២សប្ដាហ៍នេះភ្ញៀវទេសចរបន្តកើនឡើង ខណៈស្ដង់ដាពិសេសសម្រាប់អាជីវករទេសចរណ៍៥ប្រភេទ នឹងសម្រេចដាក់ចេញនៅចុងខែនេះ
(ភ្នំពេញ)៖ រយៈពេល២សប្ដាហ៍ដើមខែឧសភា ឆ្នាំ២០២០នេះ ចលនាទេសចរក្នុងស្រុកបានបន្តកើនឡើងបណ្ដើរៗវិញហើយ ជាក់ស្ដែងភ្ញៀវទេសចរប្រមាណជាង ២៥ ម៉ឺននាក់បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស ដែលមានការកើនឡើងជិត ៤៧% បើធៀបនឹងពីរសប្តាហ៍ចុងខែមុន។
បើតាមឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងថា «សម្រាប់រយៈពេលចាប់ពីថ្ងៃទី០៤
-១៧ ខែឧសភា ឆ្នាំ២០២០ ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស បានបន្តកើនឡើងគួរឲ្យកត់សម្គាល់ ដោយមានចំនួនសរុបប្រមាណ ២៥៦,៥៤១នាក់កើនឡើង ៤៦.៧៦ភាគរយធៀបនឹងពីរសប្តាហ៍នៃចុងខែមេសាកន្លងមក»។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ចំណោមភ្ញៀវទេសចរសរុបជាង ២៥ម៉ឺននាក់នោះ មានភ្ញៀវជាតិមានប្រមាណ ២៥៣,២៥៦ នាក់កើនឡើង ៤៦.៦៤ ភាគរយ និងភ្ញៀវបរទេសមានប្រមាណ ៤,២៨៥ នាក់កើនឡើង ៧.៤៧ ភាគរយ។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការកត់សម្គាល់ថា ប្រជាពលរដ្ឋ និងទេសចរបរទេសផ្ទៃក្នុង ភាគច្រើនបានធ្វើដំណើរទៅកាន់តំបន់អេកូទេសចរណ៍នាភូមិភាគឦសាន ភាគនិរតី និងតំបន់ឆ្នេរ ពិសេសខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ចំពោះមុខនៃការកើនឡើងចលនាទេសចរផ្ទៃក្នុងនេះក្រសួងទេសចរណ៍បានសហការជាមួយវិស័យឯកជនរៀបចំនូវវិធានការ (ស្ដង់ដាពិសេស) សម្រាប់សុវត្ថិភាពទេសចរណ៍ ក្នុងនោះរួមមានក្រមប្រត្តិបត្តិ គោលការណ៍ណែនាំចាំបាច់មួយចំនួនបន្ថែមពីលើវិធានការសុវត្ថិភាព និងអនាម័យដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ជាពិសេសការលក្ខខណ្ឌតម្រូវចាំបាច់មួយចំនួន ចំពោះបុគ្គលិក ភ្ញៀវទេសចរ និងដៃគូសហប្រតិបត្តិការតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន ដែលនឹងបញ្ចប់ក្នុងសប្តាហ៍ក្រោយនេះ៕