្ខុវិស័យនៃការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិក សមាជិកា មកពីគណៈកម្មការទាំង១០ នៃព្រឹទ្ធសភា
គណៈប្រតិភូក្រសួងទេសចរណ៍ ដឹកនាំដោយ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ដោយក្នុងកិច្ចប្រជុំការងារនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ប្រធានគណៈប្រតិភូ បានធ្វើការរាយការណ៍ពិស្តារជម្រាបជូនអង្គប្រជុំទាំងមូល អំពីសភាពការណ៍ទេសចរណ៍កម្ពុជាក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ និងចក្ខុវិស័យនៃការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។ លើលពីនេះទៀត ឯកឧត្តម អាំង សុវណ្ណរ័ត្ន អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានលេខាធិការដ្ឋាននៃក្រុមការងារ បានធ្វើបទបង្ហាញអំពីខ្លឹមសារសង្ខេបនៃផែនទីចង្អុលផ្លូវ ស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩, ផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង និងវិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ ជូនអង្គប្រជុំផងដែរ។
ជាលទ្ធផល អង្គប្រជុំ សមាជិក សមាជិកា នៃព្រឹទ្ធសភា បានសម្តែងការកោតសរសើរ និងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ពិសេសក្រសួងទេសចរណ៍ ក្នុងការគ្រប់គ្រងឥទ្ធិពលនៃវិបត្តិ ឈានទៅការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងបានផ្តល់អនុសាសន៍ល្អៗជាធាតុចូលបន្ថែមទៀត សម្រាប់ការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា។