ក្រោមកិច្ចសហការរវាងទីភ្នាក់ងារអភិវឌ្ឍបារាំង AFD និងអង្គការអភិវឌ្ឍឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ UNIDO
ក្រោមកិច្ចសហការរវាងទីភ្នាក់ងារអភិវឌ្ឍបារាំង AFD និងអង្គការអភិវឌ្ឍឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ UNIDO ក្រសួងទេសចរណ៏ និងគណៈកម្មាធិការជាតិវាយតំលៃទីក្រុងស្អាត រៀបចំសិក្ខាសាលាស្តីពីខ្សែសង្វាក់តម្លៃផលិតកម្ម និងការបង្កើនការប្រើប្រាស់ផលិតផលក្នុងស្រុកក្នុងវិសយ័ទេសចរណ៍នៅសណ្ឋារគារហ្គ្រីនភែលេសថ្ងៃទី២៨ខែមីនាឆ្នាំ២០១៩។
ក្នុងឱកាសនៃអង្គសិក្ខាសាលា ដើម្បីលើកស្ទួយ “វិស័យទេសចរណ៍ជាការនាំចេញនៅនឹងកន្លែង” ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ឯឧ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៏ បានដាក់ចេញនូវអនុសាសន៍គន្លឹះមួយចំនួន ដូចខាងក្រោម៖
ទី១.) ការជំរុញការប្រើប្រាស់ផលិតផលកសិកម្មក្នុងស្រុកនៅក្នុងឧស្សាហកម្មទេសចរណ៍
បញ្ហាចំបងគឺការមិនទាន់ឯកភាពគ្នារវាងផ្នែកផ្គត់ផ្គង់ (Supply) និងផ្នែកតម្រូវការ (Demand) ដោយខាងផ្នែកតម្រូវការចង់ឲ្យមានការធានាការផ្គត់ផ្គង់ឲ្យបានទាន់ពេលវេលា ធានាបរិមាណ និងគុណភាព និងធានាស្ថិរភាពនៃតម្លៃផងដែរ រីឯខាងផ្គត់ផ្គង់ដែលជាប្រជាកសិករ ឬផលិតករក្នុងស្រុកចង់បានការធានាការទទួលទិញពីផ្នែកតម្រូវការផងដែរ ដែលនឹងអាចឲ្យពួកគាត់មានលទ្ធភាពបង្កើនផលិតភាព និងគុណភាពផលិតផលខ្មែរ។
គួរមានការជម្រុញបង្កើតតំបន់កសិ-ឧស្សាហកម្មកែច្នៃឲ្យបានច្រើន ដែលនឹងឤចជួយដោះស្រាយបញ្ហាទីផ្សារកសិករ និងការបើកច្រកពង្រីកយន្តការអនុវត្ត “ផលិតកម្មកសិកម្មតាមកិច្ចសន្យា”(Contract Farming) ដែលគំរូអនុវត្តនៃកសិកម្មតាមកិច្ចសន្យា អាចត្រូវបានប្រើប្រាស់ដោយតម្រូវឲ្យមានកិច្ចសន្យាផ្គត់ផ្គង់រវាងភាគីទាំង២ ទាំងផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ។ ជាមួយគ្នានេះ ការរៀបចំចងក្រងប្រមូលផ្តុំជាសហករណ៍កសិកម្ម (agricultural cooperatives) ក៏មានសារៈសំខាន់ក្នុងការបង្កើនសម្លេង ទុនផលិត និងលទ្ធភាពរបស់កសិករក្នុងការផលិត និងការចរចារជាមួយផ្នែកតម្រូវការ។
លើសពីនេះទៀត គួរមានការបង្កើតជា “អន្តរការី” (Intermediary) ដែលអាចដើរតួជាទីផ្សារចែកចាយលក់ដុំកសិផល (wholesale) ដើរតួជាអ្នកផ្គូរផ្គងភ្ជាប់ទំនាក់ ទំនងរវាងផ្នែកតម្រូវការដែលជាទូទៅមានការរារែកក្នុងការចុះកិច្ចសន្យាជាមួយកសិករ/ផលិតករ និងផ្នែកផ្គត់ផ្គង់ដែលជាទូទៅមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការផ្គត់ផ្គង់តាមតម្រូវការ។ អន្តរការី ដែលមានការត្រួតពិនិត្យ និងទទួលស្គាល់ច្បាស់លាស់ពីក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម នឹងជួយដោះស្រាយបញ្ហាទាំងនេះដោយធ្វើជាអ្នកធានាចំពោះភាគីទាំងសងខាង។
ទី២.) ការជំរុញការប្រើប្រាស់វត្ថុអនុស្សាវរីយិ៍ វត្ថុសិប្បកម្ម និងរបស់របរប្រើប្រាស់ផលិតក្នុងស្រុក នៅក្នុងឧស្សាហកម្មទេសចរណ៍
ចំពោះចំនុចនេះ កត្តាសំខាន់គឺការធានាគុណភាព និងភាពទាក់ទាញតាមរយៈការវេចខ្ចប់។ ដើម្បីជំរុញការប្រើប្រាស់ និងការទិញវត្ថុអនុស្សាវរីយិ៍ វត្ថុសិប្បកម្ម និងរបស់របរប្រើប្រាស់ផ្សេងៗ ពីសំណាក់សណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋាន និងភ្ញៀវទេសចរផ្ទាល់ គួរមានការរៀបចំជាកន្លែងទទួលទិញពីសិប្បករ/ផលិតករតូចៗ ដោយមានការបញ្ជាក់គុណភាពច្បាស់លាស់ និងការធ្វើ branding ប្រកបដោយភាពទាក់ទាញ។ ការចងក្រងជាសមាគមសិប្បករ/ផលិតករក្នុងស្រុកតាមប្រភេទផលិតផលនីមួយៗ និងការបង្កើតជាអន្តរការី ក៏គួរត្រូវបានលើកទឹកចិត្តផងដែរ។
ទី៣.) យន្តការអនុវត្ត និងទ្រទ្រង់
- គួរមានយន្តការរួមកម្រិតអន្តរក្រសួង-ស្ថាប័ន និងរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការជំរុញការផលិត និងការប្រើប្រាស់ផលិតផលខ្មែរនៅក្នុងវិស័យទេសចរណ៍ ហើយអាចស្វែងរកកិច្ចសហការជាមួយដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ។
- ជម្រុញការរៀបចំខ្សែក្រវ៉ាត់បៃតង នៅជុំវិញតំបន់គោលដៅទេសចរណ៍ និងទីក្រុងទេសចរណ៍សំខាន់ៗ តាមរយៈការដាំដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម ការជម្រុញសកម្មភាពសិប្បកម្ម និងសហគ្រាសធុនតូច និងមធ្យម។
- ជម្រុញបង្កើតអន្តរការី ដែលដើរតួជាអ្នកសម្របសម្រួលភ្ជាប់ទំនាក់ទំនងរវាងផ្នែកផ្គត់ផ្គង់/ផលិត និងផ្នែកតម្រូវការ/ចែកចាយ ដោយអន្តរការីជាអ្នកធានាប្រភពទុន និងជំនួយបច្ចេកទេសចាំបាច់ដល់ផ្នែកផ្គត់ផ្គង់/ផ្នែកផលិត ហើយនិងធានាការផ្គត់ផ្គង់ទាន់ពេលវេលា តាមបរិមាណ គុណភាព និងតម្លៃសម្រាប់ផ្នែកតម្រូវការ/ផ្នែកចែកចាយ។