ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ ក្រុមប្រឹក្សាអភិវឌ្ឍពាណិជ្ជកម្មហុងកុង
ហុង កុង៖ តាមការអញ្ជើញរបស់ក្រុមប្រឹក្សាអភិវឌ្ឍពាណិជ្ជកម្មហុងកុង (HKDTC-Hong Kong Trade Development Council) ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចូលរួមក្នុងវេទិកាហិរញ្ញវត្ថុអាស៊ី (AFF-ASIAN Financial Forum) ដែលរៀបចំឡើងដោយតំបន់រដ្ឋបាលពិសេសហុងកុង (Hong Kong SAR of the PRC) កាលពីថ្ងៃទី១៤-១៥ ខែមករា ឆ្នាំ២០១៩ ដែលមានអ្នកចូលរួមប្រមាណ ៣០០០នាក់ មកពីជាង៤០ប្រទេស ដោយបានពិភាក្សាគ្នាក្រោមធានបទ ”បង្កើតអនាគតប្រកបដោយនិរន្តរភាព និងប្រកបដោយបរិយាប័ន្ន (Creating sustainable and inclusive future)” ដែលបានផ្តោតសំខាន់លើការរក្សាតុល្យភាពសេដ្ឋកិច្ចសកលលោក ក្នុងកាលៈទេសៈដែលមានភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្មរវាងចិន អាមេរិក បញ្ហាការចាកចេញពីសហគមន៍អឺរ៉ុបរបស់ចក្រភពអង់គ្លេស (Brexit) និងស្ថានភាពសេដ្ឋកិច្ចនៅអីរ៉ុប ។ល។
ដោយឡែក នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមជាអធិបតីជាមួយលោក Raymond YIP អនុប្រធានប្រត្តិបត្តិ HKTDC និងលោក ឧកញ៉ា Yum Sui Sang ប្រធានសមាគមធុរកិច្ចហុងកុងនៃកម្ពុជា (HK BAC - Hong Kong Business Association of Cambodia) ក្នុងវេទិកាស្តីពីឱកាសវិនិយោគទេសចរណ៍នៅកម្ពុជា ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការយ៉ាងជិតស្និទ្ធិជាមួយក្រុមប្រឹក្សាអភិវឌ្ឍពាណិជ្ជកម្មហុងកុង (Hong Kong Trade Development Council) និងសមាគមធុរកិច្ចហុងកុងសម្រាប់កម្ពុជា (Hong Kong Business Association of Cambodia) ដោយបានគូសបញ្ជាក់ថាកម្ពុជាមានគោលដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យបាន ៧ លាននាក់ នៅឆ្នាំ២០២០ ក្នុងនោះភ្ញៀវទេសចរចិនមកកម្ពុជានឹងកើនឡើងដល់ប្រមាណ ៣ លាននាក់។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់វិនិយោគិន និងប្រតិបត្តិករទេសចរណ៍បរទេសទាំងអស់ ក៏ដូចជាវិនិយោគិនចិន និងហុងកុង ឲ្យមកបណ្តាក់ទុនវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជាឲ្យកាន់តែច្រើនថែមទៀត ពិសេសលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដោយឈរលើគោលការណ៍ស្អាត បៃតង ការច្នៃប្រឌិត និងនិវានុវត្តន៍ក្នុងយុគ្គសម័យឌីជីថលណូបនីយកម្ម។
តាមរយៈការរៀបចំព្រឹត្តិការណ៍នេះ ដៃគូវិនិយោគក្នុងក្រុងហុងកុង បានបង្ហាញនូវការគាំទ្រ និងជឿជាក់លើការវិនិយោគលើគ្រប់វិស័យនៅកម្ពុជា ជាពិសេសវិស័យទេសចរណ៍ ដោយពួកគាត់បានសំដែងនូវឆន្ទៈពិតចេញពីបេះដូងលើស្ថានភាពរីកចំរើនរបស់កម្ពុជា សុខសន្តិភាព ស្ថិរភាពនយោបាយនៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងបានសន្យាជួយសិក្សាលទ្ធភាពរៀបចំគម្រោងវិនិយោគពាក់ព័ន្ធ ពិសេសលើគំរោងអភិវឌ្ឍន៏តំបន់ទេសចរណ៍ថ្មីៗ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុងទេសចរណ៍ឆ្លាតវៃ (Smart City, Smart Tourism)។
គួរកត់សម្គាល់ផងដែរថា កាលពីឆ្នាំ២០១៨កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរចិនប្រមាណ ១,៩ លាននាក់ ក្នុងកំណើនប្រមាណ ៧០% ក្នុងចំណោមទេសចរអន្តរជាតិសរុបប្រមាណ ៦,២ លាននាក់ ដែលបានមកទស្សនាកម្ពុជា។ តាមការព្យាករណ៍ កម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរចិនប្រមាណ ៣ លាននាក់ នៅឆ្នាំ២០២០ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិសរុបជាង ៧ លាននាក់។