ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ បានមានប្រសាសន៍ សង្កត់ធ្ងន់លើកត្តាសំខាន់នៃការជំរុញឧស្សាហកម្មទេសចរណ៍ ក៏ដូចជាការជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងដំណាក់កាលវិបត្តិកូវីដ១៩
ក្នុងកិច្ចប្រជុំរវាងគណៈកម្មការទី៧ នៃរដ្ឋសភា ជាមួយនឹងក្រសួងទេសចរណ៍កាលពីខែសីហា ឆ្នាំ២០២០ កន្លងទៅ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ បានមានប្រសាសន៍ សង្កត់ធ្ងន់លើកត្តាសំខាន់នៃការជំរុញឧស្សាហកម្មទេសចរណ៍ ក៏ដូចជាការជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងដំណាក់កាលវិបត្តិកូវីដ១៩ ដោយផ្តោតលើការកសាងនូវទំនុកចិត្តដល់ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងការពិនិត្យលទ្ធភាពបង្កើនសកម្មភាពទេសចរណ៍ក្នុងប្រទេសប្រកបដោយសុវត្ថិភាព និងស្តង់ដារការពារស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ ទន្ទឹមនោះ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យក្រសួងទេសចរណ៍បន្តការយកចិត្តទុកដាក់ខ្ពស់លើកិច្ចសហប្រតិបត្តិការជាមួយមិត្តអន្តរជាតិ ជាពិសេសប្រទេសក្នុងតំបន់អាស៊ាន ដើម្បីពិភាក្សា រួមគ្នាក្នុងការជំរុញចលនាទេសចរណ៍ក្នុងតំបន់ឱ្យដំណើរការវិញជាធម្មតាក្នុងដំណាក់កាលសមស្របណាមួយ។
ជាលទ្ធផលឆ្លើយតប ក្រសួងទេសចរណ៍ បានសម្រេចជាសមិទ្ធផលគួរឱ្យកត់សម្គាល់ រួមមានភាពសកម្មនៃការរៀបចំយន្តការពង្រឹងសេវាកម្មទេសចរណ៍ និងការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការជំរុញទេសចរណ៍ក្នុងស្រុកតាមបណ្តាខេត្ត។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏មានជាកិច្ចសហការយ៉ាងជិតស្និតជាមួយប្រទេសក្នុងតំបន់អាស៊ាន រហូតទទួលបានការគាំទ្រឱ្យប្រទេសកម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំវេទិកា ទេសចរណ៍អាស៊ានឆ្នាំ២០២២ នាខែមករា ឆ្នាំ២០២២ ខាងមុខ។
ឆ្លៀតក្នុងឱកាសនេះ គណៈកម្មការទី៧ សូមថ្លែងអំណរគុណថ្នាក់ដឹកនាំក្រសួង មន្ត្រី និងប្រតិបត្តិករក្នុងឧស្សាហកម្មទេសចរណ៍ទាំងអស់ចំពោះការសហការកន្លងមក ហើយក៏សូមលើកចិត្តចិត្តឱ្យទាំងអស់គ្នា បន្តកិច្ចខិតខំប្រែងក្នុងការបង្ហាញសក្តានុពលរបស់កម្ពុជាលើកិច្ចការស្តារវិស័យទេសចរណ៍ទាំងក្រុងប្រទេស និងការចូលរួមស្តារវិស័យទេសចរណ៍អាស៊ាន។