ក្រសួងទេសចរណ៍រៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មការគ្រប់គ្រងគម្រោងបដិសណ្ឋារកិច្ចសម្រាប់កម្ពុជា ហូកា!

ក្រសួងទេសចរណ៍៖ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានដឹកនាំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មការគ្រប់គ្រងគម្រោងបដិសណ្ឋារកិច្ចសម្រាប់កម្ពុជា ហូកា (Hospitality for Kampuchea) តាមរយៈ Zoom Meeting ក្រោមកិច្ចសហប្រតិបត្តិការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញរបស់អង្គការ ស្វីស ខន់ថាក់ ដោយមានការចូលរួមពីសមាជិក សមាជិកា គណៈកម្មការ តំណាងមន្តីរទេសចរណ៍ សមាគមទេសចរណ៍ និងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សរុបចំនួន ២៥រូប។

គម្រោងបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ជំហ៊ានទី២ ឆ្នាំ២០២០-២០២៤ យកចិត្តទុកដាក់លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ក្រុមយុវជនងាយរងគ្រោះ ម្ចាស់អាជីវកម្មទេសចរណ៍ អាជីវកម្មខ្នាតតូច និងសហគមន៍អេកូទេសចរណ៍ នៅតាមបណ្តាខេត្តគោលដៅចំនួន ០៥រួមមាន៖ ក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី និងរតនគិរី ដោយមានទិសដៅចម្បងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនមូលដ្ឋានតាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ការពង្រឹងអាជីវកម្ម គុណភាពសេវាកម្មទេសចរណ៍ និងការកសាងវិថីអភិវឌ្ឍន៍ដល់អ្នកជំនាញទេសចរណ៍ដើម្បីឆ្ពោះទៅការសិក្សាពេញមួយជីវិត។

ក្រោយស្តាប់បទបង្ហាញរបស់មន្ទីរទេសចរណ៍ខេត្តទាំង ៥ លើការអនុវត្តគម្រោងបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា សម្រាប់ត្រីមាសទី ១ អង្គប្រជុំបានកោតសរសើរ និងវាយតម្លៃខ្ពស់លទ្ធផលដែលមន្ទីរទេសចរណ៍ខេត្តបានជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលតាមអនឡាញលើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ គេហកិច្ច និងការិយាល័យជួរមុខ និងបានផ្សព្វផ្សាយពីគោលបំណង និងគោលដៅរបស់គម្រោងបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា បានយ៉ាងល្អប្រសើរ និងបានឆ្លើយតបទៅនឹងសភាពការណ៍បច្ចុប្បន្នក្នុងដំណាក់កាលកូវីដ-១៩។ អង្គប្រជុំបានក៏បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរបស់អង្គការស្វីស ខន់ថាក់ និងមន្ទីរទេសចរណ៍ខេត្តគោលដៅ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានសហការគ្នាយ៉ាងស្អិតរមួត ក្នុងការអនុវត្តផែនការសកម្មភាពត្រីមាសទី១ និងបានដាក់ទិសដៅត្រីមាសទី ២ រួមមាន៖ ការបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោល ការបណ្តុះបណ្តាលពេញម៉ោង និងការបណ្តុះបណ្តាលខាងក្នុងនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ផ្ទាល់។

សូមរំលឹកផងដែរថា កន្លងមកតាមរយៈគម្រោងអភិវឌ្ឍន៍ជំនាញជំហ៊ានទី ១ ឆ្នាំ២០១៦-២០២០ ក្រសួងទេសចរណ៍បានធ្វើការយ៉ាងជិតស្និតជាមួយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) អង្គការស្វីសខន់ថាក់ និងមន្ទីរទេសចរណ៍ខេត្ត ដោយបានបណ្តុះបណ្តាលយុវជន យុវនារីលើជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចក្នុងកម្មវិធីសិក្សាពេញម៉ោងចំនួន ១៦០រូប (ស្រី៦០រូប) កម្មវិធីបណ្តុះបណ្តាលខាងក្នុងចំនួន ៣៨៩រូប (ស្រី២០០រូប) ប្រជាសហគមន៍ទេសចរណ៍ចំនួន ៤៨០រូប (ស្រី៣៤០រូប) បណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលចំនួន ៩១រូប និងបានវាយតម្លៃអ្នកជំនាញទេសចរណ៍តាមរយៈយន្តការវាយតម្លៃការសិក្សាពីមុន (RPL) ចំនួន ១.១៦៧រូប (ស្រី ៥៦១រូប)។
 

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.