៣ថ្ងៃនៃបុណ្យអុំទូក កម្ពុជាទទួលបានភ្ញៀវទេសចរ២លាន៥សែននាក់
(ភ្នំពេញ)៖ នាឱកាសថ្ងៃឈប់រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ត្រូវនឹងថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប២,៥៧៨,៨៣៨នាក់ ក្នុងនោះភ្ញៀវជាតិ២,៥៤៥,១៦១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៣,៦៧៧នាក់។
ស្ថិតិប្រចាំថ្ងៃ រួមមាន៖
* ថ្ងៃទី១ទទួលបានភ្ញៀវសរុប៧៥៦,១៩០នាក់។
* ថ្ងៃទី២ទទួលបានភ្ញៀវសរុប១,០៦៦,១១៣នាក់។
* ថ្ងៃទី៣ទទួលបានភ្ញៀវសរុប៧៥៦,៥៣៥នាក់។
គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃនេះ រួមមាន៖
* ខេត្តកំពត ៥៨៨,៥០៦នាក់
* ខេត្តព្រះសីហនុ ៤៩៤,៩១៩នាក់
* ខេត្តសៀមរាប ៣០៩,៥០៣នាក់
* ខេត្តត្បូងឃ្មុំ ២៣៣,៩៩៥នាក់
* ខេត្តកំពង់ស្ពឺ ២៣៣,១៥៧នាក់
* រាជធានីភ្នំពេញ ១៦៦,០៨៦នាក់
* ខេត្តបាត់ដំបង ៩៨,៦៥៥នាក់
* ខេត្តកែប ៩១,៣០៤នាក់។
តួលេខខាងលើមានការកើនឡើង១៨៣.៣៤% បើធៀបនឹងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកកាលពីឆ្នាំ២០២១។
នាឱកាសថ្ងៃឈប់សម្រាកព្រះរាជ្យពិធីបុណ្យអុំទូកនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តត្បូងឃ្មុំបានរៀបចំពិធីបុណ្យអុំទូកក្នុងមូលដ្ឋានរបស់ខ្លួនដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើន ខណៈដែលបណ្តាខេត្តមួយចំនួនផ្សេងទៀតបានរៀបចំរួចហើយ។
ដោយឡែក បណ្តាខេត្តផ្សេងទៀតដែលមិនមានការរៀបចំពិធីបុណ្យអុំទូក រដ្ឋបាលខេត្តបានរៀបចំជាកម្មវិធីតាំងពិព័រណ៍ ការប្រគុំតន្រ្តី និងកម្មវិធីកម្សាន្តសប្បាយជាច្រើនទៀតផងដែរ។
គួរបញ្ជាក់ថា ចរាចរណ៍នៅតាមដងផ្លូវជាតិសំខាន់ៗ រួមទាំងផ្លូវល្បឿនលឿនទៅកាន់ខេត្តព្រះសីហនុ មានការមមាញឹកខ្លាំង និងមានការកកស្ទះដោយអន្លើៗនៅតាមទីតាំងមួយចំនួន។
បើតាមបណ្តាសណ្ឋាគារ ផ្ទះសំណាក់ និងសេវាស្នាក់នៅនានា ត្រូវបានភ្ញៀវស្នាក់នៅពេញស្ទើរ១០០% ស្របពេលដែលចរន្តភ្ញៀវទេសចរមានសភាពផុសផុលនៅគ្រប់គោលដៅទេសចរណ៍ទូទាំងប្រទេស។
រដ្ឋបាលរាជធានី-ខេត្ត គណៈបញ្ជាការឯកភាព និងមន្ទីរជំនាញបានចាត់តាំងកម្លាំងសម្រួលចរាចរណ៍ និងថែរក្សាសន្តិសុខ សណ្តាប់ធា្នប់នៅតាមទីប្រជុំជន និងគោលដៅទេសចរណ៍សំខាន់ៗ បើទោះបីអាកាសធាតុមានភ្លៀងធ្លាក់ដោយកន្លែងក៏ដោយ៕